ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤

ក្រុមអ្នកដើរព្រៃកម្ពុជា រៀបចំព្រឹត្តិការណ៍កីឡា ដើម្បីទេសចរណ៍ នៅទឹកធ្លាក់ស្រែអំពិល មានអ្នកចូលរួមជាង ១០០នាក់ 

១០ កញ្ញា ២០២៤ | ព័ត៌មានជាតិ


ក្រុមអ្នកដើរព្រៃកម្ពុជា រៀបចំព្រឹត្តិការណ៍កីឡារត់ឡើងភ្នំ កាលពីថ្ងៃទី៧ និងថ្ងៃទី៨ ខែកញ្ញាកន្លងទៅនេះ នៅទឹកធ្លាក់ស្រែអំពិល ដែលស្ថិតនៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ព្រឹត្តិការណ៍នេះ មានអ្នកចូលរួមជាង ១០០នាក់ និងមានអ្នកចូលរួមប្រកូតកីឡារត់ឡើងភ្នំជាង ៨០នាក់ផងដែរ។ ក្រុមអ្នកដើរព្រៃកម្ពុជា CAT បានរៀបចំព្រឹត្តិការណ៍កីឡាដើម្បីទេសចរណ៍ នៅក្នុងតំបន់ការពារធម្មជាតិទឹកធ្លាក់ស្រែអំពិល ស្ថិតនៅភូមក្តុល ឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៧-៨ ខែកញ្ញា។

 

 

ព្រឹត្តិការណ៍នេះ មានអ្នកចូលរួមជាង ១០០នាក់ ដែលសុទ្ធសឹងតែជាយុវជន និងអ្នកចូលចិត្តដើរព្រៃបោះតង់ជាដើម។ ក្នុងចំណោមអ្នកចូលរួមជាង ១០០នាក់នេះ ក៏មានអ្នកចូលរួមជាង ៨០នាក់ផងដែរ ដែលបានចូលរួមប្រកួតកីឡារត់ឡើងភ្នំ ដែលរៀបចំដោយក្រុមអ្នកដើរព្រៃកម្ពុជា ឬហៅកាត់ថា CAT។ ការប្រកួតកីឡាឡើងភ្នំនេះ ត្រូវបានរៀបចំឡើងដោយ អ្នកចូលរួមត្រូវស្ពាយឥវ៉ាន់ដែលមានទំងន់ ១០គីឡូ សម្រាប់បុរស និង ៥គីឡូក្រាមសម្រាប់នារី រត់ឡើងភ្នំដែលមានចម្ងាយ ៧គីឡូម៉ែត្រ។ 

 

 

លោក យ៊ា បេនយ៉ាមីន ប្រធានក្រុមអ្នកដើរព្រៃកម្ពុជា បានលើកឡើងថា ព្រឹត្តិការណ៍កីឡាដើម្បីទេសចរណ៍នេះ ត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់ខេត្តកំពង់ឆ្នាំង ជាពិសេសកន្លែងទេសចរណ៍ក្នុងតំបន់ការពារធម្មជាតិទឹកធ្លាក់ស្រែអំពិល ព្រមទាំងរំលេចពីប្រភេទកីឡារត់ឡើងភ្នំឱ្យគេបានស្គាល់កាន់តែច្រើនផងដែរ។ 

 


ជាមួយគ្នានេះ លោក រឿន រដ្ឋា ជាម្ចាស់ជ័យលាភីលេខ១ផ្នែកបុរស បានឱ្យដឹងថា ខ្លួនធ្វើដំណើរពីខេត្តមណ្ឌលគិរី ដើម្បីមកចូលរួមប្រកួតកីឡារត់ឡើងភ្នំនេះ។ ការប្រកួតនេះ គឺជាលើកទី១របស់លោករដ្ឋា  ប៉ុន្តែលោកអាចធ្វើបានជាម្ចាស់ជ័យលាភីលេខ១ ក្នុងការប្រកួតដែលចំណាយពេលត្រឹមតែជាង ៣០នាទីប៉ុណ្ណោះ។ 

 


ចំណែកកញ្ញា ថាច់ ធីឌឿក ជាម្ចាស់ជ័យលាភីលេខ១ ផ្នែកនារី និងបច្ចុប្បន្នជាកីឡាការិនីជម្រើសជាតិតៃខ្វាន់ដូមួយរូប ក៏បានលើកទឹកចិត្តអ្នកដែលចូលចិត្តប្រភេទកីឡារត់ទាំងអស់ ឱ្យចូលរួមក្នុងព្រឹត្តិការណ៍កីឡានេះ ដើម្បីលើកស្ទួយប្រភេទកីឡារត់ឡើងភ្នំឱ្យបានកាន់តែប្រសើរ។ 
 


សូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍កីឡា ដើម្បីទេសចរណ៍ ដែលរៀបចំឡើងដោយក្រុមអ្នកដើរព្រៃនេះ  មានការសហការជាមួយក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងក្រសួង ស្ថាប័នពាក់ពាក់ព័ន្ធ រដ្ឋបាលខេត្តកំពង់ឆ្នាំង អាជ្ញាធរមូលដ្ឋាន និងមានការចូលរួមពីកីឡាករ កីឡាការិនី រួមជាមួយ អ្នកទេសចរណ៍ ក្នុងស្រុក និងក្រៅស្រុកជាច្រើនរូប។

 

 

កម្មវិធីនេះក៏មានការជួបជុំចែករំលែកបទពិសោធន៍ ភ្លើងគប់ បោះតង់ មើលទេសភាពធម្មជាតិ សត្វព្រៃ និងការរត់ប្រណាំងឡើងភ្នំជាដើម។ ក្រៅពីការលើកកម្ពស់កីឡា និងទេសចរណ៍ ព្រឹត្តិការណ៍នេះ ក៏មានគោលបំណងដើម្បីលើកកម្ពស់សុខភាព និង បង្កើតឱកាស រួមចំណែក ដល់ប្រព័ន្ធអេកូឡូស៊ីនៃតំបន់ការពារធម្មជាតិ ថែមទាំងជួយផ្សព្វផ្សាយពីការការពារបរិស្ថាន ជួយថែរក្សា ការពារព្រៃឈើ និងការដាំដើមឈើផងដែរ៕
 

 

 

 

 

អត្ថបទ៖ អ៊ីសា ហាសាណះ  រូបភាព៖ ហ៊ុន សុជាតា 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024