ថ្ងៃសៅរ៍ ទី០៥ ខែកក្កដា ឆ្នាំ២០២៥

កម្ពុជា សម្រេចផ្លាស់ប្តូរឆ្នាំគោលគណនេយ្យជាតិមកឆ្នាំ ២០១៤

០៣ កក្កដា ២០២៤ | សេដ្ឋកិច្ច

 

ប្រទេសកម្ពុជា បានសម្រេចផ្លាស់ប្តូរឆ្នាំគោលគណនេយ្យជាតិពីឆ្នាំ ២០០០ មកឆ្នាំ ២០១៤ ដើម្បីឱ្យការវាស់វែងទំហំសេដ្ឋកិច្ច ក៏ដូចជា កំណើនសេដ្ឋកិច្ច កាន់តែមានសង្គតិភាព។ នាឱកាសសិក្ខាសាលាផ្សព្វផ្សាយស្តីពី លទ្ធផលចុងក្រោយការផ្លាស់ប្តូរឆ្នាំគោលគណនេយ្យជាតិឆ្នាំ ២០១៤ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការ បានមានប្រសាសន៍ថា ស្ថិតិគណនេយ្យជាតិ ជាស្ថិតិដ៏សំខាន់មួយក្នុងប្រព័ន្ធស្ថិតិជាតិកម្ពុជា និងក្នុងស្ថិតិម៉ាក្រូសេដ្ឋកិច្ច ដែលមានវិសាលភាពគ្រប់វិស័យក្នុងសេដ្ឋកិច្ចជាតិកម្ពុជា។

 


បច្ចុប្បន្ននេះ ការគណនាផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា គឺផ្អែកលើឆ្នាំគោល ឆ្នាំ២០០០ ដែលគិតមកដល់ឆ្នាំ ២០២២ មានរយៈពេល ២២ឆ្នាំ បើតាមសេចក្តីណែនាំរបស់ អង្គការសហប្រជាជាតិ ស្តីពីស្ថិតិគណនេយ្យជាតិ យើងគួរតែផ្លាស់ប្តូរ ឆ្នាំគោលជារៀងរាល់ ៥ឆ្នាំម្តង ឬយ៉ាងយូរបំផុត ១០ឆ្នាំម្តង ដើម្បីវាស់វែងកំណើនសេដ្ឋកិច្ច ទំហំសេដ្ឋកិច្ច និង រចនាសម្ព័ន្ធសេដ្ឋកិច្ចមាន សង្គតិភាព។

 


ឯកឧត្តម ប៊ិន ត្រឈៃ បានបន្តថា ការផ្លាស់ប្តូរឆ្នាំគោលថ្មី ឆ្នាំ២០១៤ គឺត្រឹមត្រូវ ដោយវិទ្យាស្ថានជាតិស្ថិតិ មានឯកសារ ប្រភពទិន្នន័យរដ្ឋបាលជាច្រើនផ្សេងទៀត និងទិន្នន័យក្រសួង-ស្ថាប័នផ្សេងទៀតរបស់រាជរដ្ឋាភិបាលគ្រប់គ្រាន់ សម្រាប់ការផ្លាស់ប្តូរនេះ។

 


ឯកឧត្តម ទ្រី ឫទ្ធា អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានពន្យល់បន្ថែមថា គោលបំណងជាចម្បងនៃ ការផ្លាស់ប្តូរឆ្នាំគោលគណនេយ្យជាតិឆ្នាំ ២០១៤ គឺដើម្បីធ្វើបច្ចុប្បន្នភាព ទំហំ វិសាលភាព និងរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា សម្រាប់ធ្វើការប៉ាន់ស្មានឡើងវិញស៊េរីទិន្នន័យ ផលិតផលក្នុងស្រុកសរុប ពីឆ្នាំ២០០០ ដល់ឆ្នាំ ២០២២ និងដើម្បីធ្វើឱ្យ ស្ថិតិគណនេយ្យជាតិ មាន សង្គតិភាពជាមួយនឹងស្ថិតិម៉ាក្រូសេដ្ឋកិច្ចដទៃទៀតដូចជា ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល ស្ថិតិជញ្ជីងទូទាត់ ស្ថិតិរូបិយវត្ថុ ដែលត្រូវបានប្រើប្រាស់ជាធាតុចូលសម្រាប់រៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ កម្មវិធីនយោបាយនានា របស់រាជរដ្ឋាភិបាល។

 


ជាចុងក្រោយ ឯកឧត្តម អ៊ុង លុយណា អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ផ្អែកតាមការព្យាករដោយប្រើ ឆ្នាំគោលថ្មី សេដ្ឋកិច្ចកម្ពុជា រំពឹងនឹងសម្រេចបានក្នុងអត្រាជាមធ្យម ៦% នៅក្នុងឆ្នាំ ២០២៤នេះ៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ អ៊ិន អាត

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025