ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥
បើតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មចិន បានប្រកាសថា លំហូរវិនិយោគពីបរទេសចូលមកកាន់ មហាអំណាចសេដ្ឋកិច្ចចិន ធ្វើពុំបានល្អនោះទេ បន្ទាប់ពីចាប់ផ្តើមឆមាសទី ២ នៅឆ្នាំនេះ ជាក់ស្តែងលំហូរនិយោគផ្ទាល់ពីបរទេសមានប្រមាណ ១៣៧ពាន់លានដុល្លារអាមេរិក អំឡុងពេល ១០ខែដើមឆ្នាំនេះ ដែលបានធ្លាក់ចុះ ៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
ជាពិសេស លំហូរវិនិយោគក្នុងការផលិត បានកើនឡើង ២% ដល់ ៣៩ពាន់លានដុល្លារអាមេរិក ដោយទិន្នន័យបានបង្ហាញថា លំហូរវិនិយោគ ពីកាណាដា ចក្រភពអង់គ្លេស និងបារាំងបានកើនឡើង រង្វង់ ១០០% ដូចគ្នា។
យ៉ាងណាមិញ ប្រទេសចិន នឹងកាត់បន្ថយបញ្ជីអវិជ្ជមានរបស់ខ្លួន សម្រាប់ការវិនិយោគបរទេស ក្នុងលក្ខណៈសមហេតុផល ហើយលុបចោលការរឹតបន្តឹងទាំងអស់ សម្រាប់អ្នកវិនិយោគបរទេស ដែលចូលមកក្នុងឧស្សាហកម្មផលិតកម្ម នេះបើយោងតាមគណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិចិន ដែលជាអ្នករៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ប្រទេស។
មូលនិធិរូបិយវត្ថុអន្តរជាតិ បាននិយាយនៅក្នុងរបាយការណ៍ថ្មីៗនេះថា ប្រទេសចិនតែមួយគត់ នឹងរួមចំណែក ៣៥% នៃកំណើនពិភពលោកនៅឆ្នាំនេះ។
សូមជម្រាបថា ក្នុងមួយឆ្នាំ ២០២២ពេញ មហាអំណាចសេដ្ឋកិច្ចចិន បានទាក់ទាញលំហូរនិយោគផ្ទាល់ពីបរទេសប្រមាណ ១៨៩ពាន់លានដុល្លារអាមេរិក ដែលមានកើនឡើង ៨% បើប្រៀបធៀបនឹងឆ្នាំ ២០២១៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ