ថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥
ក្នុងឆ្នាំ២០២៣កន្លងមក ផលនេសាទទឹកសាប និងផលនេសាទទឹកសមុទ្របានកើន ឡើងបន្តិចបន្តួច បើធៀបនឹងឆ្នាំ២០២២ ខណៈការរកប្រាក់ចំណូលលើវិស័យជលផលក្នុង ឆ្នាំ២០២៣ បានជាង ៨០០លានរៀល កើនលើសឆ្នាំមុនប្រមាណ ២២៣ភាគរយ។ នេះបើយោងតាមរបាយការណ៍ បូកសរុបលទ្ធផលការងារ វិស័យជលផលប្រចាំឆ្នាំ២០២៣ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៤។
ប្រភពដដែលបានបញ្ជាក់ថា រដ្ឋបាលជលផលបានខិតខំបំពេញភារកិច្ចក្នុង ឆ្នាំ២០២៣កន្លងមក សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់លើការអភិរក្សជលផលការអនុវត្ត ច្បាប់ស្តីពីជលផល ការអភិវឌ្ឍវារីវប្បកម្ម ការអភិវឌ្ឍសហគមន៍នេសាទ ការកែច្នៃផល នេសាទ ការធ្វើអាជីវកម្មនេសាទ និងការសិក្សាស្រាវជ្រាវបច្ចេកទេស និងវិទ្យាសាស្ត្រ ជលផល ពិនិត្យ និងកែសម្រួល សេចក្តីព្រាងច្បាប់ស្តីពីជលផលថ្មី អនុក្រឹត្យ ប្រកាស និងលិខិតបទដ្ឋានដែលពាក់ព័ន្ធ។
ក្រៅពីនេះ ក៏មានការសហការជាមួយដៃគូអភិវឌ្ឍន៍ ក្នុងការគ្រប់គ្រង អភិរក្សនិងអភិវឌ្ឍន៍វិស័យជលផលឱ្យកាន់តែរីកចម្រើន ដើម្បីចូលរួម ចំណែកធានាសន្តិសុខស្បៀង លើកស្ទួយសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋ តាមមូលដ្ឋានតាមរយៈការបង្កើតមុខរបរ និងទីផ្សារ ផលិតផលជលផលផងដែរ។
ក្នុងរបាយការណ៍នេះបានបញ្ជាក់ផងដែរថា៖ សម្រាប់ផលនេសាទ និងផលវារីវប្បកម្ម ក្នុងនេះការអនុវត្តបាន ៨៦ម៉ឺនតោន កើនលើសឆ្នាំមុន ៤ពាន់តោន ស្មើ៤៧ភាគរយ។ ចំពោះផលនេសាទទឹកសាប ៤២ម៉ឺនតោន កើនឡើង ២ម៉ឺនតោន ស្មើ៥ភាគរយ។ ផលនេសាទសមុទ្រ មានប្រមាណ ១២ម៉ឺនតោន កើនឡើង០,២៤ភាគរយ ផលវារីវប្បកម្មមានជាង ៣១ម៉ឺនតោន ថយចុះ ១ម៉ឺន៦ពាន់តោន ស្មើ៥ភាគរយ។
ក្រៅពីនេះ រដ្ឋបាលជលផលបានលើកទិសដៅអនុវត្តន៍ឆ្នាំ២០២៤ សម្រេចឱ្យបានផល នេសាទទឹកសាប ៤៥ម៉ឺនតោន សមុទ្រ១៣ម៉ឺនតោន។ វារីវប្បកម្ម ៣៥ម៉ឺនតោន ការកែច្នៃ ៧០ ០០០តោន ទឹកត្រី ៥០ម៉ឺនលីត្រ និងការនាំចេញផល ផលិតផលជលផល៨ ០០០តោន៕
អត្ថបទ៖ AkP រូបភាព៖ ឯកសារ