ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វិនប៊ីន បាននិយាយកាលពីថ្ងៃពុធថា ការពង្រឹងការឃុបឃិតផ្នែកយោធារវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់នឹងបង្កើនភាពតានតឹង និងហានិភ័យនៃជម្លោះនៅក្នុងច្រកសមុទ្រតៃវ៉ាន់។
លោក វិនប៊ីន បានប្រាប់អាមេរិកតាមរយៈសន្និសីទសារព័ត៌មានក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃពុធថា ការពង្រឹងការឃុបឃិតផ្នែកយោធារវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់នឹងមិននាំមកនូវសន្តិសុខទេ។
លោកបានបន្ថែមថា អាមេរិកមិនអាចជួយសង្គ្រោះតៃវ៉ាន់តាមរយៈជោគវាសនានៃការប្រកាសឯករាជ្យបានទេ ព្រោះទង្វើនេះគឺមានតែរុញភាពតានតឹង និងហានិភ័យនៃជម្លោះនិងការប្រឈមមុខដាក់គ្នានៅច្រក សមុទ្រតៃវ៉ាន់កាន់តែខ្លាំងឡើង ហើយទីបំផុតវានឹងនាំទុក្ខលំបាកដល់ខ្លួនឯងតែប៉ុណ្ណោះ។
ការបញ្ជាក់របស់ចិននេះបានធ្វើឡើងចំពេលរដ្ឋមន្ត្រីការបរទេសអាមេរិកលោក អេនថូនី ប្ល៊ីនខិន កំពុងធ្វើទស្សនកិច្ចនៅទីក្រុងស៊ាងហៃដើម្បីជួបជាមួយនឹងមេដឹកនាំធុរកិច្ចមុនពេលចេញដំណើរទៅកាន់ទីក្រុងប៉េកាំង នៅថ្ងៃសុក្រសប្ដាហ៍នេះដើម្បីពិភាក្សាជាមួយនឹងសមភាគីចិនលោក វ៉ាង យី និងទំនងជាមានកិច្ចប្រជុំជាមួយនឹងប្រធានាធិបតីចិនលោក ស៊ី ជីនពីង ផងដែរ។
ការបញ្ជាក់របស់ចិននេះទៀតសោតបានធ្វើឡើងបន្ទាប់ពីសភារបស់សហរដ្ឋអាមេរិកបានអនុម័តច្បាស់ស្ដីពីថវិកាជំនួយ ដែលលោក ចូ បៃដិន ប្រធានាធិបតីអាមេរិកទើបតែបានចុះហត្ថលេខាឱ្យចូលជាធរមានកាលពីថ្ងៃពុធដើម្បីផ្ដល់មូលនិធិថ្មីរាប់ពាន់លានដុល្លារសម្រាប់កោះតៃវ៉ាន់ផងដែរ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន