ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

សហរដ្ឋអាមេរិកផ្តល់ឱ្យរដ្ឋMaryland ៦០លានដុល្លារសាងសង់ស្ពានទីក្រុងBaltimoreឡើងវិញ

 

 

រដ្ឋាភិបាលអាមេរិក នៅថ្ងៃព្រហស្បតិ៍បានផ្តល់ទឹកប្រាក់៦០លានដុល្លារអាមេរិកជាមូលនិធិបន្ទាន់ដើម្បីសំអាតសំណល់ និងចាប់ផ្តើមសាងសង់ស្ពានFrancis Scott Keyដែលបាក់ចូលសមុទ្រ នៅទីក្រុងBaltimoreនៃសហរដ្ឋអាមេរិក។ នេះជាការអនុម័ត្តទឹកប្រាក់លឿនបំផុតអាចចាត់ទុកថាលឿនខុសប្រក្រតី ក្រោយស្ថានភាពគ្រោះថ្នាក់បែបនេះបានកើតឡើង។ 

 

លោក Wes Moore  អភិបាលរដ្ឋMaryland បានស្នើទឹកប្រាក់៦០លានដុល្លារអាមេរិក ហើយក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដ្ឋបាលផ្លូវហាយវេសហព័ន្ធនៃក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិកបានអនុម័តសំណើរដើម្បីផ្តល់មូលនិធិដល់ការងារសង្គ្រោះបន្ទាន់។

 

ជាទូទៅសម្រាប់មូលនិធិបែបនេះ ក៏ត្រូវចំណាយពេលជាច្រើនថ្ងៃដែរ ប៉ុន្តែលោក Joe Biden ប្រធានាធិបតីអាមេរិកនៅថ្ងៃអង្គារ បានប្រាប់អ្នកសារព័ត៌មានថា លោកបានបញ្ជារដ្ឋាភិបាលសហព័ន្ធសាងសង់ស្ពាននេះឡើងវិញឱ្យបានឆាប់រហ័សបំផុត។ 

 

មន្ត្រីមូលដ្ឋានឱ្យដឹងថា នាវាដឹកទំនិញមួយគ្រឿងឈ្មោះDaliប្រើទង់ជាតិប្រទេសសិង្ហបុរីបានបើកបុកស្ពាន Francis Scott Keyនៅទីក្រុងBaltimoreរដ្ឋMarylandនៃសហរដ្ឋអាមេរិកនៅពេលនាវានេះកំពុងដឹកទំនិញឱ្យក្រុមហ៊ុនMaerskរបស់ប្រទេសដាណឺម៉ាកឆ្ពោះទៅប្រទេសស្រីលង្កា។

 

គ្រោះថ្នាក់នេះបានធ្វើឱ្យរថយន្តប្រហែល ៧ គ្រឿងធ្លាក់ចូលទៅក្នុងទឹកទន្លេដោយបាននាំយកមនុស្សយ៉ាងតិច ២០ នាក់ចូលនៅក្នុងទន្លេនេះផងដែរ។ ប៉ូលិសអាមេរិកឱ្យដឹងថា កម្មករនៅលើនាវានេះចំនួន៦នាក់កំពុងបាត់ខ្លួន ហើយគេបានសន្និដ្ឋានថាពួកគេប្រហែលជាបានស្លាប់ទៅហើយ ខណៈដែលប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះត្រូវបានផ្អាកក្រោយពីបានធ្វើរយៈពេល១៨ម៉ោងមកហើយ។

 

ពីខាងនាវានេះឱ្យដឹងថា ខ្លួនបានរាយការណ៍ពីការខូចម៉ាស៊ីនដល់មន្ត្រីមូលដ្ឋានដើម្បីអនុញ្ញាតឱ្យពួកគេអាចបញ្ឈប់ការធ្វើចរាចរណ៍នៅលើស្ពាននេះមុនពេលនាវាដឹកទំនិញនេះបានជ្រុលទៅបុកស្ពាននេះ៕


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024