ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥

តារា ខេប៉ុប ច្រើនរូបមានឈ្មោះប្រកួតប្រជែងពានរង្វាន់កម្មវិធី MTV VMAs

០៧ សីហា ២០២៤ | កម្សាន្ដ

 

តារាខេប៉ុបច្រើនរូបដូចជា Lisa និង Jungkook បានមានឈ្មោះប្រកួតប្រជែងពានរង្វាន់ ក្នុងកម្មវិធី MTV Video Music Awards ដែលជាកម្មវិធីពានរង្វាន់តន្ត្រីធំមួយរបស់អាមេរិក។

 

 


កម្មវិធីពានរង្វាន់វីដេអូចម្រៀងអាមេរិក MTV Video Music Awards ហៅកាត់ VMAs (វីអេមអេ) ទើបតែប្រកាសបញ្ជីឈ្មោះសិល្បករដែលបានជាប់ជាបេក្ខភាពប្រកួតប្រជែងពានរង្វាន់របស់ខ្លួនក្នុងឆ្នាំនេះ ដោយក្នុងនោះតារាចម្រៀង Taylor Swift មានឈ្មោះប្រកួតប្រជែងពានរង្វាន់ច្រើនជាងគេ រហូតដល់ ១០ ពានរង្វាន់ រួមទាំងពានរង្វាន់ធំ “វីដេអូចម្រៀងប្រចាំឆ្នាំ” សម្រាប់បទ “Fortnight”។

 

 


អ្វីដែលគួរឱ្យចាប់អារម្មណ៍នៅឆ្នាំនេះ ក្រៅពីវត្តមានតារាល្បីៗអាមេរិក ក្នុងបញ្ជីបេក្ខភាពមានឈ្មោះសិល្បករខេប៉ុបជាច្រើនរូប។ ជាក់ស្ដែង Lisa សមាជិកក្រុម BLACKPINK មានឈ្មោះប្រកួតប្រជែងពានរង្វាន់ចំនួន ៤ ផ្នែកសម្រាប់វីដេអូចម្រៀងទោលថ្មីរបស់នាងគឺបទ "ROCKSTAR" ដោយក្នុងនោះរួមមានពានរង្វាន់ក្បាច់រាំល្អបំផុត ពានរង្វាន់ទិសដៅសិល្បៈល្អបំផុត ពានរង្វាន់ផ្នែកកាត់តល្អបំផុត និងពានរង្វាន់ Best K-pop។

 

 


ចំណែក Jungkook សមាជិកក្រុម BTS មានឈ្មោះប្រកួតប្រជែងពានរង្វាន់ចំនួន ២ គឺពានរង្វាន់ការសហការល្អបំផុត និងពានរង្វាន់ Best K-pop ជាមួយបទចម្រៀងទោលដំបូងរបស់លោកមានចំណងជើងថា “Seven” ។ ក្រៅពី Lisa និង Jungkook សិល្បករដែលមានឈ្មោះប្រកួតប្រជែងក្នុងផ្នែក Best K-pop រួមមានក្រុមបុរស NCT Dream ក្រុមនារី NewJeans ក្រុមបុរស Stray Kids និងក្រុមបុរស Tomorrow X Together។

 

 


ចំណែកក្រុមនារី LE SSERAFIM (ឡឺ សឺរ៉ាហ្វីម) បានជាប់ឈ្មោះប្រកួតប្រជែងពានរង្វាន់ការសម្ដែងទាក់ទាញប្រចាំឆ្នាំ សម្រាប់បទ “EASY” ដែលនេះជាលើកដំបូងសម្រាប់ពួកគេដែលមានឈ្មោះប្រកួតប្រជែងពានរង្វាន់ MTV។

 

 

សូមបញ្ជាក់ថា កម្មវិធីប្រគល់ពានរង្វាន់ MTV VMAs ឆ្នាំ ២០២៤ នឹងប្រារព្ធឡើងនៅទីក្រុងញូវយ៉កនៅថ្ងៃទី ១០ ខែកញ្ញា។ កម្មវិធីនេះដែរត្រូវបានចាត់ទុកថាជាកម្មវិធីពានរង្វាន់ផ្នែកតន្ត្រីដ៏ពេញនិយមមួយក្នុងចំណោមកម្មវិធីពានរង្វាន់តន្ត្រីធំៗទាំង ៤នៅសហរដ្ឋអាមេរិក ដូចជាកម្មវិធី Grammy Awards កម្មវិធី American Music Awards និង Billboard Music Awards ៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025