ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥
អ្នកនិពន្ធល្បីឈ្មោះ អ្នកស្រី ពាន់ ភួងបុប្ជា បានដាក់សម្ពោធសៀវភៅប្រលោមលោករឿង « ទឹកចិត្តឪពុក » ជាផ្លូវការហើយកាលពីថ្ងៃទី ២៣ ខែ វិច្ឆិកា កន្លងមកនេះ ដោយមានការចូលរួមពីសិល្បករថ្មីចាស់ជាច្រើន ។
អ្នកស្រី បានឱ្យដឹងថា សៀវភៅប្រលោមលោករឿង « ទឹកចិត្តឪពុក » គឺអ្នកស្រីនិពន្ធឡើងក្នុងគោលបំណងអប់រំ និង ជួយលើកស្ទួយអក្សរសាស្រ្តជាតិ និង ជួយឱ្យក្មេងៗជំនាន់ក្រោយចូលចិត្តអានសៀវភៅ ។
« ទឹកចិត្តឪពុក » គឺជាសៀវភៅប្រលោមលោកលើទី ៥ របស់អ្នកស្រី ពាន់ ភួងបុប្ជា ដែលបានបោះពុម្ព ផ្សាយជាសាធារណៈ ដោយមានការជួយពីលោក រស់ ពិសិដ្ឋ និងក្លឹបអ្នកនិពន្ធខ្មែរ ប៉ាកកាមាស ។
ជួបជាមួយអ្នកស្រី ពាន់ ភូងបុប្ជា នៅក្នុងថ្ងៃសម្ពោធសៀវភៅប្រលោមលោករឿង « ទឹកចិត្តឪពុក » អ្នកស្រីបានរៀបរាប់ប្រាប់ថា ក្នុងមួយឆ្នាំអ្នកស្រីចេញសៀវភៅប្រលោមលោកត្រឹមតែ ១ក្បាលប៉ុណ្ណោះ ពីព្រោះក្នុងរឿងនិមួយៗ ត្រូវតែធ្វើឡើងយ៉ាងសម្រិតសម្រាំងបំផុត ជាក់ស្តែងសម្រាប់រឿង « ទឹកចិត្តឪពុក » គឺអ្នកស្រីបានបញ្ជូលគ្រប់រសជាតិ មិនថា ឪពុកល្អ ឬឪពុកចិត្តអាក្រក់ ។
ជំហានដំបូងនេះអ្នកស្រី ពាន់ ភួងបុប្ជា បោះពុម្ពសៀវភៅប្រលោមលោករឿង « ទឹកចិត្តឪពុក » ត្រឹមតែជាងពីរពាន់ក្បាលប៉ុណ្ណោះដោយក្នុងមួយក្បាលតម្លៃ ៣៨០០០ រៀល (បីម៉ឺនប្រាំបីពាន់រៀល ) ប៉ុន្តែបើ ទទួលបានការគាំទ្រច្រើន អ្នកស្រីនឹងបោះពុម្ពជាលើកទី ២ ជាបន្តបន្ទាប់ ។ អ្នកស្រី ពាន់ ភួងបុប្ជា បានបញ្ជាក់បន្ថែមទៀតថា សៀរភៅប្រលោមលោក « ទឹកចិត្តឪពុក » គឺមានលក្ខណៈសំខាន់ៗជាច្រើន ដែលយើងទាំងអស់គ្នាមិនគួរមើលរំលង ។
ដោយឡែកញ្ញា សំណាង អេលីណា ដែលជាបវរកញ្ញា និងជាតារាសម្តែងល្បីឈ្មោះមួយរូបក៏បានចូលរួមនៅក្នុងថ្ងៃសម្ពោធសៀវភៅប្រលោមលោករបស់អ្នកស្រី ពាន់ ភួងបុប្ជា ផងដែរ នាងបានបង្ហើបប្រាប់ពីអារម្មណ៍របស់ខ្លួនថា នាងពិតជាពេញចិត្តស្នាដៃរឿង « ទឹកចិត្តឪពុក » នេះខ្លាំងណាស់ ។
អ្នកស្រី ពាន់ ភួងបុប្ជា ក៏ត្រៀមនឹងយកសៀវភៅប្រលោមលោករឿង « ទឹកចិត្តឪពុក » ដែលជា ស្នាដៃទី ៥ របស់ខ្លួនចូលរួមតាំងពិព័រណ៌សៀវភៅដ៏ធំមួយនៅក្នុងខែ ធ្នូ ខាងមុខនេះផងដែរ សៀវភៅនេះមានជាង ១០ ជំពូក ហើយប្រិយមិត្តអ្នកអានអាចរកទិញសៀវភៅនេះតាមហាងទំនិញ និងតាមបណ្ណាគារផ្សេងៗ ។ នៅឆ្នាំ ២០២៤ ខាងមុខ អ្នកស្រី ពាន់ ភួងបុប្ជា ត្រៀមនឹងបង្ហាញស្នាដៃប្រលោមលោកថ្មីមួយ ដែលជារស់ជាតិថ្មីមួយបែបទៀត ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា