ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤

គម្រោង Capfish Capture បើកទ្វារស្វាគមន៍សហគ្រាសកែច្នៃម្ហូបអាហារ

២៦ កក្កដា ២០២៤ | ព័ត៌មានជាតិ

 


បន្ទាប់ពីបានអនុវត្តដោយជោគជ័យ ទៅលើសហគ្រាសជិត ២០រួចមក គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល ហៅកាត់ថា Capfish Capture នៅតែបន្តបើកទ្វារស្វាគមន៍សហគ្រាសទាំងឡាយណា ដែលចង់បង្កើនសមត្ថភាពកែច្នៃម្ហូបអាហារផលនេសាទ។

 


ជាដំបូងសូមជម្រាបជូនថា គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល ហៅកាត់ជាភាសាអង់គ្លេស ថា Capfish Capture គឺជាគម្រោងរួមគ្នារវាងរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម នៃអង្គការសហប្រជាជាតិ ហៅកាត់ថា UNIDO និងសហភាពអឺរ៉ុប ហៅកាត់ថា EU ផ្ដោតជាសំខាន់ទៅលើការកែច្នៃម្ហូបអាហារផលនេសាទ ប្រកបដោយគុណភាព និងសុវត្ថិភាព ដើម្បីឱ្យផលិតផលទាំងនោះ ឈានចូលទៅក្នុងផ្សារទំនើបក្នុងស្រុក និងឈានទៅទីផ្សារអន្តរជាតិ ។ លោកជំទាវ អ៊ឹម រចនា មន្ត្រីនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា រហូតមកដល់ពេលនេះ Capfish Capture សម្រេចបានជោគជ័យគួរជាទីមោទនៈ ។

 


ជោគជ័យទាំងនេះ ពុំទាន់គ្រប់គ្រាន់ ពោលគឺពុំទាន់ឆ្លើយតបទៅនឹងស្ថានភាពចំណីអាហារនៅកម្ពុជា ទេ ដូច្នេះ Capfish Capture ក៏មិនទាន់បញ្ចប់នូវបេសកកម្មរបស់ខ្លួនដែរ ។ ហេតុនេះលោកជំទាវ អ៊ឹម រចនា បន្ថែមថា Capfish Capture នៅតែបើកទ្វារស្វាគមន៍រាល់សហគ្រាសទាំងឡាយណាដែលមានបំណងចង់បង្កើនសមត្ថភាពរបស់ខ្លួនក្នុងការកែច្នៃម្ហូបអាហារផ្នែកជលផល ដើម្បីឈានទៅទទួលបានការទទួលស្គាល់ចាប់ពី CQS ឡើងទៅ ។

 


គួរជម្រាបជូនផងដែរថា ប៉ុន្មានថ្ងៃមុននេះ Capfish Capture បានរៀបចំដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មានទៅកាន់ទីតាំងមួយចំនួនដូចជាសហគ្រាកែច្នៃម្សៅប្រហុក នៅភ្នំពេញ សហគ្រាសកែច្នៃគ្រុំចំពុះទា នៅខេត្តកោះកុង មជ្ឈមណ្ឌលបង្កាត់ពូចត្រីទឹកសមុទ្ទ ខេត្តព្រះសីហនុ និងសហគ្រាសកែច្នៃផលនេសាទនៅខណ្ឌឫស្សីកែវ ជាដើម ដែលសហគ្រាសទាំងនោះ សុទ្ធតែកំពុងទទួលបានផលជាទីគាប់ចិត្ត ៕

 

 

 

 

 

 

អត្ថបទ៖ ខឿន សាឃាង  រូបភាព៖ សែត ប៊ុនថាន់ និងឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024