ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤
ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤
សហរដ្ឋអាមេរិកនៅថ្ងៃពុធ(២៧មីនា) បានប្រកាសទណ្ឌកម្មលើបុគ្គល៦រូប ហើយនិងក្រុមហ៊ុនចំនួន២ មានមូលដ្ឋាននៅប្រទេសរុស្ស៊ី ប្រទេសចិន ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដោយបានចោទប្រកាន់បុគ្គលនិងក្រុមហ៊ុនទាំងអស់នោះថាបញ្ជួនមូលនិធិទៅក្នុងកម្មវិធីអាវុធរបស់ប្រទេសកូរ៉េខាងជើង។
ប្រទេសកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដូចគ្នានឹងសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើបុគ្គល៤រូបក្នុងចំណោមបុគ្គលទាំង៦រូបដែលអាមេរិកដាក់ទណ្ឌកម្មនោះនិងក្រុមហ៊ុនទាំង២។
សេចក្តីថ្លែងការណ៍របស់ក្រសួងរតនាគារសហរដ្ឋអាមេរិក និងក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយថា សកម្មភាពនេះត្រូវបានធ្វើឡើងនៅក្នុងការសម្របសម្រួលរវាងប្រទេសទាំងពីរ។
បុគ្គលទាំង៦រូបមាន Yu Pu Ung, Ri Tong Hyok, Han Chol Man, O In Chun, Jong Song Ho ហើយនិងJon Yon Gun។
ចំណែកក្រុមហ៊ុនទាំង២ដែលសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងដាក់ទណ្ឌកម្មមានក្រុមហ៊ុន Alis LLC មានមូលដ្ឋាននៅប្រទេសរុស្ស៊ី និងក្រុមហ៊ុនPioneer Bencont Star Real Estate មានមូលដ្ឋាននៅប្រទេសអេមីរ៉ាតអារ៉ាប់រួម។
សេចក្តីថ្លែងការណ៍ឱ្យដឹងថា ក្រុមហ៊ុនទាំងពីរ ស្ថិតនៅក្រោមក្រុមហ៊ុនពត៌មានវិទ្យាChinyong ដែលជាអង្គភាពពាក់ព័ន្ធជាមួយយោធាកូរ៉េខាងជើង។
សេចក្តីប្រកាសពីទណ្ឌកម្មធ្វើឡើងក្រោយសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូងនៅសប្តាហ៍នេះ បានចាប់ផ្តើមក្រុមការងារថ្មីមួយរារាំងកូរ៉េខាងជើងមិនឱ្យទទួលបានប្រេងខុសច្បាប់។
អត្ថបទ៖ណាវ័ន្ត