ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤

សហរដ្ឋអាមេរិក និងកម្ពុជា សម្រេចទំហំពាណិជ្ជកម្មទ្វេភាគីជិត ៧ពាន់លានដុល្លារ ក្នុងរយៈពេល ៨ខែ

១២ កញ្ញា ២០២៤ | សេដ្ឋកិច្ច

 

គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២៤ សហរដ្ឋអាមេរិក និងកម្ពុជា សម្រេចទំហំពាណិជ្ជកម្មទ្វេភាគីដល់ជិត ៧ពាន់លានដុល្លារអាមេរិក កើនឡើង ១០% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ហើយអាមេរិក នៅតែជាទីផ្សារនាំចេញធំជាងគេបង្អស់របស់កម្ពុជា។ នេះបើយោងតាមទិន្នន័យផ្លូវការពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

 

 

រយៈពេល ៨ខែ ដើមឆ្នាំនេះ កម្ពុជា បាននាំចេញទំនិញទៅកាន់ ទីផ្សារអាមេរិកជាង ៦ពាន់ ៧រយលានដុល្លារអាមេរិក ក៏បាននាំចូលពីអាមេរិក មកវិញប្រមាណ ១៧៣លានដុល្លារអាមេរិក មានន័យថា កម្ពុជា សម្រេចនូវអតិរេកពាណិជ្ជកម្មជាង ៦ពាន់ ៥រយលានដុល្លារអាមេរិក។

 


អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា បើគិតពី ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ ស្មើនឹង ១៩% នៃទំហំពាណិជ្ជកម្មសរុប ដោយឈរនៅលំដាប់លេខ ២ ខណៈ ប្រទេសកម្ពុជា នាំចេញផលិតផលភាគច្រើនគឺជា ផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង កាបូបសម្រាប់ធ្វើដំណើរ និងផលិតផលកសិកម្ម និងបាននាំចូលពី សហរដ្ឋអាមេរិក មកវិញ មានដូចជា រថយន្ត គ្រឿងអេឡិចត្រូនិក ឱសថ និងបរិក្ខាពេទ្យជាដើម។

 


ដោយឡែក ពាណិជ្ជកម្មទ្វេភាគីរបស់កម្ពុជា ជាមួយប្រទេសចិន ឈរនៅលំដាប់ទី ១ មានទំហំទឹកប្រាក់ ១០ពាន់លានដុល្លារអាមេរិក ដោយកម្ពុជា នាំចេញជាង ១ពាន់លានដុល្លារ និងនាំចូលពីចិនមកវិញជិត ៩ពាន់លានដុល្លារអាមេរិក។

 


ស្របគ្នានេះ ពាណិជ្ជកម្មជាមួយប្រទេសវៀតណាម ឈរនៅលេខរៀងទី ៣ ដែលសម្រេចបាននូវទំហំពាណិជ្ជកម្មប្រមាណ ៥ពាន់ ២រយលានដុល្លារអាមេរិក ដោយកម្ពុជា នាំចេញទៅកាន់វៀតណាម ២ពាន់ ៤រយលានដុល្លារអាមេរិក និងនាំចូលមកវិញ ២ពាន់ ៧រយលានដុល្លារអាមេរិក។

 


ជាមួយគ្នានេះ មុខទំនិញសំខាន់ៗ ដែលកម្ពុជា នាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមមាន ផលិតផលវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ផលិតផលកសិកម្ម គ្រឿងអេឡិចត្រូនិក ឧបករណ៍អគ្គិសនី និងផលិតផលកង់ជាដើម។គួរជម្រាបថា រយៈពេល ៨ខែ ដើមឆ្នាំ ២០២៤នេះ ប្រទេសកម្ពុជា សម្រេចបាននូវទំហំពាណិជ្ជកម្មជាង ៣៦ពាន់លានដុល្លារអាមេរិក មានការកើនឡើង ១៦% បើប្រៀបធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024