ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤

អ៊ីស្រាអ៊ែលនិងហាម៉ាស់ឯកភាពបន្តកិច្ចព្រមព្រៀងបទឈប់បាញ់

៣០ ​វិច្ឆិកា ២០២៣ | ព័ត៌មានអន្តរជាតិ

 

 

អាជ្ញាធរនៃប្រទេសអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ នៅនាទីចុងក្រោយថ្ងៃព្រហស្បតិ៍(៣០វិច្ឆិកា)បានសម្រេចឯកភាពបន្តកិច្ចព្រមព្រៀងបទឈប់បាញ់របស់ពួកគេ១ថ្ងៃបន្ថែមទៀត ដើម្បីអនុញ្ញាតឱ្យក្រុមអ្នកចរចាបន្តធ្វើការលើកិច្ចព្រមព្រៀងផ្លាស់ប្តូរចំណាប់ខ្មាំងដែលត្រូវបានឃុំខ្លួននៅហ្គាហ្សានិងអ្នកទោសប៉ាឡេស្ទីន។

 

កិច្ចព្រមព្រៀងបានអនុញាតិឱ្យជំនួយមនុស្សធម៌ដែលចាំបាច់បំផុតនោះដឹកចូលទៅតំបន់ហ្គាហ្សា បន្ទាប់ពីទឹកដីតំបន់ឆ្នេរដែលមានពលរដ្ឋរស់នៅ២,៣លាននាក់ រងការបំផ្លិចបំផ្លាញ ក្រោយក្រុមហាម៉ាស់សម្រុកចូលឆ្លងដែនប្រទេសអ៊ីស្រាអ៊ែលនៅថ្ងៃ៧តុលា ហើយត្រូវប្រទេសអ៊ីស្រាអ៊ែលតបតវិញ។

 

«ដោយការពិចារណាទៅលើកិច្ចខិតខំប្រឹងប្រែងរបស់អ្នកសម្របសម្រួលដើម្បីបន្តដំណើរការដោះលែងចំណាប់ខ្មាំង ហើយជាបែបផែននៃគ្រោងការណ៍ការងារ ដូច្នេះ ការផ្អាកការបាញ់ផ្លោងនឹងត្រូវបន្តអនុវត្តន៍»។ យោធាអ៊ីស្រាអ៊ែលលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានប្រកាសចេញត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះមុនពេលកិច្ចព្រមព្រៀងបទឈប់បាញ់ត្រូវផុតរយៈពេលកំណត់។

 

ក្រុមហាម៉ាស់ បានដោះលែងចំណាប់ខ្មាំង១៦នាក់ ជាការដោះដូរអ្នកទោសប៉ាលេស្តីន៣០នាក់ នៅថ្ងៃពុធបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា កិច្ចព្រមព្រៀងបទឈប់បាញ់នឹងបន្តថែម១ថ្ងៃទៀត។

 

លក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ រួមមាន ផ្អាកការបាញ់ផ្លោង ហើយការផ្តល់ជំនួយមនុស្សធម៌នៅរក្សាដដែល។ យោងអ្នកនាំពាក្យក្រសួងការបរទេសនៃប្រទេសកាតា ដែលជាអ្នកសម្របសម្រួលដ៏សំខាន់រវាងភាគីសង្គ្រាមទាំងពីរ​ រួមជាមួយនិងប្រទេសអេហ្ស៊ីបនិងសហរដ្ឋអាមេរិក។ 

 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024