ថ្ងៃច័ន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥
នាយកប្រតិបត្តិក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមអនឡាញដ៏ល្បីនៅថ្ងៃពុធ(២៤មេសា) បានសច្ចានឹងបន្តកិច្ចតវ៉ារបស់ខ្លួននៅតុលាការ ដើម្បីប្រឆាំងនឹងច្បាប់អាមេរិកដែលទើបនឹងចុះហត្ថលេខាថ្មីៗ។ តាមច្បាប់ថ្មីអាមេរិក គេនឹងឃើញថា បណ្តាញសង្គមអនឡាញដ៏មានប្រជាប្រិយភាពTikTokអាចនឹងត្រូវហាមឃាត់មិនឱ្យប្រើប្រាស់លើទឹកដីអាមេរិកក្នុងហេតុផលថាTikTokស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលចិន។
ច្បាប់អាមេរិកបានទុកពេលឱ្យក្រុមហ៊ុនTikTok ៩ខែ ដើម្បីដកខ្លួនចេញពីក្រុមហ៊ុនធំរបស់ប្រទេសចិនByteDance ឬបើមិនដូច្នោះទេ ក្រុមហ៊ុនTikTok ត្រូវដកខ្លួនចេញពីទីផ្សារអាមេរិក។
សហរដ្ឋអាមេរិក និងបណ្តាមន្ត្រីប្រទេសលោកខាងលិចផ្សេងទៀត បានលើកឡើងថា បណ្តាញទំនាក់ទំនងសង្គមអនឡាញTikTokបានផ្តល់សិទ្ធិឱ្យរដ្ឋាភិបាលទីក្រុងប៉េកាំងប្រមូលទិន្នន័យនិងធ្វើចារកម្មលើអ្នកប្រើប្រាស់។ បណ្តាញទំនាក់ទំនងសង្គមអនឡាញTikTokមានអ្នកប្រើប្រាស់១៧០លាននាក់នៅលើទឹកដីសហរដ្ឋអាមេរិកភាគច្រើនជាយុវវ័យ។
ក្រុមរិះគន់លើកឡើងថា TikTokក៏ជាច្រកចែកចាយការឃោសនាផងដែរ។ ប្រទេសចិន និងបណ្តាក្រុមហ៊ុនជាច្រើនបានបដិសេធខ្លាំងលើការអះអាងនេះ។
«គ្មានការយល់ច្រលំ,នេះជាបំរាម។ បំរាមលើTikTokនិងបំរាមលើយុវជននិងសម្លេងរបស់អ្នក»។ ប្រធានក្រុមហ៊ុនTikTokលោក Shou Zi Chew លើកឡើងក្នុងវីដេអូក្នុងបណ្តាញសង្គមTikTok ភ្លាមៗក្រោយលោកJoe Biden ប្រធានាធិបតីអាមេរិកចុះហត្ថលេខាលើពង្រាងច្បាប់ ឱ្យក្លាយទៅជាច្បាប់។
អត្ថបទ៖ណាវ័ន្ត