ថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០២៤
ថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០២៤
ធនាគារកណ្តាលថៃ កំពុងរៀបចំដំណើរការទូទាត់ប្រាក់ឆ្លងដែន QR Code រវាងប្រទេសថៃ និងឥណ្ឌា នៅត្រីមាសទី ៣ នៃឆ្នាំនេះ ដោយមានផែនការពង្រីកប្រព័ន្ធនេះ ឱ្យក្លាយជាបណ្តាញទូទាត់ពហុជាតិទូទាំងអាស៊ី។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃនេះ ដោយសារព័ត៌មានក្នុងស្រុកថៃ។
យោងតាម ជំនួយការទេសាភិបាលសម្រាប់គោលនយោបាយប្រព័ន្ធទូទាត់ និងក្រុមការពារអ្នកប្រើប្រាស់ហិរញ្ញវត្ថុនៅធនាគារកណ្តាលថៃ បានឱ្យដឹងថា ការតភ្ជាប់ការទូទាត់ជាមួយ ប្រទេសឥណ្ឌាគ្រោងនឹងត្រូវបានអនុវត្តនៅក្នុងត្រីមាសទី ៣ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយ បណ្តាប្រទេសក្រៅក្រុមអាស៊ាន។ធនាគារថៃ បានបង្កើតការតភ្ជាប់ទូទាត់ឆ្លងដែន QR Code ជាមួយប្រទេសសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ កម្ពុជា វៀតណាម ហុងកុង និងជប៉ុនរួចហើយ។
ប្រតិបត្តិការឆ្លងដែនទាំងនេះ ត្រូវបានសម្របសម្រួលដោយ PromptPay ដែលជាវេទិកាទូទាត់អេឡិចត្រូនិកជាតិរបស់ប្រទេសថៃ។ក្នុងករណីប្រទេសសិង្ហបុរី តំណទូទាត់ឆ្លងដែនមានទាំងការទូទាត់កូដ QR និងសេវាផ្ញើប្រាក់។សម្រាប់ការទូទាត់ឆ្លងព្រំដែនដំណាក់កាលបន្ទាប់ នឹងរួមបញ្ចូលការផ្ទេរប្រាក់ឆ្លងកាត់តំបន់ តាមរយៈទំនាក់ទំនងពហុជាតិ បង្កើនប្រសិទ្ធភាពនៃប្រព័ន្ធទូទាត់ បើធៀបនឹងការរៀបចំទ្វេភាគី នាពេលបច្ចុប្បន្ន។
ធនាគារជាតិថៃ បញ្ជាក់ថា គំនិតផ្តួចផ្តើមសម្រាប់ការផ្ទេរប្រាក់ឆ្លងព្រំដែន ត្រូវបានចាប់ផ្តើមជាមួយប្រទេសសិង្ហបុរី ហើយគ្រោងនឹងពង្រីកទៅកាន់ប្រទេសផ្សេងទៀតនៅក្នុងតំបន់។គួរជម្រាបថា ចាប់តាំងពីការបើកដំណើរការក្នុងឆ្នាំ ២០១៦ ប្រតិបត្តិការ PromptPay បានបង្ហាញពីការរីកចម្រើនជាលំដាប់ ជាពិសេសក្នុងអំឡុងពេលជំងឺរាតត្បាត ដោយការចុះឈ្មោះ PromptPay ឥឡូវនេះមានចំនួន ៧៧លានគណនី៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ