ថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤
គ្រាប់ពេជ្រពណ៌ខៀវដ៏ល្អឥតខ្ចោះមួយគ្រាប់ដែលគេទើបតែយកទៅដាក់លក់ដេញថ្លៃនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស មានគេហ៊ានឲ្យថ្លៃដល់៤៣,៨លានដុល្លារ។ គ្រាប់ពេជ្រឈ្មោះប៊្លូរ៉ូយ៉ាល់ (Blue Royal) ដែលគេកែច្នៃសម្រាប់បំពាក់នៅលើចិញ្ជៀន ជាគ្រាប់ពេជ្រដ៏កម្រមាននៅលើលោកនេះ ដែលមានទំហំ១៧,៦ការ៉ាត់។
លោករាហ៊ុល.ខាដាគៀ (Rahul Kadakia) ជាប្រធានគ្រប់គ្រងគ្រឿងអលង្ការអន្តរជាតិរបស់ក្រុមហ៊ុនដេញថ្លៃខាងលើប្រាប់ថាគ្រាប់ពេជ្រនេះលក់បានជិត៤៤លានដុល្លារ។ ចំណែកលោកមេក.ហ្វ័រសិត (Max Fawcett) ជាប្រធានផ្នែកលក់គ្រឿងអលង្ការប្រចាំទីក្រុងហ្សឺណែវ ប្រាប់ថានេះជាគ្រាប់ពេជ្រដែលមានតែ១គត់លើលោក។ វាជាគ្រាប់ពេជ្រដែលមានពណ៌ខៀវស្រងាត់ និងមានរូបរាងដូចផ្លែសឺរីពីធម្មជាតិតែម្ដង។
នៅក្នុងពិធីដាក់លក់ដេញថ្លៃនេះ ក្រុមហ៊ុនគ្រីសស្ទី (Christie) ក៏បានដាក់គ្រឿងអលង្ការជាច្រើនប្រភេទទៀតដែលមានតម្លៃសរុបជាង៧៧លានដុល្លារ។ នៅក្នុងពិធីដេញថ្លៃកាលពីថ្ងៃចន្ទ គ្រីសស្ទីដាក់លក់នាឡិកាដៃម៉ាករ៉ូឡិច (Rolex) ១គ្រឿងដែលធ្លាប់ពាក់ដោយតារាភាពយន្តម៉ាឡុន.ប្រេនដូ (Marlon Brando) ចាក់បញ្ចាំងឆ្នាំ១៩៧៩។ នាឡិកានេះត្រូវគេទិញយកតម្លៃ៤,៩៩លានដុល្លារ។
តារាភាពយន្តរូបនេះឆ្លាក់ហត្ថលេខារបស់គាត់នៅលើខ្នងនាឡិកាដើម្បីកុំឲ្យមានអ្នកផ្សេងបន្លំនៅពេលថតកុន។ កាលពី២ឆ្នាំមុន នាឡិកាដដែលនោះលក់បាន២លានដុល្លារនៅក្នុងពិធីដេញថ្លៃ។ បន្ទាប់ពីដេញថ្លៃយ៉ាងតឹងសរសៃកដាក់គ្នារយៈពេល៧នាទីនៅក្នុងចំណោមអ្នកទិញ៣នាក់ដែលដេញជើងគ្នាយ៉ាងស្វិតស្វាញ នៅទីបំផុតបុរសចម្លែកម្នាក់ដែលចូលចិត្តប្រមូលទិញរបស់កម្រហ៊ានឲ្យថ្លៃខ្ពស់ជាងគេរហូតដល់៤៣,៨លានដុល្លារ។
តម្លៃនេះរួមបញ្ចូលទាំងថ្លៃពន្ធ និងកម្រៃជើងសារ។ លោកមេក.ហ្វ័រសិតថ្លែងថាយើងពិតជាមានសេចក្ដីសោមនស្សរីករាយជាទីបំផុត។ គ្រាប់ពេជ្រនេះបើគិតទៅ១ការ៉ាត់តម្លៃ២,៥លានដុល្លារ។ ដូច្នេះ វាជាគ្រឿងអលង្ការថ្លៃបំផុតប្រចាំឆ្នាំ២០២៣។ ម៉្យាងទៀត នៅក្នុងប្រវត្តិសាស្ត្រគ្រឿងអលង្ការ វាក៏ជាគ្រាប់ពេជ្រដែលថ្លៃបំផុតទាំងដប់ផងដែរ៕
ប្រែសម្រួល៖ អន សំអាង