ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤

តៃវ៉ាន់ប្រាប់ថាយន្តហោះចម្បាំងចិនក្នុងសមយុទ្ធយោធាមានចំនួនច្រើន

 

 

ក្រសួងការពារជាតិកោះតៃវ៉ាន់ នៅថ្ងៃអង្គារ (១៥តុលា) បានលម្អិតពីការកើនឡើងនៃសកម្មភាពយន្តហោះចម្បាំងរបស់ប្រទេសចិន នៅ ជុំវិញដែនកោះតៃវ៉ាន់អំឡុងពេលសមយុទ្ធយោធានៅថ្ងៃច័ន្ទ ដោយនិយាយថា យន្តហោះយោធារបស់ប្រទេសចិន មានចំនួន១៥៣គ្រឿង។

 

ប្រទេសចិន បានធ្វើសមយុទ្ធយោធារយៈពេល១ថ្ងៃ នៅថ្ងៃច័ន្ទ ជាសញ្ញាព្រមានចំពោះ សកម្មភាព ផ្តាច់ខ្លួនរបស់កងកម្លាំងឯករាជ្យកោះតៃវ៉ាន់ ក្រោយសន្ទរកថាថ្នាក់ជាតិកាលពីសប្តាហ៍មុនរបស់លោក Lai Ching-teប្រធានាធិបតីកោះតៃវ៉ាន់។ 

 

ក្រសួងការពារជាតិកោះតៃវ៉ាន់ បានប្រកាសថា យន្តហោះយោធាចិនមានចំនួន១៥៣គ្រឿង ជាតួលេខថ្មីមួយដែលកោះតៃវ៉ាន់បានប្រកាសជាថ្មីពីតួលេខចាស់កាលពីល្ងាចថ្ងៃច័ន្ទមាន១២៥គ្រឿង។ តួលេខយន្តហោះ១២៥គ្រឿងនេះ បានបញ្ជាក់ពីចំនួនខ្ពស់បំផុតរួចជាស្រេចទៅហើយ សម្រាប់រយៈពេល១ថ្ងៃ។

 

ក្រសួងការពារជាតិកោះតៃវ៉ាន់ បន្តឱ្យដឹងថា នៅក្នុងសមយុទ្ធរបស់ប្រទេសចិនជុំវិញកោះតៃវ៉ាន់នៅថ្ងៃច័ន្ទ ក្រៅពីយន្តហោះចម្បាំង មាន នាវាយោធាជើងទឹកចិន១៤គ្រឿង និងមាន១២គ្រឿងជានាវាផ្លូវការចិន ដែលមានជានាវាឆ្មាំល្បាតឆ្នេរ និងនាវាផ្សេងៗទៀតសម្រាប់កងទ័ព។ 

 

លោក Cho Jung-tai នាយករដ្ឋមន្ត្រីកោះតៃវ៉ាន់ ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងទីក្រុងតៃប៉ិថា សមយុទ្ធមិនមែនត្រឹមតែជាបញ្ហាកោះតៃវ៉ាន់នោះឡើយ ប៉ុន្តែក៏បានប៉ះពាល់ខ្លាំងចំពោះសិទ្ធិនាវាចរអន្តរជាតិទាំងមូលនិងលំហអាកាស ដូចនេះ ក៏មានប្រទេសជាច្រើនចាប់អារម្មណ៍។

 

រដ្ឋាភិបាលកោះតៃវ៉ាន់បដិសេធ ការអះអាងរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងដែលថា តៃវ៉ាន់ជាទឹកដីរបស់ប្រទេសចិន ។ ផ្ទុយមកវិញតៃវ៉ាន់លើកឡើងថា មានតែប្រជាជនកោះតៃវ៉ាន់ប៉ុណ្ណោះជាអ្នកសម្រេចពីអនាគតរបស់ពួកគេ។ 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024