ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥

G7យល់ព្រមលើកិច្ចព្រមព្រៀងប្រាក់កម្ចីឱ្យអ៊ុយក្រែនពីទ្រព្យសម្បត្តិរបស់រុស្ស៊ី

១៤ មិថុនា ២០២៤ | ព័ត៌មានអន្តរជាតិ

G7យល់ព្រមលើកិច្ចព្រមព្រៀងប្រាក់កម្ចីឱ្យអ៊ុយក្រែនពីទ្រព្យសម្បត្តិរបស់រុស្ស៊ី។

 

 

 

 

នាយករដ្ឋមន្ត្រីអ៊ីតាលីលោកស្រី ចចចឺ មេឡូនី(Giorgia Meloni) នៅថ្ងៃព្រហស្បតិ៍(១៣មិថុនា) បានឱ្យដឹងថា បណ្តាមេដឹកនាំនៃក្រុមប្រទេសជីប្រាំពីរ(G7) បានឯកភាពគ្នាទៅលើកិច្ចព្រមព្រៀងមួយផ្តល់កម្ចីដែលមានទឹកប្រាក់រហូតដល់ទៅ៥០ពាន់លានដុល្លារអាមេរិកសម្រាប់ប្រទេសអ៊ុយក្រែន ដោយប្រើប្រាស់ការប្រាក់ពីទ្រពសម្បត្តិរុស្សីដែលត្រូវបានបង្កកទុកក្រោយរដ្ឋាភិបាលទីក្រុងម៉ូស្គូឈ្លានពានប្រទេសអ៊ុយក្រែននៅក្នុងឆ្នាំ២០២២។ 

 

កិច្ចព្រមព្រៀងដែលមានលក្ខណៈនយោបាយនេះ ជាប្រធានបទសំខាន់នៃថ្ងៃបើកកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ក្រុមប្រទេស G7នៅភាគខាងត្បូងប្រទេសអ៊ីតាលី។ កិច្ចប្រជុំកំពូលរបស់ក្រុមប្រទេសG7 មានការចូលរួមពីលោក Volodymyr Zelenskiy (វូឡូឌីមៀរ សាឡេនស្គី) ប្រធានាធិបតីអ៊ុយក្រែន២ឆ្នាំជាប់គ្នាមកហើយ។ 

 

លោក Zelenskiy  និយាយថា លោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខរយៈពេល១០ឆ្នាំជាមួយប្រទេសជប៉ុន នៅក្រៅកិច្ចប្រជុំកំពូល ហើយថា ប្រទេសជប៉ុននឹងផ្តល់ទឹកប្រាក់ឱ្យប្រទេសអ៊ុយក្រែនចំនួន៤,៥ពាន់លាននៅឆ្នាំនេះ។ លោក Zelenskiy ក៏នឹងត្រូវចុះកិច្ចព្រមព្រៀងសន្តិសុខរយៈពេលវែងថ្មីមួយជាមួយលោកJoe Biden(ចូ បៃឌិន) ប្រធានាធិបតីអាមេរិកផងដែរ។ 

 

ផែនការរបស់ក្រុមប្រទេសប្រជាធិបតេយ្យG7 សម្រាប់ប្រទេសអ៊ុយក្រែន ផ្អែកទៅលើប្រាក់កម្ចីច្រើនឆ្នាំដោយប្រើប្រាស់ការប្រាក់ពីទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ីប្រហែល៣០០ពាន់លានដុល្លារអាមេរិក។

 

ប្រទេសរុស្ស៊ី បានចាត់ទុកផែនការនេះរបស់ក្រុមប្រទេសលោកខាងលិចដែលប្រើប្រាស់ប្រាក់ចំណូលពីទ្រព្យសម្បត្តិបង្កករបស់ខ្លួនជាបទឧក្រិដ្ឋ។ នេះបើតាមការឱ្យដឹងរបស់ស្ត្រីអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រីម៉ារៀ ហ្សាកហារ៉ូវ៉ា(Maria Zakharova) នៅថ្ងៃព្រហស្បតិ៍ ហើយថា ការឆ្លើយតបវិញរបស់រុស្ស៊ី នឹងកាន់តែធ្ងន់ធ្ងរសម្រាប់សហភាពអ៊ឺរ៉ុប។ 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025