ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤

ប្រទេសសមាជិកជីម្ភៃស្ទើរតែទាំងអស់គាំទ្រការបង្កើតរដ្ឋ២ដើម្បីបិទបញ្ចប់ជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន

២៦ កុម្ភៈ ២០២៤ | ព័ត៌មានអន្តរជាតិ

នៅឯកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសជីម្ភៃ ប្រទេសជាសមាជិកស្ទើរតែទាំងអស់គាំទ្រការបង្កើតរដ្ឋ២។ ពួកគេយល់ថាមានតែវិធីនេះទេទើបអាចដោះស្រាយវិបត្តិអ៊ីស្រាអែល-ប៉ាឡេស្ទីន។ ការថ្លែងដូច្នេះនៅពេលចំនួនអ្នកស្លាប់នៅតំបន់ហ្កាហ្សាកើនឡើងដល់ជិត៣ម៉ឺននាក់ហើយនៅខ្វះតែប៉ុន្មានរយនាក់ទៀតប៉ុណ្ណោះដោយសារគ្រាប់មីស៊ីល និងការទម្លាក់គ្រាប់បែក។

 

 

 

 

ប្រទេសប្រេស៊ីលក្នុងនាមជាម្ចាស់ផ្ទះបានសង្កត់ធ្ងន់ថាកិច្ចប្រជុំលើកនេះបង្ហាញនូវស្មារតីគាំទ្រស្ទើរតែជាឯកច្ឆន្ទចំពោះផែនការបង្កើតរដ្ឋពីរ។ រដ្ឋមន្ត្រីប្រេស៊ីលថ្លែងថាក្រុមប្រទេសជីម្ភៃក៏សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងផងដែរអំពីបញ្ហាសង្គ្រាមនៅតំបន់ហ្កាហ្សាដែលមិនទាន់មានសញ្ញាថានឹងបិទបញ្ចប់ទៅវិញនៅក្នុងពេលឆាប់ៗនេះទេ។

 

មិនតែប៉ុណ្ណោះ ជីម្ភៃបារម្ភថាជម្លោះនេះអាចនឹងរីករាលដាលទៅដល់ប្រទេសដទៃទៀតទូទាំងតំបន់មជ្ឈិមបូព៌ា។ សមាជិកជីម្ភៃខ្លះអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ដើម្បីជួយសម្រួលការដឹកជញ្ជូនជំនួយមនុស្សធម៌ចូលតំបន់ហ្កាហ្សា។

 

រីឯសមាជិកខ្លះទៀតរិះគន់អ៊ីស្រាអែលដែលវាយប្រហារតំបន់ហ្កាហ្សាមិនទាន់អស់ចិត្តទេ។ ពួកគេជម្រុលដំណើរទៅតំបន់រ៉ាហ្វាថែមទៀត។ ទីនេះជាទីកន្លែងចុងក្រោយរបស់ជនស៊ីវិលប៉ាឡេស្ទីន។ បើអស់កន្លែងនេះទៀត ពួកគេមានតែរត់ចូលប្រទេសអេហ្ស៊ីប។

 

បើអ៊ីស្រាអែលបន្តវាយចូលអេហ្ស៊ីបទៀត នោះហើយជាសង្គ្រាមមជ្ឈិមបូព៌ាយ៉ាងពេញទំហឹង។ ក្រៅពីនិយាយអំពីបញ្ហាអ៊ីស្រាអែល ជីម្ភៃក៏ឆ្លៀតនិយាយអំពីបញ្ហាអ៊ុយក្រែនផងដែរ។ ប្រទេសខ្លះរិះគន់ប្រទេសរុស្ស៊ីនៅក្នុងកិច្ចប្រជុំនៅចំពោះមុខវត្តមានរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីតែម្ដង។ ចំណុចទៀត ជីម្ភៃប្រកាសគាំទ្រទាំងស្រុងចំពោះផែនការរបស់ប្រេស៊ីលដែលចង់ធ្វើកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចជាអន្តរជាតិ៕

 

 

 

 

អត្ថបទ៖ អន សំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024