ថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥

ក្រុមហ៊ុនរថយន្ត BMW គ្រោងបើករោងចក្រផលិតអាគុយនៅក្នុងប្រទេសថៃ

០១ មីនា ២០២៤ | សេដ្ឋកិច្ច

 

ក្រុមហ៊ុន BMW Group នៅក្នុងប្រទេសថៃ គ្រោងនឹងសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនី នៅក្នុងប្រទេសថៃ ក្នុងឆ្នាំនេះ ដើម្បីគាំទ្រដល់ការលក់អាគុយរថយន្តអគ្គិសនី និងរថយន្តកូនកាត់ Hybrid ប្រកួតប្រជែងជាមួយបណ្តាញផ្គត់ផ្គង់រថយន្តអគ្គិសនី របស់ចិន។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃនេះ ដោយសារព័ត៌មានក្នុងស្រុកថៃ។

 

 

ក្រុមហ៊ុន BMW បានបញ្ជាក់ថា ថវិកាវិនិយោគ និងសមត្ថភាពផលិតរបស់រោងចក្រ ដែលនឹងមានទីតាំងនៅ ខេត្តរ៉ាយ៉ង នឹងត្រូវសម្រេចក្នុងពេលឆាប់ៗនេះ។
លោក Alexander Baraka ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន BMW Group ប្រចាំប្រទេសថៃ បានបញ្ជាក់ថា ក្រុមហ៊ុន បានសម្រេចចិត្តវិនិយោគលើ ការផលិតអាគុយ ដោយសារប្រទេសចិន កំពុងពង្រីកការវិនិយោគរថយន្តអគ្គិសនី និងសង្វាក់ផ្គត់ផ្គង់នៅក្នុងប្រទេសថៃ។

 


លោកបានបន្តថា ប្រទេសថៃ នឹងក្លាយជាប្រទេសដំបូងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានរោងចក្រផលិតអាគុយរថយន្តអគ្គិសនី BMW បន្ទាប់ពីរោងចក្រនៅប្រទេសចិន និងប្រទេសហុងគ្រី។ក្រុមហ៊ុន ចង់ឱ្យប្រទេសថៃ ក្លាយជាមជ្ឈមណ្ឌលនាំចេញ សម្រាប់ការផលិតអាគុយ។លើសពីនេះ ក្រុមហ៊ុន ក៏មានគម្រោងវិនិយោគលើការផលិតរថយន្តអគ្គិសនីផងដែរ ប៉ុន្តែការសម្រេចចិត្តចុងក្រោយ នឹងត្រូវបានកំណត់ដោយកត្តាជាច្រើន រួមទាំងតម្រូវការទីផ្សារ និងការផ្គត់ផ្គង់ឧបករណ៍បន្ទះឈីប ទូទាំងពិភពលោក។

 


ជាក់ស្តែង ទីផ្សាររថយន្តអគ្គិសនីរបស់ប្រទេសថៃ កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់ឧស្សាហកម្មនេះ ក្នុងគោលបំណងធ្វើឱ្យ ប្រទេសថៃក្លាយជាមជ្ឈមណ្ឌលផលិតកម្មរថយន្តអគ្គិសនីក្នុងតំបន់។សូមបញ្ជាក់ថា កាលពីឆ្នាំ ២០២៣ ក្រុមហ៊ុន BMW Group ប្រចាំប្រទេសថៃ បានបង្ហោះការលក់រថយន្តសរុបចំនួន ១ម៉ឺន ៥ពាន់គ្រឿង រួមទាំងរថយន្តក្រោមម៉ាក BMW និង Mini កើនឡើង ៤%៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025