ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤

មន្ត្រីរាជការស៊ីវិល ៩៧នាក់ រកឃើញមានសារធាតុញៀន 

២៣ កក្កដា ២០២៤ | ព័ត៌មានជាតិ

 


ក្លឹបអ្នកកាសែតកម្ពុជា សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រៀបចំវេទិកាសារព័ត៌មាន ក្រោមប្រធានបទ «គោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់» ដើម្បីផ្តល់ជាវេទិកាដល់អ្នកសារព័ត៌មាន ក្នុងការស្វែងយល់អំពីស្ថានភាពនៃបញ្ហាគ្រឿងញៀន នៅកម្ពុជា ព្រមទាំងទទួលបានចំណេះដឹងទាក់ទងគោលនយោបាយ និងយុទ្ធសាស្ត្រ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ក្នុងយុទ្ធនាការធ្វើតេស្តទឹកនោម កន្លងមកនេះ រកឃើញមន្ត្រីរាជការស៊ីវិល ចំនួន ៩៧នាក់ ដែលមានផ្ទុកសារធាតុញៀន។

 


អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានលើកឡើងនៅក្នុងវេទិការសារព័ត៌មាន ស្តីពី «គោលនយោបាយ និងយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់» នៅព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៤នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រីថា គិតមកដល់បច្ចុប្បន្នការធ្វើតេស្តរហ័ស រកសារធាតុញៀនក្នុងទឹកមូត្រចំពោះមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធទាំងអស់នៅទូទាំងប្រទេសមានចំនួន ៩៩៣០០នាក់ ក្នុងនោះមានមន្ត្រីស៊ីវិលចំនួន ៩៧នាក់ រកឃើញមានសារធាតុញៀន និង៨៩នាក់ត្រូវបានបណ្តេញចេញពីក្របខណ្ឌ ៧នាក់កំពុងត្រូវបានបន្តនីតិវិធី និង ១នាក់ផ្សេងទៀតកំពុងត្រូវបានធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់។ 

 

 

ឯកឧត្តមបន្តទៀតថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កន្លងមកនៅក្នុងជួរប្រដាប់អាវុធ គឺតែងតែបានធ្វើតេស្តរកសារធាតុញៀន ដើម្បីដកចេញ ឬចម្រាញ់ចេញមិនឱ្យបម្រើការងារនៅក្នុងកងកម្លាំងប្រដាប់អាវុធនោះទេ ដែលការងារនេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំទាំងក្រសួងការពារជាតិ និងអគ្គស្នងការនគរបាលជាតិ ហើយនៅក្នុងឆ្នាំ ២០២៤នេះ ក៏មានបន្ថែមមន្ត្រីរាជការស៊ីវិលបន្ថែមទៀត។ 

 

 

បើតាមការឱ្យដឹងពីឯកឧត្តម មាស វីរិទ្ធ ដដែល ចំនួនអ្នកប្រើប្រាស់គ្រឿងញៀននៅកម្ពុជាគឺមិនលើសពី ៣ទៅ៤ម៉ឺននាក់នោះទេ ហើយ ៨០%គឺអ្នកដែលមានអាយុចន្លោះពី ១៨ ទៅ៣៥ឆ្នាំ ក្នុងនោះដែរក៏មានអ្នកប្រើប្រាស់ជានារីប្រមាណ ១០%ផងដែរ។

 

 

ចំនួនអ្នកប្រើប្រាស់គ្រឿងញៀនដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនអាចគ្រប់គ្រងបានគឺស្ថិតនៅក្នុងរង្វង់ ២ម៉ឺននាក់តែប៉ុណ្ណោះ ប៉ុន្តែអ្នកដែលប្រើប្រាស់គ្រឿងញៀនកំពុងលាក់ខ្លួនអាចមានទ្វេ២ ឬ៣ អាស្រ័យទៅតាមការសិក្សាកំណត់មុខសញ្ញានៃអ្នកប្រើប្រាស់គ្រឿងញៀន។

 


នៅក្នុងអាណត្តិទី៧នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៦ ព្រមទាំងវិធានការ៨ចំនុច ក្នុងការទប់ស្កាត់ការជួញដូរគ្រឿងញៀន ទាំងក្នុងតំបន់ និងអន្តរជាតិ ពិសេសនៅក្នុងសហគមន៍ ដើម្បីចូលរួមការផ្សព្វផ្សាយ និងបដិសេធចំពោះការប្រើប្រាស់គ្រឿងញៀន៕
 

 

អត្ថបទ៖ អ៊ីសា ហាសាណះ  រូបភាព៖ ហ៊ុន សុជាតា 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024