ថ្ងៃអាទិត្យ ទី០៤ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី០៤ ខែឧសភា ឆ្នាំ២០២៥
កាលពីឆ្នាំ២០២២ ការប្រមូលផលដំណាំល្មើទទួលបានចន្លោះ ៥-៦តោនប៉ុណ្ណោះ។ ប៉ុន្តែស្ថិនៅក្នុងឆ្នាំ ២០២៣នេះ ពេញប្រមូលផលតែម្តង ល្មើខ្មែរដាំនៅស្រុកសំពៅលូន ខេត្តបាត់ដំបង ដាំក្នុងផ្ទៃដី១ហិកតា ស្មើនឹង ១៥០ដើម ទទួលបានទិន្នផលជាង ១០តោននៅឆ្នាំ២០២៣នេះ ឃើញថាមានការកើនឡើងចំនួនទ្វេដង។ ដំណាំល្មើរជាប្រភេទដំណាំឈើហូបផ្លែថ្មីមួយប្រភេទ ដែលមានតម្លៃខ្ពស់គួរសមបើធៀបនឹងផ្លែឈើហូបផ្លែដទៃទៀត ប៉ុន្ដែការដាំដុះដំណាំនេះនៅកម្ពុជា ហាក់មិនសម្បូរច្រើននោះទេ។ ស្ថានភាពតម្លៃ និងទីផ្សារល្មើក្នុងស្រុកនៅឆ្នាំនេះ ហាក់មានការប្រែប្រួលចំនួនទ្វេរដង បើធៀបនឹងឆ្នាំមុនៗ ប៉ុន្តែដោយសារសម្ទុះនៃលម៉ើនាំចូលមានបរិមាណច្រើន ក៏បានធ្វើឱ្យការលក់លម៉ើដាំនៅក្នុងស្រុកហាក់មានការពិបាកលក់ជាងឆ្នាំមុនបន្តិចផងដែរ ដ្បិតតម្លៃលម៉ើនាំចូលមានតម្លៃទាបជាងលម៉ើដាំក្នុងស្រុក។
លោកស្រី គួច ចាន់ដាលីស ជាម្ចាស់ចំការល្ម៉ើយ៉ាដាស្ថិតនៅស្រុកសំពៅលូន ខេត្តបាត់ដំបង បានប្រាប់ក្រុមការងារសេដ្ឋកិច្ច ភីអិនអិនឲ្យបានដឹងថា ទិន្នផលល្ម៉ើកើនពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្តែងសម្រាប់រដូវការពេញប្រមូលផលនេះ ចំនួន១០តោនក្នុងទំហំដី១ហិចតា១៥០ដើម មានសន្ទុះកើនឡើងខ្លាំងមែនទេននៅឆ្នាំនេះ លើសពីការរំពឹងទុក។ ដោយសារតែមានសន្ទុះគាំទ្រច្រើនពីអតិថិជនល្ម៉ើខ្មែរដែលដាំបានដោយជោគជ័យ នៅស្រុកសំពៅលូន បច្ចុប្បន្ននេះម្ចាស់ចំការរូបនេះ កំពុងតែពង្រីកក្នុងទំហំដីជិត៤ហិចតាបន្ថែមទៀតក្នុងការដាំល្ម៉ើបន្ថែម ល្ម៉ើខ្មែរមានរស់ជាតិឆ្ងាញ់ ផ្អែមមិនចត់ ថែមទាំងមានស្តង់ដារអនាម័យក្នុងការលក់ចែកចាយបន្តនៅក្នុងស្រុកខ្មែរផងដែល។
លោកស្រីបន្តថា ចម្ការយ៉ាដាគឺជាចម្ការដំបូងគេដែលបានដាំដំណាំល្ម៉ើលើទឹកដីស្រុកសំពៅលូន ខេត្ដបាត់ដំបង គ្រួសារលោកស្រីបានដាំដំណាំល្ម៉ើក្នុងទំហំដី៤ហិចតា និងមានរយះពេល២ឆ្នាំ៦ខែចាប់ផ្តើមទទួលផលលើកទី១។ ការប្រមូលផលល្ម៉ើចាប់ពីឆ្នាំទី២ឡើងទៅ និងអាចទទួលបានផលចន្លោះពី៤-៦តោនក្នុងទំហំដី១ហិចតា ដាំបាន១៥០ដើម។ ល្ម៉ើជាដំណាំដែលមិនរើសប្រភេទដី ធននឹងអាកាសធាតុក្ដៅខ្លាំងក្រោយដាំបាន៣ឆ្នាំ អាចប្រមូលផលបានក្នុងមួយដើម ចាប់ពី ៤០គីឡូ ទៅ ១០០គីឡូក្រាម។ រីឯតម្លៃនៅលើទីផ្សារឯណោះវិញ មិនមានអ្វីប្រែប្រួលនោះទេ បើទោះបីជាល្ម៉ើក្នុងស្រុកប្រមូលបានផលច្រើនក៏ដោយ ក៏កម្ពុជាជារៀងរាល់ឆ្នាំត្រូវតែនាំចូលផ្លែល្ម៉ើពីក្រៅស្រុកបន្ថែមដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ព្រោះតែកម្ពុជាមិនសូវជាសំបូរកសិករដំានូវដំណាំល្ម៉ើនេះ។
ទន្ទឹមនឹងនោះដែរ ល្ម៉ើក្នុងចម្ការយ៉ាដា ត្រូវបានសហការណ៍ដាក់លក់ក្នុងម៉ាត និងផ្សារទំនើបធំៗក្នុងប្រទេស និងជាដៃគូរអាជីវកម្មដ៏ធំ របស់ផ្សារម៉ាក្រូខេមបូឌាទាំង៣សាខាផងដែរ។ រីឯតម្លៃទិញដល់ចំការផ្ទាល់ ៥ម៉ឺនរៀលក្នុង១គីឡូ និងផ្សារម៉ាក្រូលក់ចេញក្នុងតម្លៃចន្លោះ៥-៦ម៉ឺនរៀលក្នុង១គីឡូ។ជាមួយគ្នានេះដែរ មូលហេតុដែលធ្វើឱ្យល្ម៉ើមានតម្រូវការទីផ្សារខ្ពស់និងមានតម្លៃថ្លៃដូច្នេះ គឺដោយសារតែល្ម៉ើ មានអត្ថប្រយោជន៍ល្អៗជាច្រើនចំពោះសុខភាពរាងកាយ។ លោកស្រីបានបញ្ជាក់ថា នៅកម្ពុជាដីសំបូរជីវជាតិ ជាហេតុនាំឲ្យល្ម៉ើក្នុងស្រុកមានរសជាតិផ្អែមឆ្ងាញ់ជាងល្ម៉ើនាំចូល ។
ក្រសួងកសិកម្មបានលើកឡើងថា ដំណាំមួយប្រភេទនេះបានជួយលើកកម្ពស់វិស័យកសិកម្មនៅក្នុងខេត្តបាត់ដំបង ព្រោះមិននឹកស្មានថាមានកសិករដាំដុះទទួលផលបានល្អបែបនេះ គ្រាន់តែមានបរិមាណតិចតួចនៅឡើយមិនទាន់អាចបំពេញត្រូវការស្រុកបាននៅឡើយ ប៉ុន្តែក្រសួងនិងជំរុញលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ជាកសិករទាំងអស់មានការចាប់អារម្មណ៍ក្នុងការដាំដុះដំណាំល្មើនេះ។ ដំណាំល្មើបច្ចុប្បន្នមានតម្លៃសេដ្ឋកិច្ចទីផ្សារខ្ពស់ជាងទុរេននិងអាចផលិតជាដំណាប់បាន ប្រសិនជាកសិករយើងដាំដុះបានច្រើន និងជួយធ្វើឱ្យគ្រួសារកាន់តែមានជីវភាពធូរធាប្រសើរឡើង។
ផលិតផលកសិកម្មចំនួន ៨,៦ លានតោនដែលស្មើនឹងតម្លៃសរុបជិត ៥ពាន់លានដុល្លារ ត្រូវបានកម្ពុជានាំចេញជាផ្លូវការទៅទីផ្សារអន្តរជាតិក្នុងឆ្នាំ ២០២២ ខណៈវិស័យកសិកម្មបានរួមចំណែកជាង ២២ភាគរយ នៃផលិតផលសរុបក្នុងស្រុក (GDP) កម្ពុជា។ នេះបើយោងតាមលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ ២០២២ និងទិសដៅការងារឆ្នាំ ២០២៣ លោក ឌិត ទីណា បានឱ្យដឹងថា ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០២២-២០៣០ ក្រសួងកសិកម្មបានអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់នូវផែនការ និងសកម្មភាពការងារដែលបានគ្រោងទុក និងបានជំរុញការអនុវត្តវិធានការចាំបាច់ដើម្បីបង្កើនល្បឿនការអភិវឌ្ឍវិស័យកសិកម្ម។
ជាលទ្ធផលផលិតកម្មដំណាំសម្រេចបានចំនួន ៣៤,៧១ លានតោន ក្នុងនោះដំណាំស្រូវ ១១,៦២ លានតោន ដោយមានអតិរេក ៦,២៩ លានតោន ដំណាំសាកវប្បកម្ម ៤,៤២ លានតោន និងដំណាំឧស្សាហកម្មចំនួន ១៨,៦៧ លានតោន។គួរជម្រាបថា ក្នុងឆ្នាំ ២០២២ កម្ពុជាបាននាំចេញជាផ្លូវការផលិតផលកសិកម្ម ដែលមានតម្លៃសរុបប្រមាណជិត ៥ ពាន់លានដុល្លារ ស្មើ ៨,៦ លានតោនទៅទិសដៅ ៧៤ ប្រទេស កើនឡើង ៧,៨ ភាគរយបើធៀបឆ្នាំ២០២១ ដែលមានចំនួន ៧,៩លានតោន៕
អត្ថបទ: ថុន សុកេតុមាលា រូបភាព: អ៊ិន អាត និងឯកសារ