ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីMahathir Mohamadជាប់ស៊ើបអង្កេតករណីពុករលួយពាក់ព័ន្ធនឹងកូនប្រុស

 

 

លោក Mahathir Mohamad អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ស្ថិតនៅក្នុងចំណោមបុគ្គលជាច្រើនរូបដែលត្រូវស៊ើបអង្កេតក្នុងករណីពុករលួយពាក់ព័ន្ធនឹងកូនប្រុសរបស់លោក។ ប្រធាននៃគណៈកម្មាការប្រឆាំងអំពើពុករលួយ (MACC) លើកឡើងនៅថ្ងៃព្រហស្បតិ៍។ 

 

ការស៊ើបអង្កេត ធ្វើឡើង ចំពេលមានការបង្ក្រាបទ្រង់ទ្រាយធំលើករណីពុករលួយពាក់ព័ន្ធនឹងឥស្សរជននយោបាយសំខាន់ៗរួមមានអ្នកជិតស្និទ្ធិនឹងលោក Mahathir ដែលជាមេដឹកនាំជើងចាស់អាយុ៩៨ឆ្នាំ។ លោក Mahathir ជាសត្រូវយូរឆ្នាំរបស់លោកAnwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនាពេលបច្ចុប្បន្ន។ 

 

លោកAnwar បដិសេធវាយប្រហារគោលដៅគូប្រឆាំងនយោបាយដោយលើកឡើងថា ការស៊ើបអង្កេតជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីដោះស្រាយអំពើពុករលួយកម្រិតខ្ពស់។

 

ស្ថាប័នMACC នៅខែមករា បានប្រគល់ដីកាបង្គាប់ឱ្យកូនប្រុសលោកMahathirដែលជាពាណិជ្ជករមានលោក  Mirzan និងលោកMokhzaniឱ្យប្រកាសទ្រព្យសម្បត្តិ ជាផ្នែកនៃការស៊ើបអង្កេតទៅលើរបាយការណ៍ពាណិជ្ជកម្មនិងហិរញ្ញវត្ថុក្រៅប្រទេស។ 

 

លោក Azam Baki ប្រធានស្ថាប័នMACC នៅថ្ងៃព្រហស្បតិ៍ បានបដិសេធបង្ហាញដំណើរការស៊ើបអង្កេតលើលោកMahathir​ឬកូនប្រុសរបស់លោកដោយប្រាប់ទៅកាន់អ្នកសារព័ត៌មានថា រង់ចាំការស៊ើបអង្កេតបញ្ចប់សិនរហូតដល់ពេលវេលាដែលអាចប្រកាសបាន។ 

 

ការិយាល័យរបស់លោកMahathirមិនមានការអត្ថាធិប្បាយអ្វីឡើយ។ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះកន្លងមកធ្លាប់លើកឡើងថាការស៊ើបអង្កេតប្រឆាំងកូនប្រុសរបស់លោកធ្វើឡើងជាចេតនានយោបាយ។  

 

 


 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024