ថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥

សហភាពអឺរ៉ុបនឹងព្រមព្រៀងចែករំលែកអ្នកស្វែងរកសិទ្ធិជ្រកកោនក្នុងពេលប៉ុន្មានថ្ងៃទៀតនេះ

២៩ កញ្ញា ២០២៣ | ព័ត៌មានអន្តរជាតិ

មន្ត្រីបាននិយាយថា សហភាពអឺរ៉ុបបានព្រមព្រៀងគ្នាដើម្បីចែករំលែកអ្នកស្វែងរកសិទ្ធិជ្រកកោនដែលនឹងត្រូវកំណត់ច្បាស់លាស់ក្នុងពេលប៉ុន្មានថ្ងៃទៀតនេះ។

 

 

 

 

មន្ត្រីកំពូលទទួលបន្ទុកចំណាកស្រុករបស់សហភាពអឺរ៉ុបបាននិយាយថា សហភាពអឺរ៉ុបគ្រោងនឹងព្រមព្រៀងគ្នាពីរបៀបដោះស្រាយអន្តោប្រវេសន៍ខុសប្រក្រតីឆាប់ៗនេះប៉ុន្តែមិនបានកំណត់ពីកាលបរិច្ឆេទច្បាស់នោះទេ។

 

ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សារបស់គណៈរដ្ឋមន្ត្រីមិនបានសម្រេចពីកិច្ចព្រមព្រៀងចុងក្រោយណាមួយឡើយកាលពីថ្ងៃព្រហស្បតិ៍ដោយទីក្រុងប៊ែកឡាំង និងទីក្រុងរ៉ូមបានព្រួយបារម្ភពីការកើនឡើងនូវចំនួនជនអន្ដោប្រវេសន៍កាន់តែច្រើនឡើង។

 

គណៈរដ្ឋមន្ត្រីអឺរ៉ុបកំពុងព្យាយាមសម្រេចបាននូវកិច្ចព្រមព្រៀងមួយដែលបានជាប់គាំងជាយូរមកហើយដើម្បីចែករំលែកគ្នានូវចំនួនកូតានៃអ្នកស្វែងរកសិទ្ធិជ្រកកោនដែលបានទៅដល់ទឹកដីអឺរ៉ុបនៅខាងក្រៅច្រកព្រំដែនផ្លូវការនៅទូទាំងសហភាពអឺរ៉ុប។

 

លោកស្រី អ៊ីវ៉ា ចូហេនសុន (Ylva Johansson) ស្នងការកិច្ចការផ្ទៃក្នុងរបស់សហភាពអឺរ៉ុបបាននិយាយថា លោកស្រីប្រាកដថា ក្នុងពេលពីរបីថ្ងៃទៀតនេះសហភាពអឺរ៉ុបនឹងមានការសម្រេចចិត្តជាផ្លូវការមួយពីវិធីសាស្រ្តទូទៅសម្រាប់យន្តការដោះស្រាយវិបត្តិនេះប៉ុន្តែលោកស្រីមិនបានបញ្ជាក់លម្អិតនោះទេ។

 

លោកស្រីបានប៉ាន់ប្រមាណថា ចំនួនជនអន្តោប្រវេសន៍ដែលបានទៅដល់អឺរ៉ុបនៅឆ្នាំនេះមានប្រមាណ២៥ម៉ឺនដែលភាគច្រើនគឺជាអ្នកដែលបានភៀសខ្លួនចេញពីសង្គ្រាម និងភាពក្រីក្រនៅតំបន់មជ្ឈិមបូព៌ា អាហ្វ្រិក និងអាស៊ីខាងត្បូងនៅតាមផ្លូវសមុទ្រមេឌីទែរ៉ាណេ៕

 

 

 

 

ប្រែសម្រួល៖ លោក ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025