ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃទី៧ ខែវិច្ឆិកា ដៃលជាថ្ងៃចុងក្រោយ នៃការប្រឡងបាក់ឌុប ឆ្នាំ២០២៣ នេះ មន្ត្រីនាំពាក្យក្រសួងអប់រំ បានឱ្យដឹងថា បានប្រព្រឹត្តទៅដោយជោគជ័យ និងរលូនល្អ ប្រកបដោយទំនួលខុសត្រូវខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ បើទោះបីជាបេក្ខជនខ្លះអវត្តមាន និងមានបញ្ហាសុខភាពក៏ដោយ ។ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប នៅព្រឹកថ្ងៃទី២ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ បានប្រព្រឹត្តទៅដោយរលូនល្អ ពុំមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ ។
នៅតាមមណ្ឌលនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ អនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានកិច្ចសហការពី សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ អគ្គិសនីកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ។ នេះបើតាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ។
ចំពោះបញ្ហាសុខភាព និងអវត្តមានវិញ នៅពេលព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ បេក្ខជនអវត្តមានចំនួន ២ ២៧៥ នាក់ មានបញ្ហាសុខភាព ៨១ ករណី ក្នុងនោះ ៤ ករណី មិនអាចបន្តការប្រឡងបាន ។ ក្រៅពីនេះបេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់បានបន្តការប្រឡងជាធម្មតាឡើងវិញ ក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ ។សូមជម្រាបថា វិញ្ញាសាប្រឡងនៅពេលព្រឹកម៉ិញនេះ គឺអក្សរសាស្ត្រខ្មែរ រូបវិទ្យា គណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិជ្ជា ។ចំណែកនៅពេលរសៀល ដែលជាដំណើរការចុងក្រោយ នៃការប្រឡងនេះ ប្រព្រឹត្តទៅចាប់ពីម៉ោង ២ និង ០០ នាទី ដល់ម៉ោង ៤ និង ៣០ មានវិញ្ញាសា គណិតវិទ្យា និងភាសាខ្មែរ ។
គិតត្រឹមម៉ោង ៤ រសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ លោកបណ្ឌិត កាន់ ពុទ្ធី មន្ត្រីនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ PNN តាម តេឡេហ្ក្រាម ជាលក្ខណៈក្រៅផ្លូវការថា ដំណើរការប្រឡង នៅតែប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់ល្អ ។ ដូច្នេះបានសេចក្តីថា ដំណើរការសំណេរ នៃការប្រឡងបាក់ឌុប ទាំង ២ ថ្ងៃ គឺថ្ងៃទី៦ និងទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ប្រព្រឹត្តទៅដោយល្អ ។ចំពោះបញ្ហាសុខភាព និងអវត្តមានវិញ លោកបណ្ឌិត កាន់ ពុទ្ធី បានឱ្យដឹងក្រៅផ្លូវការដដែលថា មានការកើនឡើងតិចតួចប៉ុណ្ណោះ ពីលើចំនួនបញ្ហាសុខភាព និងអវត្តមានកាលពីព្រឹកម៉ិញ ។
សូមជម្រាបថា ការប្រឡងបាក់ឌុប នៅឆ្នាំ២០២៣ នេះ មានបេក្ខជនចុះឈ្មោះ ១៣ ម៉ឺន ៧ ពាន់ ៤១២ នាក់ មានមណ្ឌលប្រឡង ២២៧ ស្មើនឹង ៥ ៥៤៣ បន្ទប់ ហើយប្រសិនបើគ្មានអ្វីប្រែប្រួលធំដុំទេនោះ ក្រសួងអប់រំ នឹងប្រកាសលទ្ធផលនៅថ្ងៃទី២៨ ខែវិច្ឆិកា សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដដែល សម្រាប់ខេត្តផ្សេងទៀត ហើយក៏នឹងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា ផងដែរ ៕
អត្ថបទៈ ខឿន សាឃាង, រូបភាពៈ និន សុខលី