ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤

ទីក្រុងបុរាណរបស់ហ្វ៊ីលីពីនបង្ហាញខ្លួនជាថ្មីបន្ទាប់ពីទឹកស្រកអស់យ៉ាងសន្ធឹកដោយសារកម្ដៅថ្ងៃ

ដោយសារតែអាកាសធាតុក្ដៅហួតហែងខ្លាំងនៅខេត្តនូវ៉ា.អេស៊ីចា (Nueva Ecija) ជាតំបន់ជង្រុកស្រូវរបស់ហ្វ៊ីលីពីន បានធ្វើឲ្យទឹកស្រកអស់យ៉ាងសន្ធឹក និងលេចចេញទីក្រុងបុរាណចំណាស់មួយសតវត្សដែលបានកប់នៅក្រោមទឹកឲ្យផុសអណ្ដែតឡើងមកលើគោកសាជាថ្មី។ នេះជាផ្ទាំងទស្សនិយភាពដ៏កម្រ និងគួរឲ្យចង់គយគន់សម្រាប់អ្នកស្រុកដែលរស់នៅម្ដុំនោះ។

 

 

 

 

ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ គេឃើញព្រះវិហារ និងបាតគ្រឹះនៃសំណង់សម័យបុរាណរបស់ទីក្រុងផាន់ថាបាំងហ្កាន (Pantabangan) ផុសឡើងមកលើគោក។ ហេតុការណ៍នេះកើតឡើងបន្ទាប់ពីរាំងភ្លៀងអស់ជាច្រើនខែ គួបផ្សំនឹងរដូវក្ដៅខ្លាំង។ អ្នកខ្លះធ្លាប់ជិះទូកនេសាទឆ្លងកាត់ម្ដុំហ្នឹងមិនដឹងប៉ុន្មានដងទេតាំងពីខ្លួនរៀននៅថ្នាក់បឋមសិក្សាមកម៉្លេះ។

 

ប៉ុន្តែពួកគាត់ពុំធ្លាប់ដឹងថាទីនេះមានទីក្រុងបុរាណលិចទៅបាតសមុទ្រដូច្នេះទេ។ ពួកគាត់ថ្លែងថានេះជាលើកទី១នៅក្នុងឆាកជីវិតរបស់ខ្លួនដែលជួបប្រទះនឹងទិដ្ឋភាពបែបនេះ។ អ្នកនេសាទខ្លះប្រាប់ថាខ្លួនធ្លាប់ឃើញទិដ្ឋភាពនេះម្ដងកាលពីឆ្នាំ២០១៤។

 

ក្រោយមកឃើញម្ដងទៀតនៅឆ្នាំ២០២០ និងឆ្នាំ២០២៤នេះ។ ការបង្ហាញទិដ្ឋភាពនេះចេញមកពីក្នុងទឹកធ្វើឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់ក្រុមអ្នកទេសចរ។ ម៉្យាងទៀត មនុស្សធ្វើដំណើរទៅមើលទិដ្ឋភាពនេះកាន់តែច្រើន វាក៏អាចជួយរកប្រាក់ចំណូលកាន់តែច្រើនផងដែរសម្រាប់អ្នកស្រុកដែលរស់នៅម្ដុំនោះ។ ពួកគេអាចមានឱកាសដឹកជញ្ជូនអ្នកទេសចរតាមនាវាចម្លង ឬស្រឡាងទៅកាន់ទីនោះ។

 

 

 

 

 

អ្នកនេសាទខ្លះប្រាប់ថាកាលពីមុន ខ្លួនអាចរកប្រាក់ចំណូលពីការនេសាទបានត្រឹមតែ២០០ប៉េហ្សូតែក្នុង១ថ្ងៃ ឬស្មើនឹង៣ដុល្លារប្រាំកាក់។ ប៉ុន្តែនៅពេលភ្ញៀវទេសចរចង់មកកម្សាន្តនៅទីនេះ ពួកគេអាចរកបានពី១៥០០ទៅ១៨០០ប៉េហ្សូក្នុង១ថ្ងៃ។ យោងតាមការតំណាលប្រាប់ពីអាជ្ញាធរខេត្តផាន់ថាបាំងហ្កាន (Pantabangan) គេបានរុះរើទីក្រុងទៅទីកន្លែងផ្សេងកាលពីអំឡុងឆ្នាំ១៩៧០ប្លាយ។

 

កាលនោះ គេចាប់ផ្ដើមសាងសង់ទំនប់ទឹកនេះដើម្បីផ្ដល់ប្រភពទឹកសាបសម្រាប់ស្រោចស្រពដំណាំនៅខេត្តនូវ៉ា.អេស៊ីចា (Nueva Ecija) និងខេត្តក្បែរៗនោះ។ គួរកត់សម្គាល់ថាប្រទេសហ្វ៊ីលីពីនក៏មិនខុសពីបណ្ដាប្រទេសដទៃទៀតនៅអាស៊ីអាគ្នេយ៍នោះទេបានទទួលរងកម្ដៅខ្លាំងដោយសារឥទ្ធិពលនៃបាតុភូតអែលនីញ៉ូ (El Niño)។

 

 

 

 

សាលារៀនមួយចំនួនត្រូវតែបង្ខំចិត្តបិទទ្វារ។ អាជ្ញាធរចុះណែនាំឲ្យបងប្អូនប្រជាពលរដ្ឋស្នាក់នៅក្នុងម្លប់ និងកុំស្នាក់នៅហាលថ្ងៃយូរពេកព្រោះធ្វើឲ្យពួកគេខ្សោះជាតិទឹក និងកើតមានអាការៈស្លខ្យល់ដោយសារកម្ដៅខ្លាំង៕

 

 

 

 

 

ប្រែសម្រួល៖ អន សំអាង

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024