ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

សារព័ត៌មានFT៖អ៊ុយក្រែនជំរុញឥណ្ឌាគិតឡើងវិញពីកេរ្តិ៍ដំណែលសហភាពសូវៀតនៃទំនាក់ទំនងរុស្ស៊ី

 

 

លោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានជំរុញឱ្យឥណ្ឌាគាំទ្ររដ្ឋាភិបាលទីក្រុងKyiv ដោយនិយាយថា ទំនាក់ទំនងជិតស្និទ្ធិរវាងប្រទេសឥណ្ឌា និងរុស្ស៊ី ពឹងផ្អែកទៅលើកេរ្តិ៍ដំណែលសហភាពសូវៀតដែលកំពុងតែសាបរលាបទៅ។ យោងសារព័ត៌មានFinancial Timesផ្សាយនៅថ្ងៃសុក្រនេះ។​ 
 

លោក Kuleba បានទៅដល់ទីក្រុងញូវដេលីនៃប្រទេសឥណ្ឌានៅថ្ងៃព្រហស្បតិ៍ ដើម្បីបង្ហាញពីចក្ខុវិស័យរបស់រដ្ឋាភិបាលទីក្រុងកៀវក្នុងដំណើរទៅកាន់សន្តិភាពនៅប្រទេសអ៊ុយក្រែន និងពង្រឹងទំនាក់ទំនងជាមួយប្រទេសឥណ្ឌា។ 


ប្រទេសឥណ្ឌា មានទំនាក់ទំនងផ្នែកវិស័យកិច្ចការពារជាតិ និងសេដ្ឋកិច្ចយូរអង្វែងមកហើយជាមួយរដ្ឋាភិបាលទីក្រុងម៉ូស្គូ ហើយឥណ្ឌាក៏មិនបានរិះគន់ប្រទេសរុស្ស៊ីពាក់ព័ន្ធនឹងការឈ្លានពានអ៊ុយក្រែននៅខែកុម្ភៈឆ្នាំ២០២២ដែរ។ ជំនួសមកវិញឥណ្ឌាបានទិញប្រេងយ៉ាងច្រើនពីប្រទេសរុស្ស៊ីក្នុងកម្រិតកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាន។ 


លោក Kuleba  បានលើកឡើងថា ប្រទេសឥណ្ឌានឹងទទួលបានប្រយោជន៍ច្រើន ពីការពង្រីកទំនាក់ទំនងបច្ចេកវិទ្យានិងពាណិជ្ជកម្មជាមួយប្រទេសអ៊ុយក្រែន ហើយបានស្នើផ្តល់ឱកាសឱ្យក្រុមហ៊ុនជាច្រើនរបស់ប្រទេសឥណ្ឌា។ 

 

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនរូបនេះបានថ្លែងប្រាប់សារព័ត៌មានថា ប្រទេសអ៊ុយក្រែន នៅពេលឥឡូវនេះសំឡឹងរកការស្តារពាណិជ្ជកម្មឡើងវិញជាមួយប្រទេសឥណ្ឌា ដោយចាប់ផ្តើមការនាំចេញផលិតផលកសិកម្មឡើងវិញដូចជាប្រេងផ្កាឈូករ័ត្ន និងទិញទំនិញជាច្រើនដែលប្រទេសឥណ្ឌាផលិត។ 


ប្រទេសអ៊ុយក្រែន សង្ឃឹមមានកិច្ចប្រជុំកំពូលជាមួយមេដឹកនាំពិភពលោកដោយគ្មានវត្តមានរុស្ស៊ី នៅប៉ុន្មានខែខាងមុខដើម្បីបង្ហាញពីភាពវិជ្ជមាននៃផែនការលំអិតសម្រាប់សន្តិភាព និងមានការអំពាវនាវឱ្យដកយោធារុស្ស៊ីចេញពីអ៊ុយក្រែន។ រុស្ស៊ីបានបដិសេធ គំនិតផ្តួចផ្តើមការទូតរបស់ប្រទេសអ៊ុយក្រែន និងបានហៅថា ចាញ់មុខប្រកួត។
 

 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024