ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
ក្រសួងហិរញ្ញវត្ថុវៀតណាម កំពុងធ្វើការលើសំណើ ដើម្បីបន្តកាត់បន្ថយពន្ធលើតម្លៃបន្ថែមពី ១០% ទៅ ៨% រហូតដល់ពាក់កណ្តាលឆ្នាំ ២០២៤។ នេះបើយោងតាមការចេញផ្សាយកាលពីពេលថ្មីៗនេះ ដោយ សារព័ត៌មានក្នុងស្រុកវៀតណាម។
រដ្ឋាភិបាលវៀតណាម បានដាក់សំណើ ដើម្បីបន្តការកាត់ពន្ធលើតម្លៃបន្ថែមសម្រាប់រយៈពេល ៦ខែបន្ថែមទៀត ដោយកាលបរិច្ឆេទផុតកំណត់ គឺនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៣នេះ។
ក្រសួងហិរញ្ញវត្ថុវៀតណាម បញ្ជាក់ថា ការកាត់បន្ថយនេះ មានអត្ថប្រយោជន៍ ដើម្បីគាំទ្រដល់អាជីវកម្ម និងអ្នកប្រើប្រាស់ផងដែរ។យោងតាមការវាយតម្លៃរបស់រដ្ឋាភិបាលវៀតណាម គឺថាសេដ្ឋកិច្ចវៀតណាម មានស្ថិរភាព ហើយអតិផរណា គឺស្ថិតនៅក្រោមការគ្រប់គ្រង ដែលប្រការនេះ ធ្វើឲ្យវៀតណាម ស្ថិតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតលើ ពិភពលោក។
ទោះជាយ៉ាងណាក៏ដោយ វៀតណាម នៅតែមានបញ្ហាប្រឈម ដោយសារការវិវឌ្ឍន៍ជាសាកលដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន។រដ្ឋាភិបាលកំណត់ការវិនិយោគ ការនាំចេញ និងការប្រើប្រាស់ជាកត្តាជំរុញសេដ្ឋកិច្ចទាំង៣។
ក្នុងកិច្ចប្រជុំរដ្ឋាភិបាល កាលពីចុងខែកញ្ញា រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម បានផ្តល់អនុសាសន៍ឱ្យ បន្តកាត់បន្ថយពន្ធរហូតដល់ពាក់កណ្តាលឆ្នាំ ២០២៤ ដោយនិយាយថា សេដ្ឋកិច្ចបន្តប្រឈមមុខនឹងការលំបាក ដូច្នេះហើយការកាត់បន្ថយនេះ គឺមានឥទ្ធិពលលើ ផ្លូវចិត្តរបស់អ្នកប្រើប្រាស់ ដែលនឹងជំរុញតម្រូវការ និងបង្កើនការប្រើប្រាស់ផងដែរ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ