ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ប្រទេសរុស្ស៊ីរារាំងការពិនិត្យមើលឡើងវិញនូវទណ្ឌកម្មលើកូរ៉េខាងជើង

 

 

ប្រទេសរុស្ស៊ីបានប្រើសិទ្ធិវ៉េតូកាលពីថ្ងៃព្រហស្បតិ៍ប្រឆាំងនឹងការដាក់ឱ្យក្រុមអ្នកជំនាញពិនិត្យមើលឡើងវិញនូវការអនុវត្តការដាក់ទណ្ឌកម្មរបស់សហប្រជាជាតិជាយូរឆ្នាំមកហើយទៅលើប្រទេស កូរ៉េខាងជើងជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន។

 

ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិបានធ្វើការបោះឆ្នោតមួយកាលពីថ្ងៃព្រហស្បតិ៍ដើម្បីស្វែងរកការ គាំទ្រពីសមាជិកក្រុមប្រឹក្សាសន្តិសុខទាំង ១៥ ប្រទេសចំពោះសេចក្ដីសម្រេចនៃការពិនិត្យមើលឡើងវិញនូវទណ្ឌកម្មទៅលើកូរ៉េខាងជើង។ លទ្ធផលនៃការបោះឆ្នោតនេះបានបង្ហាញថា ប្រទេសចំនួន ១៣ បានបោះឆ្នោតគាំទ្រ ចំណែកប្រទេសចិនមិនបានបោះឆ្នោតទេ រីឯរុស្ស៊ីវិញបានប្រើសិទ្ធិវ៉េតូប្រឆាំងនឹងសេចក្ដីសម្រេចនេះតែម្ដង។

 

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហប្រជាជាតិលោក វ៉ាស៊ីលី ណេបិនហ្ស៊ី បាននិយាយថា រុស្ស៊ីជឿជាក់ថា វាជាពេលវេលាដ៏ត្រឹមត្រូវមួយសម្រាប់ក្រុមប្រឹក្សាសន្តិសុខក្នុងការបញ្ចប់ ការធ្វើបច្ចុប្បន្នភាពរបបទណ្ឌកម្មទាក់ទងនឹងកូរ៉េខាងជើង។ ចំណាត់ការរបស់រុស្ស៊ីនេះបានធ្វើឡើងចំពេលមានការចោទប្រកាន់ដឹកនាំដោយអាមេរិកថា កូរ៉េខាងជើងបានបញ្ជូនអាវុធទៅឱ្យរុស្ស៊ីដែលទីក្រុងម៉ូស្គូបានប្រើប្រាស់ក្នុងសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។

 

ទាំងក្រុងម៉ូស្គូ និងក្រុងព្យុងយ៉ាងបានបដិសេធការចោទប្រកាន់នេះ ប៉ុន្តែពួកគេបានប្តេជ្ញាកាលពីឆ្នាំមុនថានឹងធ្វើឱ្យទំនាក់ទំនងយោធាទ្វេភាគីកាន់តែស៊ីជម្រៅ។ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំសហប្រជាជាតិលោក ជុន គូក វ៉ាង បាននិយាយពាក់ព័ន្ធនឹងការប្រើសិទ្ធិវ៉េតូរបស់រុស្ស៊ីនេះថា  នៅពេលនេះ រុស្ស៊ីហាក់ដូចជាចាប់អារម្មណ៍កាន់តែខ្លាំងក្នុងការឱបក្រសោប ឬលើកទឹកចិត្តដល់កូរ៉េខាងជើងសម្រាប់ការផ្តល់អាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងសម្រាប់ធ្វើសង្រ្គាមនៅអ៊ុយក្រែនដោយមិនខ្វល់ពីរបបមិនរីកសាយភាយនុយក្លេអ៊ែរ និងមុខងារដ៏ត្រឹមត្រូវរបស់ក្រុមប្រឹក្សាសន្តិសុខ៕

 

 

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024