ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
ត្រីមាសទី៣ឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា បានអនុម័តគម្រោងវិនិយោគ ដែលមានទំហំទុនវិនិយោគប្រមាណជិត ៤ប៊ីលានដុល្លារអាម៉េរិក ក្នុងនោះទុនវិនិយោគរបស់ចិនមានប្រមាណ ៧៦%។ របាយការណ៍នេះ ត្រូវបាននៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបរវាង ឯកឧត្ដម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការ វិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈ ប្រតិភូសមាគមសភាពាណិជ្ជកម្មចិន ដឹកនាំដោយលោក Lin Shiqiang ប្រធានសមាគម នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ។
នៅក្នុងជំនួបនោះ ឯកឧត្តមអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះការវិនិយោគរបស់ចិននៅក្នុងប្រទេសកម្ពុជា ជាពិសេស ការកើនឡើងនៃការវិនិយោគក្នុងវិស័យកម្មន្តសាល។ នៅក្នុងជំនួបនោះ ភាគីទាំងពីរ ក៏បានលើកឡើងពីគោលបំណងនៃការជួបពិភាក្សាការងាររួមគ្នា ដើម្បីស្តាប់មតិយោបល់ពីសមាគមសភាពាណិជ្ជកម្មចិន ក្នុងការចូលរួមកែលម្អបរិស្ថានវិនិយោគនៅកម្ពុជា។
ក្នុងកិច្ចប្រជុំនោះ លោកប្រធានគណៈប្រតិភូ បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គលេខាធិការ ដែលបានអនុញ្ញាតឱ្យលោក និងសហការីចូលជួបពិភាក្សាការងារ ដែល បានបង្ហាញពីការយក ចិត្តទុកខ្ពស់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចំពោះវិនិយោគិនចិន។ ជាមួយគ្នានេះដែរ លោកប្រធានគណៈ ប្រតិភូបានស្នើសុំឱ្យឯកឧត្តមអគ្គលេខាធិការពន្យល់ពីវិស័យអាទិភាពដែលមានចែងក្នុងច្បាប់វិនិយោគថ្មី, និងយន្តការដោះស្រាយបញ្ហារបស់វិនិយោគិនចិន។
ឯកឧត្តមអគ្គលេខាធិការ ក៏បានលើកឡើងពីច្បាប់វិនិយោគថ្មី ដែលមានវិស័យអាទិភាព ចំនួន ១៩ គឺការវិនិយោគ ក្នុងវិស័យដែលមានបច្ចេកវិទ្យាខ្ពស់ ប្រកបដោយនវានុវត្តន៍ និងការស្រាវជ្រាវ និងការអភិវឌ្ឍន៍ និងការវិនិយោគក្នុងវិស័យកសិកម្ម កសិឧស្សាហកម្ម ឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម ឧស្សហកម្មកែច្នៃចំណីអាហារ ដែលបម្រើទីផ្សារក្នុងស្រុក ឬ ការនាំចេញ។
បច្ចុប្បន្ន នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មាន តុចិន (China Desk) សម្រាប់រង់ចាំផ្តល់ការប្រឹក្សាជូនវិនិយោគិនចិន។ ហើយចំពោះយន្តការសម្រាប់ដោះស្រាយ បញ្ហារបស់វិនិយោគិន ឯកឧត្តមអគ្គលេខាធិការ ក៏បានបញ្ជាក់ដែរថា នៅថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២៣ នេះ រាជរដ្ឋាភិបាលនឹងរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលជាឱកាសសម្រាប់វិនិយោគលើកឡើងនូវបញ្ហាប្រឈមជូន ក្រុមការងារតាមវិស័យពិនិត្យដោះស្រាយ៕
អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ ឯកសារ