ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥
ផ្អឹបទុកអស់រយៈពេលប្រមាណ ៤ឆ្នាំ តារាជើងចាស់ អ្នកស្រី សរ កេសារា ចាងហ្វាងផលិតកម្ម កេសារាភាពយន្ត ដាច់ចិត្តទម្លាក់ស្នាដៃរឿង «១៥រោច» មកចាក់បញ្ជាំងគ្រប់រោងភាពយន្ត ចាប់ពីថ្ងៃទី២៣នេះតទៅ។នៅទីបំផុតតារាជើងចាស់អ្នកស្រី សរ កេសារា ចាងហ្វាងផលិតកម្ម កេសារាភាពយន្ត ដាច់ចិត្តទម្លាក់ស្នាដៃរឿងខ្នាតធំថ្មី ចំណងជើង «១៥រោច» នៅគ្រប់រោងភាពយន្តទូទាំងប្រទេសកម្ពុជាហើយ ក្រោយផ្អឹបរឿងនេះទុកអស់រយៈពេលប្រមាណ ៤ឆ្នាំរួចមក។
ផ្តល់កិច្ចសម្ភាសន៍ក្នុងថ្ងៃ Pre-screening រឿង «១៥រោច» នៅរោងភាពយន្ត Major Cineplex សាខា សូរិយា អ្នកស្រី បានសម្តែងក្តីរំភើបសម្រាប់ការពាំនាំយកស្នាដៃរឿងថ្មីមួយនេះមកកាន់ទីផ្សារភាពយន្តកម្ពុជានៅពេលនេះ។ ទោះបីរឿងនេះផលិតឡើងច្រើនឆ្នាំមកហើយក៏ពិតមែន ប៉ុន្តែអ្នកស្រីជឿជាក់ថា សាច់រឿងនេះនៅតែល្អអាចបម្រើចំណីចក្ខុទស្សនិកជនបាន ព្រោះវាមានបង្កប់អត្ថន័យអប់រំច្រើន ពាក់ព័ន្ធជីវិតគ្រួសារ និងការដឹងគុណញាតិសណ្តាន។ មិនតែប៉ុណ្ណោះ រឿងនេះក៏មានលាយឡំភាពរន្ធត់តិចតួចផងដែរ ដែលនឹងកើតឡើងនៅរៀងរាល់ថ្ងៃ ១៥រោច ដូចទៅនឹងចំណងជើងរឿងនេះតែម្តង។
ត្រង់ៗមិនលាក់លៀម ចាងហ្វាងផលិតកម្មរូបនេះថា អ្នកស្រីមិនសូវរំពឹងថា ស្នាដៃរឿង «១៥រោច» នឹងផ្ទុះការគាំទ្រខ្លាំងសម្រាប់ទីផ្សារក្នុងស្រុកទេ ព្រោះសាច់រឿងនេះផលិតឡើងតម្រូវសម្រាប់មនុស្សរៀងចាស់ទុំ ឬមនុស្សវ័យកណ្តាលជាដើម។ ដោយសារចិត្តស្រលាញ់និងមើលឃើញថា រឿងនេះអាចផ្តល់គុណតម្លៃ និងជួយបណ្តុះគំនិតដល់អ្នកទស្សនាបានច្រើន ទើបអ្នកស្រី សរ កេសារា មានគម្រោងនាំរឿង «១៥រោច» នេះ ចេញទៅចាក់បញ្ចាំងនៅក្រៅប្រទេស ដោយគោលដៅដំបូងនៃការចាក់បញ្ចាំងរឿងនេះ គឺ សហរដ្ឋអាមេរិក ដោយសារទីនោះជាកន្លែងដែលអ្នកស្រីរស់នៅតែម្តង។
តារាជើងចាស់ សរ កេសារា ប្រហែលមិនបន្តផលិតភាពយន្តបន្តទៀតនោះទេ ដោយអ្នកស្រីចង់ទុកឱកាសឱ្យក្មេងៗជំនាន់ក្រោយដែលមានសមត្ថភាពខ្ពស់ អាចបញ្ចេញសមត្ថភាពរបស់ពួកគេក្នុងការផលិតភាពយន្តខ្មែរប្រកបដោយគុណភាព។ ប៉ុន្តែ អ្នកស្រីមានគម្រោងការងារផ្សេងៗ រួមទាំងគ្រោងការជួយនាំយកសិល្បករ-សិល្បការនីក្នុងស្រុកចេញទៅចម្រៀងសម្តែងនៅឯនាយសមុទ្រផងដែរ គ្រាន់តែពេលនេះគម្រោងការនោះ ស្ថិតក្នុងការពិភាក្សានៅឡើយ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ផ្តល់ឱ្យ និងហ្វេសប៊ុក