ថ្ងៃអង្គារ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៥
បន្ទាប់ពីមើលឃើញថា កូនស្រីបណ្តូលចិត្តរបស់ខ្លួន គឺម៉ូដែលវ័យក្មេង គឹម អាយវីន មានដុងលើផ្នែកសិល្បៈ Content Creator សួន ធីតា ត្រូវជាអ្នកម្តាយប្តេជ្ញាជំរុញកូនស្រីបន្ថែមទៀត តាមរយៈការផលិតវីដេអូប្រម៉ូតឱ្យកូនស្រី ដើម្បីឱ្យគ្រប់គ្នាឆាប់ស្គាល់ម៉ូដែលតូចរូបនេះ ឱ្យកាន់តែច្រើនឡើង។
អ្នកផលិតមាតិកាលើបណ្តាញសង្គមដ៏លេចធ្លោ សួន ធីតា គឺជាអ្នកម្តាយរបស់តារាមូដែលវ័យក្មេង គឹម អាយវីន ដែលបច្ចុប្បន្នម៉ូដែលតូចរូបកំពុងលេចធ្លោ កំពុងជំរុញលើកទឹកចិត្តកូនស្រី ចូលប្រឡូកវិស័យម៉ូដែលទាំងបច្ចុប្បន្ន និងទៅថ្ងៃអនាគត។គួរឱ្យភ្ញាក់ផ្អើល អាយុទើបតែ៦ឆ្នាំសោះ អាយរីន មានសមត្ថភាពខ្ពស់លើការដើរបង្ហាញម៉ូដ ដោយអាចដើរម៉ូដបានយ៉ាងស្ទាត់ជំនាញ មិនចាញ់តារាម៉ូដែលរៀមច្បង និងបងបងដែលហាត់រៀនជាមួយគ្នានោះឡើយ។
ស្ថិតក្នុងវ័យ ៦ឆ្នាំ កុមារីឆ្លាតវ័យ គឹម អាយវីន ទទួលបានឱកាសចេញទៅដើរម៉ូដលើឆាកអន្តរជាតិចំនួន ២ដង សុទ្ធសឹងជាឆាកលំដាប់អន្តរជាតិដែលមានតារាម៉ូដែលមកពីបណ្តាប្រទេសជាច្រើន។ អ្នកស្រី សួន ធីតា និងស្វាមី ពិតជាមានមោទនភាពលើកូនស្រីរូបនេះខ្លាំងណាស់ ពេលឃើញកូនក្លាហានហ៊ានបញ្ចេញសមត្ថភាពដើរម៉ូដលើឆាកអន្តរជាតិដែលមានទស្សនិកជនយ៉ាងច្រើនកុះករបែបនេះ។
ដោយសារខ្លួនឯងមានចំណេះជំនាញលើការផលិតវីដេអូ និងជាបុគ្គលមានឈ្មោះបោះសម្លេងម្នាក់លើបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok ដូច្នេះហើយអ្នកស្រី សួន ធីតា បានប្រើប្រាស់វាជាប្រយោជន៍ ដើម្បីជួយជំរុញឱ្យឆាប់មានគេស្គាល់កូនស្រីបណ្តូលចិត្ត គឹម អាយវីន ឱ្យបានកាន់តែច្រើន តាមរយៈមាតិកាកម្សាន្តប្លែកៗដែលអ្នកស្រីបានផលិតឡើង។
បន្ថែមពីលើនោះ Content Creator រូបនេះ ក៏បានចំណាយពេលវេលាជូនកូនទៅហ្វឹកហាត់ការដើរម៉ូដ និងជំនាញសិល្បៈផ្សេងៗយ៉ាងជាប់លាប់ផងដែរ ដោយសារអ្នកស្រីមើលឃើញថា កូនស្រីរបស់ខ្លួនស្រលាញ់ ចូលចូលចិត្ត ហើយមានដុងទេពកោសល្យជាមួយសិល្បៈ ទើបចង់ជំរុញកូនឱ្យដើរតាមក្តីស្រមៃ។
Content Creator សួន ធីតា ប្តេជ្ញាថា នឹងរិះរកគំនិតថ្មីៗ ប្លែកៗមកផលិតជាវីដេអូប្រម៉ូតកូនស្រីរបស់ខ្លួនបន្តបន្ទាប់ទៀត ធ្វើយ៉ាងណាឱ្យនាងឆាប់មានគេស្គាល់ និងសាងភាពល្បីល្បាញលើវិថីសិល្បៈ ឆ្ពោះទៅរកកសាងអនាគតលើវិថីសិល្បៈដ៏ត្រចះត្រចង់។ ក្តីស្រមៃដ៏ធំរបស់អ្នកស្រី គឺចង់ឱ្យកូនស្រីក្លាយជាតារាម៉ូដែលអាជីពម្នាក់ និងជាតារាសម្តែងដ៏មានប្រជាប្រិយភាព ទើបអ្នកស្រីតាំងចិត្តធ្វើខ្លួនជាស្ពានចម្លងឱ្យកូនស្រីដើរឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាងរបស់នាងនាពេលអនាគត។
ក្រៅពីសមត្ថភាពដើរបង្ហាញម៉ូដ កុមារីដ៏សែនឆ្លាត គឹម អាយវីន ក៏ចេះសម្តែងផងដែរ ថែមទាំងកំពុងហាត់រៀនរាំទៀតផង ទុកជាទុនក្នុងការដើរលើវិថីសិល្បៈដ៏ធំនេះ។ សម្រាប់ផលិតករ ឬបណ្តាក្រុមហ៊ុន ដែលចាប់អារម្មណ៍ចង់ទាក់ទងការងារជាមួយ អាយរីន លោកអ្នកអាចទំនាក់ទំនងទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ Soun Thida សួន ធីតា ដោយក្តីរីករាយ ដោយអ្នកម្តាយ អាយរីន រីករាយស្វាគមន៍លោកអ្នកគ្រប់ពេលវេលា៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងផ្តល់ឱ្យ