ថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤

ការប្រឡងបាក់ឌុបថ្ងៃដំបូងប្រព្រឹត្តទៅដោយរលូន អវត្តមាន ៤ ពាន់នាក់

០៧ ​វិច្ឆិកា ២០២៣ | ព័ត៌មានជាតិ

 

 

គិតត្រឹមម៉ោង ៤ រសៀលថ្ងៃទី៦ ខែវិច្ឆិកា ដៃលជាថ្ងៃទី១ នៃការប្រឡងបាក់ឌុប ឆ្នាំ២០២៣ នេះ មន្ត្រីនាំពាក្យក្រសួងអប់រំ បានផ្តល់របាយការណ៍បណ្តោះអាសន្នថា បានប្រព្រឹត្តទៅដោយរលូន ប៉ុន្តែមានបេក្ខជនអវត្តមានជាង ៤ ពាន់នាក់ និងមានបញ្ហាសុខភាពជាង ៦០ នាក់ ។

 

 

 

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប ថ្ងៃដំបូង គឺនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ បានប្រព្រឹត្តទៅដោយរលូន ពុំមានការបំពានបទបញ្ញត្តិ នៃការប្រឡងទេ ។ ប៉ុន្តែបេក្ខជនអវត្តមានចំនួនជាង ៤ ពាន់នាក់ ក្នុងនោះ ពេលព្រឹកអវត្តមាន ១ ៩៥១ នាក់ និងពេលរសៀល ប្រមាណជា ២ ០០០ នាក់ ។

 

 

 

បេក្ខជនមានបញ្ហាសុខភាពចំនួន ជាង ៦០ នាក់ ក្នុងនោះពេលព្រឹក ៣០នាក់ ហើយមាន ២នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ចំណែកពេលរសៀលបេក្ខជនមានបញ្ហាសុខភាពជាង ៣០ នាក់ ។ នេះបើតាមការឱ្យដឹងជាបណ្តោះអាសន្នរបស់លោកបណ្ឌិត កាន់ ពុទ្ធី មន្ត្រីនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ថ្លែងប្រាប់ PNN តាមតេឡេហ្ក្រាម នៅម៉ោង ៤ រសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មុននេះបន្តិច ។

 

 

នាឱកាសអញ្ជើញបើកហិបវិញ្ញាសាជានិមិត្តរូបនៅឯវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំ បានមានប្រសាសន៍យ៉ាងដូច្នេះថា ។

 

 

 

សូមជម្រាបថាការប្រឡងបាក់ឌុបនៅឆ្នាំ២០២៣ នេះ ប្រព្រឹត្តទៅនៅថ្ងៃទី៦ និង ទី៧ ខែវិច្ឆិកា ហើយគ្រោងនឹងប្រកាសលទ្ធផលនៅថ្ងៃទី២៨ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ចំណែកខេត្តផ្សេងៗទៀត នឹងប្រកាសនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣  ដដែល ដោយមានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៣ ម៉ឺន ៧ ពាន់ ៤១២ នាក់ ចែកជា ២២៧ មណ្ឌល ត្រូវជា ៥ ៥៤៣ បន្ទប់ ។

 

 

ក៏មិនខុសពីបណ្តាឆ្នាំកន្លងមកដែរ ការប្រឡងបាក់ឌុប ឆ្នាំ២០២៣ នេះ ទទួលបានកិច្ចសហការពីក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ ACU សហភាពសហព័ន្ធយុវជនកម្ពុជា និងអគ្គិសនីកម្ពុជា ។ ចំពោះអង្គការប្រឆាំងអំពើពុករលួយ នឹងតាមដាន ចាប់តាំងពីដំណើរការសំណេរ រហូតដល់ប្រកាសលទ្ធផលចុងក្រោយ ដោយដាក់មន្ត្រីរបស់ខ្លួនចំនួន ៣៥០ នាក់ និងអ្នកសង្កេតការណ៍ ៣ ០៤០ នាក់ផ្សេងទៀត ៕

 

 

 

 

អត្ថបទៈ ខឿន សាឃាង, រូបភាពៈ និន សុខលី

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024