ថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥
ប៉ះគ្នាលើកដំបូងក្នុងខ្សែភាពយន្ត «ប៉ាកូរចង់បានប្រពន្ធ» តារាស្រីល្បីឈ្មោះលំដាប់ប្រទេស ស៊ីន យូប៊ីន និងតារាភាពយន្តជើងចាស់ ទេព រិន្ទដារ៉ូ ផ្តាំហ្វេនថា បើមិនចង់ស្តាយក្រោយ ដាច់ខាតកុំឱ្យរំលងរឿង «ប៉ាកូរចង់បានប្រពន្ធ» នេះ ព្រោះក្បួនញ៉ែក្នុងរឿងនេះ នឹងធ្វើឱ្យលោកអ្នកសើចគាំងតែម្តង។
ផលិតកម្ម LD Entertainment ដែលជាផលិតកម្មឈានមុខគេក្នុងការផលិតរឿងខ្មែរ កាលពីចុងសប្តាហ៍កន្លងទៅ បានសម្ភោធចាក់បញ្ចាំងស្នាដៃភាពយន្តថ្មីមួយ ចំណងជើងថា «ប៉ាកូរចង់បានប្រពន្ធ» ឬ « Single Dad 2» ដែលជារឿងស៊េរីបន្តពីរឿង «លោកប៉ាមហាកូរ»។
ពិធីសម្ភោធរឿង «ប៉ាកូរចង់បានប្រពន្ធ» ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម នៅបរិវេនផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល ដោយមានការចូលរួមពីសិល្បករ-សិល្បការនីប្រុសស្រីល្បីៗជាច្រើនរូប រួមទាំងតារាសម្តែងល្បីឈ្មោះពីប្រទេស មីយ៉ាន់ម៉ា លោក Paing Takhon ផងដែរ។
លោក លៀក លីណា អ្នកគ្រប់គ្រង និងចាត់ការទូទៅក្នុងផលិតកម្ម LD Entertainment បានឱ្យដឹងថា យើងអាចបន្តផលិតរឿងវគ្គ២បាន ទល់តែយើងទទួលបានជោគជ័យលើការផលិតវគ្គ ១។
ជាក់ស្តែង រឿង «លោកប៉ាមហាកូរ» ពិតជាទទួលបានការគាំទ្រខ្លាំងមែនទែន ទើបយើងបង្កើតឱ្យសាច់រឿងវគ្គ២ គឺ «ប៉ាកូរចង់បានប្រពន្ធ» ដែលវគ្គនេះ កូនត្រូវតបស្នងសងគុណ មើលថែទាំ និងបំពេញបំណងឪពុកវិញម្តង។
អ្នកគ្រប់គ្រងរូបនេះអះអាងថា សាច់រឿងវគ្គ២នេះល្អមើលមិនចាញ់វគ្គ១នោះឡើយ ព្រោះទូទៅ យើងមិនអាចធ្វើរឿងវគ្គ២ឱ្យអន់ជាងវគ្គ១ឡើយ ពោលផលិតកម្មមានតែប្រឹងពង្រឹងគុណភាពរឿងឱ្យកាន់តែល្អសម្រាប់អ្នកទស្សនា។
ក្នុងរាត្រីដ៏ពិសេសនេះ តារាសម្តែងជើងចាស់ ទេព រិន្ទដារ៉ូ និងតារាស្រីល្បីឈ្មោះលំដាប់ប្រទេស ស៊ីន យូប៊ីន ក៏បានបង្ហាញអារម្មណ៍រំភើប ដែលស្នាដៃរឿងថ្មីនេះបានកំពុងត្រៀមចាក់បញ្ចាំងតាមរោងភាពយន្តទំនើបនានានៅចុងសប្តាហ៍នេះ។
យូប៊ីន ធានាថា រឿងនេះពិតជារសជាតិថ្មីប្លែកមិនធ្លាប់មាន ហើយអ្វីដែលសំខាន់នោះគឺ តួអង្គ ពូរ៉ូ មានក្បួនក្បាច់ញ៉ែច្រើនខ្លាំងណាស់ ដែលនឹងធ្វើឱ្យគ្រប់គ្នាសើចរឹងថ្គាមតែម្តង។ រីឯ ពូរ៉ូ តួអង្គតៃកុងឡាន ក៏បានសរសើរថ្វីដៃសម្តែងរបស់ យូប៊ីន ក្នុងរឿងនេះដូចគ្នា ដូច្នេះទស្សនិកជនមិនគួរខកខានរឿង «ប៉ាកូរចង់បានប្រពន្ធ» ដាច់ខាត។
ក្រៅពី កញ្ញា ស៊ីន យូប៊ីន និង លោក ទេព រិន្ទដារ៉ូ ក៏នៅមានតួអង្គសំខាន់ៗជាច្រើនទៀតដែលនឹងមកញ៉ាំងឱ្យសាច់រឿងនេះកាន់តែជក់ចិត្ដដិតអារម្មណ៍ រួមមាន៖ លោក លឹម ជាឡាយ កញ្ញា ហេង ចន្ថា កំលោះសង្ហា ប្រុស ខួច លោក អ៊ុំ សុវណ្ណគីរី និងតារាសម្តែងជាច្រើននាក់ផ្សេងទៀត។សូមជម្រាបថា រឿង «ប៉ាកូរចង់បានប្រពន្ធ» នឹងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទាំងអស់ ចាប់ពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣តទៅ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច