ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥
អាជ្ញាធរនៃប្រទេសអ៊ីស្រាអ៊ែល បានឱ្យដឹងថាចំណាប់ខ្មាំងតំបន់ហ្គាហ្សា១២នាក់បន្ថែមទៀតត្រូវបានដោះលែងដែលក្នុងនេះមាន១០នាក់ជាជនជាតិអ៊ីស្រាអ៊ែលនិង២នាក់ផ្សេងទៀតជាជនជាតិថៃ។ ពួកគេបានចាកចេញពីតំបន់ហ្គាហ្សាហើយនាពេលឥឡូវនេះស្ថិតនៅក្នុងទឹកដីនៃប្រទេសអ៊ីស្រាអ៊ែល។ យោងសារព័ត៌មានអង់គ្លេសBBCផ្សាយនៅព្រឹកថ្ងៃពុធនេះ។
ចំណែកអាជ្ញាធរពន្ធនាគារនៅប្រទេសអ៊ីស្រាអ៊ែល បានរាយការណ៍ឱ្យដឹងថា ពួកគេបានដោះលែងជនជាតិប៉ាលេស្ទីន៣០នាក់បន្ថែមទៀតផងដែរ។
នៅថ្ងៃអង្គារជាថ្ងៃទី៥នៃកិច្ចព្រមព្រៀងបទឈប់បាញ់បណ្តោះអាសន្នរវាងប្រទេសអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ បន្ទាប់ពីការបន្ថែមពេល៤៨ម៉ោងជាបន្តទៀត ត្រូវបានព្រមព្រៀង។
មានការលើកឡើងថា អ្នកទោសប៉ាលេស្ទីន ទទួលរងការធ្វើបាបនៅពេលជាប់ពន្ធនាគារនៅប្រទេសអ៊ីស្រាអ៊ែល ។ ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់លើកឡើងថា ពួកគេបានឃើញការវាយដំ។ ទាក់ទងនឹងបញ្ហានេះ ប្រទេសអ៊ីស្រាអ៊ែល មិនមានការអត្ថាធិប្បាយណាមួយឡើយ។
ក្រុមហាម៉ាស់បានឆ្លងព្រំដែន និងបានសម្លាប់មនុស្ស១២០០នាក់នៅប្រទេសអ៊ីស្រាអ៊ែលនៅថ្ងៃ៧តុលា និងចាប់មនុស្ស២៤០នាក់ជាចំណាប់ខ្មាំង។
ចាប់តាំងពីពេលនោះមក ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បាននិយាយថា មនុស្សច្រើនជាង១៤៥០០នាក់ ត្រូវបានសម្លាប់ នៅក្នុងយុទ្ធនាការតបតរវិញរបស់ប្រទេសអ៊ីស្រាអ៊ែល។
អត្ថបទ៖ណាវ័ន្ត