ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលបលីស្ទីករយៈចម្ងាយខ្លីជាច្រើនគ្រាប់ នៅជិតឆ្នេរភាគខាងកើតរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍(១២កញ្ញា)។ នេះជាការបាញ់មីស៊ីលលើកដំបូងរបស់ប្រទេសកូរ៉េខាងជើង ក្នុងរយៈពេលជាង២ខែ។ យោងយោធាប្រទេសកូរ៉េខាងត្បូង។
ឆ្មាំល្បាតឆ្នេរប្រទេសជប៉ុន ឱ្យដឹងថា គ្រាប់ផ្លោងដែលគេជឿថាជាមីស៊ីលបលីស្ទីកបាញ់ចេញពីប្រទេសកូរ៉េខាងជើងបានធ្លាក់ចុះរួចហើយ។
មិនមានការរាយការណ៍ណាមួយពីការខូចខាត ដោយសារគ្រាប់មីស៊ីលឡើយ។ យោងទីភ្នាក់ងារសារព័ត៌មានជប៉ុនKyodo ដកស្រង់ប្រភពរដ្ឋាភិបាលជប៉ុន។
ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលកាលពីលើកមុននៅថ្ងៃ១កក្កដា និងបានអះអាងថា ជាការតេស្តមីស៊ីលដ៏ជោគជ័យដែលអាចបំពាក់ក្បាលគ្រាប់ប្រហែល៤ , ៥ តោន។
ប្រទេសឯកោកូរ៉េខាងជើង បានបញ្ជូនបាឡុងសំរាមឆ្លងព្រំដែនចូលប្រទេសកូរ៉េខាងត្បូងកាលពីប៉ុន្មានថ្ងៃកន្លងទៅ។ យុទ្ធនាការនេះ ចាប់ផ្តើមធ្វើឡើងនៅខែឧសភា ជាការឆ្លើយតបទៅនឹងខិតប័ណ្ណប្រឆាំងរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងដែលបង្ហោះចូលប្រទេសកូរ៉េខាងជើងពីសំណាក់សកម្មជនកូរ៉េខាងត្បូង។
ប្រែសម្រួល៖ណាវ័ន្ត