ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ណែនាំឲ្យមូលដ្ឋានសុខាភិបាលទូទាំងប្រទេស យកចិត្តទុកដាក់លាងសម្អាតដៃឲ្យបានត្រឹមត្រូវ

០៦ ឧសភា ២០២៤ | ព័ត៌មានជាតិ



ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ណែនាំឲ្យមូលដ្ឋានសុខាភិបាលទូទាំងប្រទេស យកចិត្តទុកដាក់ ក្នុងការលាងសម្អាតដៃ ឲ្យមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រី គូសបញ្ជាក់ថា ការសម្អាតដៃឲ្យបានត្រឹមត្រូវ អាចបង្ការការចម្លងរោគ ពិសេសការពារមេរោគ នៅពេលផ្តល់សេវាព្យាបាល និងថែទាំសុខភាព។ 

 


ក្នុងទិវាអនាម័យដៃពិភពលោក ៥ឧសភា ២០២៤ ខួបលើកទី១៤ ក្រោមប្រធានបទ "អនាម័យដៃ សង្គ្រោះជីវិត" ធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែឧសភា នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានផ្ញើសារដល់អ្នកជំងឺ សមាជិកគ្រួសារ និងជាសំខាន់គឺបុគ្គលិកសុខាភិបាលទាំងអស់ ដែលបម្រើសេវាសុខាភិបាល សូមចូលរួមចំណែកអនុវត្តអនាម័យដៃឲ្យបានល្អ។ ឯកឧត្តមបានបញ្ជាក់ថា ការលាងសម្អាតដៃបានត្រឹមត្រូវ គឺជាការគោរពដល់ជីវិតរបស់មនុស្ស ដែលអាចបណ្តាលមកពីការចម្លងមេរោគតាមរយៈដៃ។

 


ក្នុងសុន្ទកថារដ្ឋមន្រ្តីក្រសួងសុខាភិបាលបានឲ្យដឹងថា អង្គការសុខភាពពិភពលោកបានរកឃើញមានអ្នកជំងឺរាប់រយលាននាក់ទូទាំងពិភពលោករងគ្រោះដោយសារការឆ្លងរោគតាមរយៈដៃក្នុងដំណើការថែទាំសុខភាព និងដំណើការព្យាបាល។ ដូច្នេះការសម្អាតដៃឲ្យបានត្រឹមត្រូវអាចបង្កាការចម្លងរោគ ដែលកើតឡើងតាមរយៈការផ្តល់សេវាព្យាបាល និងថែទាំសុខភាពបានជាង ៥០ភាគរយ។ 

 


គួរជម្រាបថា គិតត្រឹមខែឧសភា ឆ្នាំ២០២៤នេះ រយៈពេល ១៤ឆ្នាំហើយ ដែលអង្គការសុខភាពពិភពលោក (WHO) បានប្រារព្ធទិវាអនាម័យដៃពិភពលោក។ ទិវាអនាម័យដៃពិភពលោក តែងតែលើកទឹកចិត្តឱ្យអ្នកជំងឺ សមាជិកគ្រួសារ និងបុគ្គលិកសុខាភិបាល ចូលរួមចំណែកអនុវត្តអនាម័យដៃឲ្យបានល្អ។

 

 

ដូចប្រធានបទ "អនាម័យដៃ សង្គ្រោះជីវិត" ជាវិធានការមួយ ដែលមានប្រសិទ្ធភាពខ្ពស់បំផុតសម្រាប់ពិភពលោក និងកម្ពុជាក្នុងការទប់ស្កាត់ និងការការពារនៃការចម្លងមេរោគនានា៕

 

 

 

អត្ថបទ៖ អឿន ភារ៉ា  រូបភាព៖ ហ៊ុន សុជាតា 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024