ថ្ងៃច័ន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥
អាជីវករតាមបណ្ដាផ្សារនានាក្នុងរាជធានីភ្នំពេញ លើកឡើងពីតម្រូវការកើនឡើងនៃការទិញសម្លៀកបំពាក់បែបប្រពៃណីក្នុងរដូវកាលភ្ជុំបិណ្ឌ ដោយក្នុងនោះ សង្កេតឃើញថា មានទាំងអតិថិជនជាតិ និងអន្តរជាតិ។សម្លៀកបំពាក់បែបប្រពៃណីខ្មែរ ភាគច្រើនត្រូវបានប្រជាជននិយមស្លៀកពាក់ក្នុងកម្មវិធីមួយចំនួនដូចជា ចូលឆ្នាំ ភ្ជុំបិណ្ឌ ឬពិធីបុណ្យបែបសាសនាមួយចំនួនទៀត។ ទៀតសោតការស្លៀកសម្លៀកបំពាក់ប្រពៃណី បានក្លាយជាផ្នែកមួយជួយបង្ហាញនូវវប្បធម៌ខ្មែរ និងភាពទាក់ទាញបែបស្រគត់ស្រគំ ថ្លៃថ្នូរ ចរិយាសុភាពរាបសារជាស្ត្រីខ្មែរផងដែល។
ដោយសង្កេតឃើញថាប៉ុន្ដែឆ្នាំមកនេះ បន្ទាប់ពីធូរស្រាលកូវីដអាជីវករដែលលក់សម្លៀកបំពាក់ប្រពៃណីមានសន្ទុះលក់ដូរជាធម្មតា បើធៀបទៅនិងកាលពីកូវីដ១៩ អាជីវករលក់ដាច់ខ្លាំងជាងនេះ ប៉ុន្តែជារៀងរាល់ឆ្នាំឲ្យតែមានបុណ្យទានម្តងៗ ម៉ូតសម្លៀកបំពាក់មានដាក់លក់ច្រើននៅតាមបណ្តាផ្សារ ថែមទាំងទទួលបាននូវការទិញដោយផ្ទាល់ពីភ្ញៀវជាតិនិង អន្តរជាតិ។ អ្នកស្រី ដួង ទេវត្តី អាជីវករលក់និងកាត់សម្លៀកបំពាក់ប្រពៃណីនៅក្នុងបរិវេនផ្សារធំថ្មី បានឲ្យក្រុមការងារសេដ្ឋកិច្ចភីអិនអិនដឹងថា អ្នកស្រីប្រកបមុខរបរនេះ៦ឆ្នាំមកហើយ ដោយសារតែស្រលាញ់ម៉ូតសំលៀកបំពាក់របស់ខ្មែរ។ អ្នកស្រីបន្តថា
រាល់ឆ្នាំមានប្រជាជនខ្មែរជាច្រើនដែលពួកគាត់ចំណាយទៅលើសម្លៀកបំពាក់ប្រពៃណី តែឆ្នាំនេះដូចជារៀងស្ងាត់បន្តិច។ កាលពីអំឡុងឆ្នាំ២០២០ មុនកូវីដ សម្លៀកបំពាក់ប្រពៃណីលក់ដាច់ខ្លាំងគ្រប់បណ្តាផ្សារនានាក្នុងរាជធានីភ្នំពេញ។អ្នកស្រី បន្តថា សម្លៀកបំពាក់ដែលមានដាក់លក់នៅតាមបណ្តាផ្សារនានា គឺសុទ្ធសឹងតែកាត់និងច្នៃម៉ូតដោយជាងខ្មែរកាត់ដេរនៅក្នុងស្រុក និងមិនមានម៉ូតសំលៀកបំពាក់ប្រពៃណីនាំចូលពីក្រៅស្រុកនោះទេ។
ជាពិសេសសម្រាប់រដូវការភ្ជុំបិណ្ឌនេះ ការទិញសម្លៀកបំពាក់ស្រាប់ៗមានតម្លៃធូរថ្លៃជាង និងមានម៉ូតច្រើនសម្រាប់ជ្រើសរើសវាអាចជួយសម្រាលថវិការ និងសំចៃពេលវេលា។ អ្នកស្រី ដួង ទេវត្តី បានត្រៀមសម្លៀកបំពាក់ប្រពៃណីនិងម៉ូតថ្មីៗសម្រាប់អតិថិជនជាច្រើនកំប្លេរសម្រាប់ភ្ជុំបិណ្ឌ ក្នុង១ខែអ្នកស្រីកាត់អស់១០កី ក្នុង១កី កាត់បានប្រមាណជា៣០ទៅ៤០អាវ។ សម្លៀកបំពាក់ប្រពៃណីត្រូវបានភ្ញៀវជាតិ និងអន្តរជាតិគាំទ្រខ្លាំង ពិសេសប្រជាពលរដ្ឋខ្មែរមិនអាចបំភ្លេចបាននូវវប្បធម៌ប្រពៃណីមិនថា ភ្ជុំបិណ្ឌ ឬចូលឆ្នាំខ្មែរ។ ចំពោះតម្លៃក្នុង១ឆុត មានអាវ១ សំពត់១ ចាប់ពី២៥ដុល្លាឡើងទៅ។
បើនិយាយពីការទិញក្រណាត់ទៅឲ្យជាងកាត់ និងកាត់ដាក់លក់ស្រាប់ តើមួយណាមានតម្លៃសមរម្យនិងចំនេញពេលវេលាជាង? អាជីវករប្រាកដជាឆ្លើយថា សំលៀកបំពាក់ប្រពៃណីដែលមានលក់ស្រាប់មានតម្លៃធូរថ្លៃជាង អតិថិជនដែលទិញក្រណាត់ទៅឲ្យជាងកាត់។ ចំនែកអ្នកស្រី សេង សុភាព ជាអាជីវករលក់ក្រណាត់ប៉ាក់នៅផ្សារធំថ្មី បានឲ្យដឹងបន្ថែមថា ព្រោះតែចិត្តស្រលាញ់ និងចូលចិត្តចង់ថែរក្សាប្រពៃណីវប្បធម៌ខ្មែរទើបធ្វើឲ្យ អ្នកស្រីបន្តលក់ដូរក្រណាត់ប៉ាក់អស់រយះពេល២០ឆ្នាំជាងមកហើយ។
អ្នកស្រីសង្កេតឃើញថា រយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះសម្រាប់អ្នកទិញក្រណាត់ប៉ាក់ដូចជារៀងស្ងប់ស្ងាត់បន្តិច ដោយសារអាវប្រណៃពីខ្មែរកាត់លក់ស្រាប់ៗមានការលក់ដូរច្រើន ថែមទាំងមានតម្លៃសមរ្យ ដូចនេះសម្រាប់អាជីវករមួយចំនួនផ្នែកលក់ដូរក្រណាត់ប៉ាក់មិនសូវជាលក់ដាច់ប៉ុន្មានទេ។ អ្នកស្រីបន្តថា ទោះលក់មិនសូវដាច់ ក៏អ្នកស្រីនៅបន្តលក់ព្រោះមិនដឹងថាអាចធ្វើអ្វីបានលើសពីរបរនេះ។ ណាមួយអ្នកស្រីគិតថា ស្ថានភាពនេះអាចពិបាកត្រឹមពីរឬបីឆ្នាំប៉ុណ្ណោះហើយវានឹងអាចប្រសើរឡើងវិញនៅពេលណាមួយ។
នៅក្នុងឆ្នាំនេះ អ្នកលក់សម្លៀកបំពាក់បែបប្រពៃណី អាចលក់បានក្នុងកម្រិតមធ្យមប៉ុណ្ណោះ។ បើតាមអាជីវករបានលើកឡើងថា កន្លែងខ្លះលក់ដាច់បានគ្រាន់បើ កន្លែងខ្លះទៀតក៏លក់បានចំនួនតិច អាស្រ័យទៅលើអតិថិជន ខ្លះទៀតក៏ទិញតាមរយះអនឡាញច្រើន ខ្លះស្លៀកពាក់ខោអាវចាស់ៗដែលទិញពីឆ្នាំមុនៗ។ បច្ចុប្បន្នអាជីវករលក់សម្លៀកបំពាក់បែបប្រពៃណីនេះ ដូចជាមិនសូវកាក់កប និងពិបាកលក់ខ្លះដែល។ តាមការសង្កេតរបស់អ្នកផ្សារបន្ថែមថា អតិថិជន ៨០ភាគរយ ចូលផ្សារមករើសសម្លៀកបំពាក់ ហើយចរចាតម្លៃដូចក្នុងទីផ្សារអនឡាញ។ នេះជាហេតុផលមួយ ដែលអ្នកលក់នៅលើទីផ្សារធម្មតា ភាគច្រើនលក់មិនសូវបាន។
អត្ថបទ: ថុន សុកេតុមាលា រូបភាព: អ៊ិន អាត