ថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤

 សូ សាវឿន ស្នើសុំកម្មសិទ្ធិបញ្ញាមរតកស្នាដៃបទចម្រៀងរបស់តន្រ្តីករ កែវ ឯម អំឡុងឆ្នាំ១៩៦៥-១៩៧៥

០៦ សីហា ២០២៤ | កម្សាន្ដ

 

 

តារាចម្រៀងល្បីឈ្មោះនាសម័យយុគមាស រហ័សនាមរាជិនីសំនៀងរៃកណ្ដឹង សូ សាវឿន បានស្នើសុំចុះក្នុងបញ្ជីកម្មសិទ្ធិបញ្ញាមរតកស្នាដៃបទចម្រៀងរបស់តន្ត្រីករ កែវ ឯម ដែលជាអតីតស្វាមី ក្នុងអំឡុងឆ្នាំ ១៩៦៥ ដល់ ឆ្នាំ១៩៧៥ ក្រោមការជ្រោមជ្រែងរបស់អង្គការបណ្ណសារចម្រៀងខ្មែរ។ 

 

 

ទោះបីជាធ្លាប់បរាជ័យក្នុងការស្នើសុំចុះបញ្ជីកម្មសិទ្ធិបញ្ញាលើស្នាដៃបទចម្រៀងម្តងរួចមកហើយ ក៏អ្នកចម្រៀងសម័យយុគមាស លោកស្រី សូ សាវឿន មិនបោះបង់ក្តីសង្ឃឹមតិចតួចនោះឡើយ។

 


 ផ្ទុយទៅវិញ លោកស្រីបានចំណាយពេលហោះពីប្រទេសបារាំងមកស្រុកកំណើតជាថ្មីម្តងទៀត ដើម្បីស្នើសុំចុះមរតកស្នាដៃបទចម្រៀងរបស់តន្ត្រីករ កែវ ឯម ដែលត្រូវជាអតីតស្វាមីលោកស្រីក្នុងអំឡុងឆ្នាំ ១៩៦៥ ដល់ឆ្នាំ១៩៧៥ ក្នុងបញ្ជីកម្មសិទ្ធបញ្ញា។

 

 

អង្គការបណ្ណសារចម្រៀងខ្មែរ បានសម្របសម្រួលរៀបចំពិធីសន្និសីទសារព័ត៌មានស្តីពី «ការស្នើសុំចុះក្នុងបញ្ជីកម្មសិទ្ធបញ្ញាមរតកស្នាដៃបទចម្រៀងរបស់តន្ត្រីករ កែវ ឯម ស្វាមីរបស់លោកស្រី សូ សាវឿន ក្នុងអំឡុងឆ្នាំ ១៩៦៥ ដល់ឆ្នាំ១៩៧៥» កាលពីថ្ងៃព្រឹកថ្ងៃទី៤ សីហា កន្លងទៅ នៅសណ្ឋាគារ Courtyard Phnom Penh ដោយមានការចូលរួមពីវាគ្មិនសំខាន់ ៤រូប រួមមាន៖ តារាចម្រៀងប្រជាប្រិយសំឡេងរៃកណ្តឹង លោកស្រី សូ សាវឿន , វរសិល្បការនីរៀមច្បងផ្នែកភាពយន្ត លោកស្រី ឌី សាវ៉េត , លោក អ៊ុក សំអាត កវីនិពន្ធបទភ្លេង ទំនុកច្រៀង និងតន្ត្រីករក្នុងវង់ភ្លេងយោធាភិរម្យផ្នែកវាយស្គរ , លោកស្រី ដុំ សុផានី ភរិយាកវី ស្វាយ សំអឿ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

 

 

តាមការរៀបរាប់របស់តារាចម្រៀងប្រជាប្រិយសំឡេងរៃកណ្តឹង សូ សាវឿន ក្នុងឆ្នាំ១៩៦២ លោកស្រីបានរួមរស់ជាប្តីប្រពន្ធជាមួយលោក កែវ ឯម ដែលជាកវីនិពន្ធបទភ្លេង ទំនុកច្រៀង និងអ្នកសម្រួលតន្ត្រីដ៏ល្បីល្បាញប្រចាំវង់ភ្លេងយោធាភិរម្យ។ចំណងប្តីប្រពន្ធរបស់អ្នកទាំងពីរបង្កើតបានបុត្រាបុត្រីចំនួន ៣រូប តែគួរឱ្យសោកស្តាយដំណក់ឈាមទាំង៣ បានលាចាកលោកព្រមជាមួយស្វាមីក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម (១៩៧៥-១៩៧៩) ស្របពេលដែលលោកស្រីកំពុងត្រាចចរជីវិតតែលតោលម្នាក់ឯងនៅទឹកដីប្រទេសបារាំង។លោកស្រីសង្កត់ធ្ងន់ថា ក្នុងអំឡុងឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៧៥ លោក កែវ ឯម បាននិពន្ធបទភ្លេង និងនិពន្ធទំនុកច្រៀងប្រហែលជាង១០០០បទជូនដល់លោកស្រីជាភរិយាច្រៀងផ្សាយក្នុងវិទ្យុជាតិ ក៏ដូចជាបញ្ចូលជាថាសចម្រៀង និងកាស្សែតផងដែរ។

 

 

ដោយមើលឃើញថា សព្វថ្ងៃស្នាដៃចម្រៀងរបស់លោក កែវ ឯម ត្រូវបានមហាជនយកមកប្រើប្រាស់ដោយពុំបានផ្តល់ប្រយោជន៍មរតកស្នាដៃទៅលោកស្រីជាភរិយា ហើយក៏មានស្នាដៃមួយចំនួនត្រូវបានគេយកទៅកែច្នៃថ្មីគួរឱ្យព្រួយបារម្ភ ទើបលោកស្រីសម្រេចចិត្តស្នើសុំយកមរតកស្នាដៃទាំងនោះមកគ្រប់គ្រងឡើងវិញ។ ស្របជាមួយគ្នានោះ លោក អ៊ុក សំអាត ក៏បានឱ្យដឹងពីដំណើរការនៃការស្នើរសុំចុះបញ្ជីកម្មសិទ្ធបញ្ញាមរតកស្នាដៃបទចម្រៀងរបស់តន្ត្រីករ កែវ ឯម ចំនួន៤៦បទ ដោយសង្ឃឹមថា ស្ថាប័នពាក់ព័ន្ធនឹងជួយត្រួតពិនិត្យមើលសំណុំឯកសារដែលបានដាក់ជូនតាមការណែនាំ។

 

 

 

 

 

ក្នុងពិធីសន្និសីទសារព័ត៌មាន លោកស្រី ឌី សាវ៉េត ជាសាក្សីរស់ដ៏សំខាន់បានអះអាងបញ្ជាក់ចំពោះមុខអ្នកសារព័ត៌មានថា លោកស្រី សូ សាវឿន និងតន្រ្តីករ កែវ ឯម ពិតជាប្តីប្រពន្ធគ្នាមែន គ្រាន់តែជំនាន់នោះលោកស្រីនៅក្មេងពុំសូវបានដឹងឮរឿងច្រើន តែលោកស្រីស្គាល់ និងមានទំនាក់ទំនងល្អជាមួយអ្នកចម្រៀង សូ សាវឿន ទើបហ៊ានចេញមុខធ្វើជាសាក្សីរស់ក្នុងការស្នើរសុំចុះបញ្ជីកម្មសិទ្ធបញ្ញាមរតកស្នាដៃបទចម្រៀង ៤៦បទរបស់តន្ត្រីករ កែវ ឯម នាពេលនេះ៕
 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឆិល សុភ័ស្ត 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024