ថ្ងៃសុក្រ ទី០៥ ខែកញ្ញា ឆ្នាំ២០២៥

«សហគមន៍កសិកម្មទំនើបឃុំត្រាំកក់» ផលិតបន្លែសុវត្ថិភាពតាមបែបទំនើប និងដោះស្រាយបញ្ហាបន្លែគ្មានទីផ្សារ 

២៨ សីហា ២០២៤ | ព័ត៌មានជាតិ

 

ប្រជាពលរដ្ឋដាំបន្លែ នៅក្នុងឃុំត្រាំកក់ ប្រមាណ ៦០គ្រួសារ រួមគ្នាបង្កើត «សហគមន៍កសិកម្មទំនើប» ដែលមានការជួយជ្រោមជ្រែងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីផលិតបន្លែដែលមានគុណភាព ស្របតាមស្តង់ដារ និងមាននិរន្តភាពជាងការដាំបន្លែតាមទម្លាប់របស់ខ្លួន។ «សហគមន៍កសិកម្មទំនើប» បានផលិតបន្លែសុវត្ថិភាពតាមបែបទំនើប និងដោះស្រាយបញ្ហាបន្លែគ្មានទីផ្សារ នៅក្នុងឃុំត្រាំកក់ ពិសេសបន្លែស្ពៃ។

 


ពលរដ្ឋអ្នកដាំបន្លែនៅក្នុងឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ប្រមាណ ៦០គ្រួសារ បានស្ម័គ្រចិត្តរួមគ្នាបង្កើតជាសហគមន៍កសិកម្មទំនើប ដែលមានការជួយជ្រោមជ្រែងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណងផ្តោតសំខាន់លើសក្តានុពលដែលមានស្រាប់ និងពង្រឹងវិស័យកសិកម្មកម្ពុជាឱ្យកាន់តែមាននិរន្តរភាព។ 

 


លោក អ៊ុន អឿន ជាប្រធានសហគមន៍កសិកម្មទំនើបនៅក្នុងឃុំត្រាំកក់នេះ បានលើកឡើងថា សហគមន៍របស់ខ្លួនជាសហគមន៍មួយក្នុងចំណោមសហគមន៍កសិកម្មទំនើបផ្សេងទៀត ដែលមានភ័ព្វសំណាងក្នុងការដែលក្រសួងកសិកម្មជួយជ្រោមជ្រែងគ្រប់យ៉ាងទាំងអស់ក្នុងការចាប់ផ្តើមជាថ្មីទៅតាមការធ្វើកសិកម្មបែបទំនើប។ 
 


បច្ចុប្បន្ន សហគមន៍កសិកម្មទំនើបឃុំត្រាំកក់នេះ បានចាប់យកបន្លែ ៤ប្រភេទជាគោលក្នុងការចាប់ផ្តើមក្នុងនោះរួមមាន ស្ពៃក្រញាញ់ ស្ពៃតឿ ស្ពៃចង្កឹះ និងខាត់ណាដើម ហើយនៅថ្ងៃខាងមុខ សហគមន៍នឹងធ្វើការពង្រីកទៅលើប្រភេទបន្លែផ្សេងៗទៀតទៅតាមតម្រូវការទីផ្សារ។ 

 


បើតាមការឱ្យដឹងពីឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអ្នកជួយសម្របសម្រួលដល់សហគមន៍កសិកម្មទំនើបត្រាំកក់នេះ បានឱ្យដឹងថា ក្រសួងបានគាំទ្រគ្រប់រូបភាពទៅកាន់សហគមន៍ ទាំងការរកទីផ្សារ ដើមទុន និងបច្ចេកទេសក្នុងការដាំ។

 

 

ឯកឧត្តមបន្តថា ឱ្យតែសហគមន៍ព្រមធ្វើការរួមគ្នា ក្រសួងគឺគាំទ្រគ្រប់កិច្ចការទាំងអស់ សូម្បីតែផែនការអាជីវកម្ម ការទទួលបានប្រាក់កម្ចី ថវិការបង្វិល របៀបធ្វើការ ការស្វែងរកបុគ្គលិក និងការរកទីផ្សារ គឺក្រសួងផ្តល់ការគាំទ្រពេញ ១០០ភាគរយតែម្តង។

 


 

 

 

អត្ថបទ៖ អ៊ីសា ហាសាណះ  រូបភាព៖ ហ៊ុន សុជាតា 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025