ថ្ងៃសៅរ៍ ទី០៥ ខែកក្កដា ឆ្នាំ២០២៥

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការកសាងធនធានមនុស្ស និងការវិនិយោគលើវិស័យអប់រំ ជាការពង្រឹងភាពធន់នៃកិច្ចអភិវឌ្ឍន៍របស់កម្ពុជា

២៧ កញ្ញា ២០២៤ | សេដ្ឋកិច្ច

 រាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ឲ្យដឹងថា ការកសាងធនធានមនុស្ស ជាការពង្រឹងភាពធន់នៃកិច្ចអភិវឌ្ឍន៍របស់កម្ពុជា រីឯការវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគលើអនាគតប្រទេសជាតិ។ការថ្លែងបែបនេះ របស់សម្តចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឡើងនៅក្នុងឱកាស ដែលសម្តេចបានអញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។

 


នៅក្នុងឱកាសនោះ សម្តចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា បើកម្ពុជា មិនមានធនធានមនុស្សដែលទទួលបានការបណ្តុះបណ្តាលពោលពេញដោយសមត្ថភាពនោះទេ ច្បាស់ណាស់កិច្ចងារផ្សេងៗ នឹងធ្វើមិនបាននោះទេ។ ឯករាជ្យភាព បានផ្តល់ឱ្យកម្ពុជា អាចធ្វើជាម្ចាស់ការ តាមរយៈការវិនិយោគលើវិស័យអប់រំ ហើយទៅមុខកម្ពុជា កាន់តែខ្លាំង និងកាន់តែលឿន។ ការយកចិត្តទុកដាក់ និងវិនិយោគលើការអប់រំ ដើម្បីឆ្លើយតបទៅ នឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាប្រទេសជាតិ ដែលចង់បានមនុស្សមានសមត្ថភាព ហើយការវិនិយោគលើការអប់រំ គឺជួយឱ្យពលរដ្ឋរស់ដោយខ្លួនឯង ប្រកបដោយចីរភាព។ 

 


បន្ថែមពីលើនេះ សម្រាប់កម្ពុជា ក៏មិនដែលទម្លាក់ដៃចុះក្នុងការអភិវឌ្ឍវិស័យអប់រំទៅលើការបណ្ដុះបណ្ដាលនោះដែរ ពោលគឺ រាជរដ្ឋាភិបាលបានធ្វើកិច្ចការងារជាច្រើន សម្រាប់ផ្ដល់ការអប់រំ ការបណ្ដុះបណ្ដាល ដល់ប្រជាពលរដ្ឋ ការពង្រឹងវិស័យសិក្សា ចាប់ពីថ្នាកបឋមសិក្សា រហូតដល់ឧត្តមសិក្សា។ ក្រៅពីនេះ រាជរដ្ឋាភិបាលក៏បានបើកឱកាសឱ្យផ្នែកឯកជន ចូលរួមវិនិយោគលើវិស័យអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីរួមចំណែកក្នុងការកសាងធនធានមនុស្សក្នុងប្រទេសឱ្យបានកាន់តែច្រើន ដែលជាអាទិភាពចម្បងបំផុតក្នុងការអភិវឌ្ឍប្រទេសជាតិ។

 


សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា នៅក្នុងដំណាក់កាលពិភពលោកទាំងមូលជួប នឹងការលំបាកជាច្រើន បានធ្វើឱ្យវិស័យជាច្រើន រងផលប៉ះពាល់ ប៉ុន្តែមានវិស័យផ្សេងៗទៀត បាននឹងកំពុងរីកលូតលាស់ជាខ្លាំង ដូច្នេះ ការកសាងធនធានមនុស្ស នៅក្នុងស្រុក ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។

 

 

ទន្ទឹមនឹងនេះ ការកសាងធនធានមនុស្សរបស់កម្ពុជា គឺជាមូលដ្ឋានដែលអាចឱ្យកម្ពុជា មានសមត្ថភាពប្រកួតប្រជែង បត់បែនអាចសម្របខ្លួន ចាប់យកឱកាសថ្មីៗ ហើយក៏ជាមូលដ្ឋានជួយឱ្យប្រទេសកម្ពុជា អាចមានភាពធន់ ភាពប្រកួតប្រជែង ជាមួយបរទេសនៅលើពិភពលោក ដើម្បីភាពរីកចម្រើន។ 

 


គួរជម្រាបថា ការវិនិយោគ លើវិស័យអប់រំ គឺជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល គ្រប់អាណត្តិ និងបន្តមករាជរដ្ឋាភិបាលអាណត្តិទី៧ ត្រូវតែខិតខំបន្ត វិនិយោគធំទៅលើវិស័យអប់រំនៅកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីកសាងធនធានមនុស្សប្រកបដោយថាមពល និងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេជាតិ ជាមួយរាជរដ្ឋាភិបាល សំដៅបោះពួយទៅរកការរីកចម្រើនលើគ្រប់វិស័យ៕
 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025