ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥
ក្រុមហ៊ុនByteDance បានបញ្ជាក់ថា ក្រុមហ៊ុននឹងបង្រួមអាជីវកម្មហ្គេមរបស់ខ្លួន។ ការបញ្ជាក់នេះ បានធ្វើឡើងក្រោយពីមានដំណឹងជាច្រើនពីការកាត់បន្ថយបុគ្គលិក។
ក្រុមហ៊ុនដែលមានទីស្នាក់ការនៅទីក្រុងប៉េកាំងនិងមានភាពល្បីល្បាញខាងបណ្តាញសង្គមអនឡាញTikTok មួយនេះបានឈានជើងចូលទីផ្សារហ្គេមនៅឆ្នាំ២០១៩ ដើម្បីប្រកួតប្រជែងជាមួយនិងក្រុមហ៊ុនTencent ដែលជាក្រុមហ៊ុននាំមុខក្នុងឧស្សាហកម្មហ្គេម ប៉ុន្តែបានបរាជ័យនៅក្នុងការដណ្តើមយកទីផ្សារ។
សេចក្តីសម្រេចនេះទំនងជាប៉ះដល់បុគ្គលិករាប់រយនាក់។
អ្នកនាំពាក្យក្រុមហ៊ុនByteDance បានថ្លែងប្រាប់សារព័ត៌មានអង់គ្លេសBBC ថា ក្រុមហ៊ុនត្រួតពិនិត្យជាទៀងទាត់ទៅលើអាជីវកម្មរបស់ខ្លួន ហើយបានធ្វើការសម្រេចចិត្តយ៉ាងលំបាកដើម្បីរៀបចំរចនាសម្ព័ន្ធទីផ្សារហ្គេមឡើងវិញ។
ទីផ្សារវីដេអូហ្គេមសាកល មានតម្លៃប៉ាន់ស្មានប្រមាណជា២១៧ពាន់លានដុល្លារកាលពីឆ្នាំមុន។ យោងក្រុមហ៊ុនប្រឹក្សានិងស្រាវជ្រាវទីផ្សារ Grand View Research។
ការបង្កើត Nuverse ដែលជាអាជីវកម្មផលិតហ្គេមរបស់ក្រុមហ៊ុនByteDance នៅឆ្នាំ២០១៩ ត្រូវបានមើលឃើញជាសាកលថា ជា ចំណែករុញច្រានដ៏សំខាន់មួយក្នុងវិស័យហ្គេម។ ប៉ុន្តែការកាត់បន្ថយបុគ្គលិករបស់ក្រុមហ៊ុន ByteDance ត្រូវបានគេមើលឃើញថាជាការដកខ្លួនមួយពីវិស័យប្រកួតប្រជែងវីដេអូហ្គេម។
អត្ថបទ៖ណាវ័ន្ត