ថ្ងៃព្រហស្បតិ៍ ទី០២ ខែតុលា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី០២ ខែតុលា ឆ្នាំ២០២៥
ខណៈកន្លងមក មានការលើកឡើងថា សត្វជាច្រើន នៅក្នុងសួនសត្វ«ភ្នំតាម៉ៅ» ភាគច្រើនជាសត្វ ដែលឈឺ និងមិនមានការយកចិត្តទុកដាក់ អ្នកនាំពាក្យក្រសួងកសិកម្ម បានប្រកាស សូមឱ្យប្រជាពលរដ្ឋ ឈប់មានការយល់ច្រឡំ ព្រោះសួនសត្វនេះ គឺជាទីកន្លែងសង្រ្គោះសត្វ ដែលរងគ្រោះ ពីការជាប់អន្ទាក់ និងសត្វ ដែលត្រូវបានគេបោះបង់ចោល ជាដើម។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវឱ្យពលរដ្ឋដែលទៅកម្សាន្តនៅឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» ស្ថិតនៅស្រុកបាទី ខេត្តតាកែវ កុំឱ្យមានការយល់ច្រឡំថា សត្វដែលកំពុងស្ថិតនៅក្នុងសួនទាំងនោះ គឺសុទ្ធតែជាសត្វមានជំងឺ និងមិនត្រូវបានយកចិត្តទុកដាក់ត្រឹមត្រូវ ប៉ុន្តែផ្ទុយទៅវិញ សត្វដែលកំពុងនៅក្នុងសួនទាំងនោះ គឺកំពុងស្ថិតនៅក្នុងការសង្រ្គោះយ៉ាងយកចិត្តទុកដាក់ នេះបើតាមការបញ្ជាក់ពីលោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ»។
តាមការបញ្ជាក់របស់លោកជំទាវដដែល នៅក្នុងសួនសត្វ«ភ្នំតាម៉ៅ» នាពេលបច្ចុប្បន្ននេះ គឺមានសត្វប្រមាណជាង ៣ពាន់ក្បាលក្នុងចំណោមសត្វចំនួន ១១៦ប្រភេទ។ សត្វទាំងនោះ ភាគច្រើនជាសត្វដែលត្រូវបានជួយសង្រ្គោះតាមរយៈការជាប់អន្ទាក់នៅក្នុងព្រៃ និងសត្វមួយចំនួនទៀត គឺជាប្រភេទសត្វចិញ្ចឹមដែលទទួលបានពីពលរដ្ឋដែលពួកគេអស់លទ្ធភាពក្នុងការចិញ្ចឹម និងប្រគល់មកកាន់សួនសត្វនេះ។
លោកជំទាវក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋអញ្ជើញមកទស្សនាកម្សាន្ត នៅសួនសត្វ«ភ្នំតាម៉ៅ» នេះឱ្យបានច្រើនកុះករផងដែរ ខណៈដែលវត្តមានរបស់ភ្ញៀវជាតិ និងអន្តរជាតិនេះហើយយ គឺជាការរួមចំណែកមួយ ជួយទ្រទ្រង់ដល់សត្វដែលកំពុងមានវត្តមាននៅក្នុងសួនសត្វទាំងនេះ។
លោកជំទាវក៏បន្ថែមទៀតថា ក្រសួងនឹងព្យាយាមឱ្យអស់ពីលទ្ធភាព ដើម្បីផ្គត់ផ្គង់ចំណីដល់សត្វដែលកំពុងតែមានវត្តមាននៅក្នុងសួនសត្វនេះ ហើយក៏អំពាវនាវដល់សាធារណជនដែលមានបំណងជួយដល់សត្វកំពុងរងគ្រោះទាំងនោះ អាចចូលរួមបានផងដែរ ដោយលើកឡើងទៀតថា ការជួយសង្រ្គោះសត្វ គឺជាបុណ្យមួយ ដែលទាំងអស់គ្នាគួរតែរួមគ្នាធ្វើ ដើម្បីនិរន្តភាពធនធានធម្មជាតិ ពិសេសសត្វព្រៃនៅក្នុងប្រទេសកម្ពុជាយើង៕
អត្ថបទ៖ អ៊ីសា ហាសាណះ រូបភាព៖ ឆិល សុភ័ស្ត