ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ក្រុមសិទ្ធិមនុស្សរាប់រយជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់និរទេសពលរដ្ឋហៃទីដែលរត់គេចចេញពីការប៉ះទង្គិចប្រដាប់អាវុធ

 

 

 

អង្គការសិទ្ធិមនុស្ស និងទេសន្តរប្រវេសន៍ជិត៥០០ស្ថាប័ន បានចុះហត្ថលេខារួមគ្នាលើលិខិតមួយជំរុញឱ្យរដ្ឋាភិបាលអាមេរិក បញ្ឈប់និរទេសពលរដ្ឋហៃទី ហើយពង្រីកកិច្ចការពារជនចំណាកស្រុក ខណៈដែលការប៉ះទង្គិចក្រុមប្រដាប់អាវុធបានផ្ទុះឡើងនៅប្រទេសដែនកោះសមុទ្រCaribbean មួយនេះ។ 

 

អង្គការ Haitian Bridge Alliance ដែលជាអង្គការមិនរកប្រាក់ចំណេញមានមូលដ្ឋាននៅទីក្រុង San Diego បានចេញលិខិតមួយនៅថ្ងៃពុធរួមជាមួយក្រុមចំណាកស្រុក សិទ្ធិមនុស្ស សាសនា និងសិទ្ធិស៊ីវិលចំនួន៤៨១ស្ថាប័នផ្សេងទៀត អំពាវនាវដល់រដ្ឋបាលអាមេរិកពន្យាពេលស្ថានភាពដែលទទួលបានកិច្ចការពារបណ្តោះអាសន្នសម្រាប់ពលរដ្ឋហៃទី, ផ្អាកនិរទេស និងការវិលត្រលប់ដោយបង្ខំ, ដោះលែងជនចំណាកស្រុកជាប់ឃុំ និងពង្រីកកម្មវិធីដោះលែងជនភៀសខ្លួន។ 

 

បណ្តាប្រទេសជាច្រើនរួមមាន សហរដ្ឋអាមេរិក កាណាដា និងប្រទេសបារាំង បានជម្លៀសពលរដ្ឋរបស់ពួកគេ  រួមនិងបុគ្គលិកអង្គការអន្តរជាតិនៅហៃទីដូចជា ស្ថាប័នអង្គការសហប្រជាជាតិ សហភាពអ៊ឺរ៉ុប ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ ចេញពីប្រទេហៃទី។ 

 

បណ្តាប្រទេសជិតខាងនិងប្រទេសហៃទីក៏ចេញវិធានការពង្រឹងសន្តិសុខនៅព្រំដែន ហើយនិរទេសពលរដ្ឋហៃទីដែលគេចចេញពីហិង្សានៅក្នុងស្រុកត្រលប់ទៅហៃទីវិញ ទោះជាមានការរិះគន់ពីអង្គការសហប្រជាជាតិ។ សហរដ្ឋអាមេរិក កាណាដា ក៏បានដាក់ពង្រាយយោធាំដើម្បីការពារស្ថានទូតរបស់ពួកគេផងដែរ។ 

 

ស្ថានភាពនយោបាយនៅប្រទេសហៃទី ស្ថិតនៅក្រោមការជាប់គាំងមក២សប្តាហ៍ហើយដោយសារអ្នកនយោបាយមិនអាចឯកភាពគ្នាទៅលើការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន នៅស្របពេលដែលក្រុមប្រដាប់អាវុធដែលជាសម្ព័ន្ធអ្នកនយោបាយប្រឆាំងរដ្ឋាភិបាលមុន នៅបង្កការប៉ះទង្គិចនិងហិង្សាទៅទូទាំងទីក្រុងPort-au-Prince។


 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024