ថ្ងៃអង្គារ៍ ទី២១ ខែឧសភា ឆ្នាំ២០២៤

សត្វរមាសដ៏កម្រមួយក្បាលបង្ហាញវត្តមាននៅក្នុងសួនសត្វដ៏ធំបំផុតរបស់អង់គ្លេសជាលើកដំបូង

ថ្មីៗនេះ កូនរមាសដ៏កម្រ និងដែលជិតស្លាប់ផុតពូជបានបង្ហាញវត្តមាននៅក្នុងសួនសត្វដ៏ធំបំផុតរបស់អង់គ្លេស។ រមាសនេះមានឈ្មោះថាបេនចា (Benja) ជាពូជរមាសភឿកពីតំបន់ខាងត្បូង ហើយនៅសេសសល់តិចតួចជាទីបំផុតនៅលើភពផែនដីយើងនេះ។ កូនរមាសបេនចាកើតកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នៅសួនសត្វវីបស្នេត.ហ្ស៊ូ (Whipsnade Zoo)។

 

 

 

 

កូនរមាសមួយក្បាលនេះទោះបីអាយុទើបតែបាន៦សប្ដាហ៍ ប៉ុន្តែមានទម្ងន់រហូតដល់ជាងមួយរយគីឡូក្រាម។ គេឃើញវាដើរត្រាច់ចរនៅខាងក្រៅទីជម្រករបស់វាជាលើកដំបូងបន្ទាប់ពីសម្ងំនៅស្ងៀមមួយកន្លែងបន្ទាប់ពីចាប់កំណើតថ្មីៗ។ កន្លែងដែលវារស់នៅនោះស្ថិតនៅមិនឆ្ងាយប៉ុន្មានពីមេរបស់វាឈ្មោះចាស់ស៊ីរ៉ា (Jaseera) ប៉ុន្មានទេ។

 

បុគ្គលិកសួនសត្វម្នាក់ប្រាប់ថាកូនរមាសនេះចូលចិត្តរត់លេងនៅលើទីធ្លាទំហំ៨,៥ហិចតារ។ លោកមីឆែលដែលជាអ្នកមើលថែទាំសត្វរមាសនៅសួនសត្វនេះប្រាប់ថានៅពេលរមាសនេះអាយុ៦អាទិត្យ វាកាន់តែមានកម្លាំងកំហែងមាំមួនជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។

 

ថ្វីដ្បិតសត្វនេះរត់រាងអ៊ីកអ៊ាកៗដោយសារជើងរបស់វាមិនទាន់រឹងមាំល្អ ប៉ុន្តែវាបោះជំហានទៅមុខមួយៗពោរពេញដោយភាពស្វាហាប់ណាស់។ សត្វនេះមានទម្លាប់មួយ។ កាលណាវាគ្មានគ្នានៅក្បែរដើម្បីប្រឡែងគ្នាលេងទេ វាច្រើនតែដេកយកកម្លាំង។

 

 

 

 

 

ជួនកាលវាស៊ីចំណីអាហារ និងត្រូវដេកមួយស្រឡេតជាច្រើនដង។ ជាធម្មតា សត្វរមាសខាងត្បូងនៅពេលធំពេញវ័យមានមាឌធំជាងគេ និងធ្ងន់ជាងគេ។ ប៉ុន្តែអនាគតរបស់ពួកវាមិនដឹងទៅជាយ៉ាងណាទេបើក្រុមអ្នកបរបាញ់សត្វព្រៃខុសច្បាប់ឧស្សាហ៍តាមប្រមាញ់ពួកវាជាប់ជានិច្ច។

 

ម៉្យាងទៀត ពួកវាបានបាត់បង់ព្រៃឈើដែលជាទីជម្រកអស់ជាច្រើន។ សព្វថ្ងៃនេះ អង្គការអភិរក្សសត្វព្រៃប៉ាន់ស្មានថាសត្វអម្បូរនេះនៅសេសសល់ប្រមាណមិនដល់មួយម៉ឺនក្បាលទេនៅទូទាំងពិភពលោក។ ដូច្នេះ គេដាក់ប្រភេទសត្វនេះចូលទៅក្នុងបញ្ជីសត្វដែលឈានដល់ដំណាក់កាលគ្រោះថ្នាក់។ សួនសត្វនៅអង់គ្លេសមួយកន្លែងនេះជាផ្នែកមួយនៃគម្រោងអភិរក្សហ្សឹតអែសអឹល (ZSL)។ ការដាក់ឈ្មោះកូនរមាសនេះតបតាមសំណូមពររបស់ក្រុមអភិរក្សហ្សឹតអែសអឹលដែលមានសាខានៅប្រទេសកេនយ៉ា (Kenya) ដែលទទួលភារកិច្ចខាងការពារសត្វរមាស និងសត្វដទៃទៀត។

 

លោកមីឆែលថ្លែងថាកូនរមាសនេះកើតមកក្រៅពីជួយបង្កើនចំនួនរមាសអម្បូរប្រភេទនេះ វាក៏ជាទូតសុឆន្ទៈដែលជួយបញ្ជ្រាបគំនិតយល់ដឹងកាន់តែទូលំទូលាយជូនសាធារណជនអំពីសត្វរមាសព្រៃ និងជំរុញទឹកចិត្តពួកគេឲ្យជួយគាំទ្រការងារអភិរក្សសត្វ។

 

សោកស្ដាយណាស់ សព្វថ្ងៃនេះសត្វរមាសសម្បុរខ្មៅនៅសេសសល់ប្រហែល៣៥០ក្បាលនៅប្រទេសកេនយ៉ាដោយសារការបរបាញ់របស់ព្រានព្រៃ និងការបាត់បង់ទីជម្រក។ ក៏ដូចគ្នាដែរ សត្វរមាសសម្បុរភឿកនៅអាហ្វ្រិកខាងត្បូងដូចជាបេនចានេះជាដើមក៏ប្រឈមនឹងការបរបាញ់របស់ព្រានព្រៃ និងបាត់បង់ទីជម្រកដូចគ្នា។ គិតត្រឹមឆ្នាំ២០២៣ រមាសប្រភេទនេះនៅសល់៥រយក្បាល៕

 

 

 

 

 

ប្រែសម្រួល៖ អន សំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024