ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ប្រទេសថៃរៀបចំទិវាសត្វដំរីជាតិប្រចាំឆ្នាំអមដោយសារការផ្ដល់ជូនបន្លែ និងផ្លែឈើសម្រាប់ពួកវា

អ្នកស្ម័គ្រចិត្តក្នុងស្រុក និងអន្តរជាតិត្រូវបានអញ្ជើញឲ្យចូលរួមក្នុងការផ្ដល់បន្លែ និងផ្លែឈើចំនួនដប់តោនដល់សត្វដំរីនៅប្រទេសថៃ និងជំរុញការយល់ដឹងអំពីទំនាក់ទំនងដ៏រឹងមាំរវាងជនជាតិថៃ និងសត្វដំរីក្នុងស្រុក។ នាយកដ្ឋានអភិរក្សសត្វព្រៃ និងរុក្ខជាតិថៃឲ្យដឹងថាប្រទេសថៃនៅសល់ដំរីស្រុក៣៨០០ក្បាលនៅក្នុងដែនជម្រកសត្វព្រៃនៅទូទាំងប្រទេសនេះ។

 

 

 

 

ទិវាជាតិដំរីរបស់ប្រទេសថៃត្រូវបានផ្តួចផ្តើមឡើងដោយអ្នកអភិរក្សសត្វព្រៃកាលពីឆ្នាំ១៩៩៨ដើម្បីជាការដាស់តឿនដល់ប្រជាជនថៃឲ្យយល់ដឹងអំពីសារៈសំខាន់នៃសត្វដំរី និងលើកទឹកចិត្តដល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីការពារពួកវាពីការបរបាញ់របស់ព្រានព្រៃខុសច្បាប់។

 

គេឃើញថានៅក្នុងទិវានេះ សត្វដំរីប្រហែល៧០ក្បាលនៅទីក្រុងបុរាណអយុធ្យារបស់ប្រទេសថៃបានរីករាយជាមួយពិធីបុណ្យផ្លែឈើពិសេសដើម្បីអបអរសាទរទិវាជាតិដំរីកាលពីថ្ងៃពុធ ទី១៣ ខែមីនា អមដោយពិធីសូត្រធម៌តាមបែបប្រពៃណីដែលសម្ដែងដោយព្រះសង្ឃជាច្រើនអង្គ។ ក្រុមអ្នកស្ម័គ្រចិត្តក្នុងស្រុក និងអន្តរជាតិត្រូវបានគេអញ្ជើញឲ្យមកទីនេះ។

 

ពួកគេបោះបន្លែ និងផ្លែឈើឲ្យសត្វដំរី។ អ្នកខ្លះប្រាប់ថាពួកគេមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងដែលមានឱកាសចូលរួមនៅក្នុងពិធីនេះ។ សម្រាប់ទឹកចិត្តរបស់ប្រជាជនថៃ ដំរីជាសត្វដែលមានតម្លៃ និងមានសារៈសំខាន់ក្រៃលែង។

 

 

 

 

 

អ្នកខ្លះចាត់ទុកការចូលរួមនៅក្នុងពិធីនេះជាព្រឹត្តិការណ៍សំខាន់នៅក្នុងជីវិតរបស់ពួកគេ។ ពួកគេតែងតែនឹកស្រមៃជាយូរមកហើយថាថ្ងៃណាមួយនឹងមានឱកាសបាននៅក្បែរសត្វដំរី និងបង្ហាញការយកចិត្តទុកដាក់ខ្ពស់ចំពោះពួកគេ។ ឥឡូវនេះ បានសម្រេចក្ដីសុបិននេះហើយ។ ដំរីក៏ជាសត្វដែលមានបញ្ញាឈ្លាសវៃសម្បើមណាស់ដែរ៕

 

 

 

 

ប្រែសម្រួល៖ អន សំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024