ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤

មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ អញ្ជើញពិនិត្យសម្ភារ និងកងកម្លាំងត្រៀមបម្រុង សម្រាប់ បេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា

២៤ កក្កដា ២០២៤ | ព័ត៌មានជាតិ


មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ ឯកឧត្តម អាទល់ ខារ៉េ បានអញ្ជើញពិនិត្យសម្ភារៈ និងកងកម្លាំងត្រៀមបម្រុង សម្រាប់បំពេញបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា នៅសាលាហ្វឹកហ្វឺនរក្សាសន្តិភាពពហុសាសន៍ នៅខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី២៣ ខែកក្កដានេះ។ ឯកឧត្តម អាទល់ ខារ៉េ បានទស្សនា ការហ្វឹកហាត់ និងសម្តែងរបស់កងកម្លាំងសុខនហិតមីន និងបន្តចុះត្រួតពិនិត្យចម្ការមីន តាមលក្ខណៈបច្ចេកទេសរបស់អង្គការសហប្រជាជាតិផងដែរ។ 

 


នៅក្នុងដំណើរចុះពិនិត្យសម្ភារៈ និងកងកម្លាំងត្រៀមបម្រុង សម្រាប់បំពេញបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា នៅសាលាហ្វឹកហ្វឺនរក្សាសន្តិភាពពហុសាសន៍ ក្នុងខេត្តកំពង់ស្ពឺ នាថ្ងៃទី២៣ ខែកក្កដានេះឯកឧត្តម អាទល់ ខារ៉េ (Atul KHARE) អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកទ្រទ្រង់ប្រតិបត្តិការរក្សាសន្តិភាព ក៏បានការហ្វឹកហាត់, ការសម្តែងរបស់កងកម្លាំងសុខនហិតមីន ,បន្តចុះត្រួតពិនិត្យចម្ការមីន តាមលក្ខណៈបច្ចេកទេសរបស់អង្គការសហប្រជាជាតិ និងចុចកម្ទេចគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទះផងដែរ។ 

 


ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានគូសបញ្ជាក់ថា កងកម្លាំងទ័ពមួកខៀវកម្ពុជា ដែលបានត្រៀមបម្រុងសម្រាប់បេសកកម្មរក្សាសន្តិភាព មានចំនួន ៤កង ក្នុងនោះរួមមាន កងកម្លាំងរាជអាវុធហត្ថ, កងកម្លាំងវិស្វកម្មស្ពានលើគោក, ស្ពានបណ្តែតទឹក និងកងបោសសម្អាតគ្រាប់មីន EOD។ 

 


ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្ថែមថា បច្ចុប្បន្នកម្ពុជាកំពុងមានភាពលេចធ្លោក្នុងការបញ្ជូនមេកងជានារី ចំនួន៣នាក់ ទៅកាន់តំបន់បេសកកម្ម រួមមាននៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល លីបង់ និងស៊ូដង់ខាងត្បូង។ អាត្រាបញ្ជូនកងកម្លាំងជានារីរបស់កម្ពុជាទៅតំបន់បេសកកម្ម មានប្រមាណ ១៧.២ភាគរយ ហើយកម្ពុជាក៏បានប្តេជ្ញាបន្តបង្កើនចំនួនយោធិននារីបន្ថែមផងដែរ។

 


គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០០៦ មកដល់ដើមឆ្នាំ២០២៤ កម្ពុជា បានចូលរួមបញ្ជូនកងកម្លាំងទៅបំពេញប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ សរុបចំនួនជាង៩០០០នាក់ នៅក្នុងប្រទេសចំនួន១០ ដូចជា សាធារណរដ្ឋស៊ូដង់ ឆាដ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល ម៉ាលី យ៉េមែន សាយប្រឺស ស៊ីរី និងសាធារណរដ្ឋកុងហ្គោ។ 

 


ជំនាញរបស់កងកម្លាំងទ័ពមួកខៀវកម្ពុជា នៅតំបន់បេសកកម្ម រួមមាន ជំនាញបោសសំអាតមីន, កម្ទេចគ្រឿងផ្ទុះ, ប្រឆាំង-បន្សាបគ្រឿងផ្ទុះកែច្នៃ, កងរាជអាវុធហត្ថ, វិស្វកម្មពហុ ជំនាញ, នាយទាហានសេនាធិការ និងសង្កេតការណ៍យោធាជាដើម៕

 

 

អត្ថបទ៖ សន រដ្ឋា  រូបភាព៖ ញិល សុជា 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024