ថ្ងៃអង្គារ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៥
ម្សិលម៉ិញនេះ គឺជាលើកទី១ ហើយ ដែលរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលទើបតែចូលកាន់តំណែង បានអញ្ជើញជួបសំណេះសំណាលក្នុងវិស័យពុទ្ធិកសិក្សា។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ចាយ បូរិន បានចូលរួមជាទស្សនៈ ៣ចំណុចសំខាន់ៗ ។
ទី១.សូមមេត្តាជ្រាប និងដឹងថា ដែលហៅថាគ្រូបង្រៀន ក្រៅតែពីបង្រៀនឱ្យប្រកបដោយគុណភាព គុណធម៌ និងសីលធម៌ជាដើមទៅ ក៏នៅមានភារកិច្ចមួយទៀត គឺការសិក្សាស្រាវជ្រាវបន្ថែមជាប់ជានិច្ចពោលគឺអភិវឌ្ឍសមត្ថភាពជារៀងរហូត ទាំងចំណេះដឹង ទាំងបច្ចេកទេស នៃការផ្ទេរចំណេះដឹងគឺការបង្រៀន ។ ទី២. រាជរដ្ឋាភិបាលអាណត្តិទី៧ នេះ រាល់ឯកសារទាំងអស់ដែលប្រើជាក្រដាស ឬ ដែលហៅថា ឯកសាររឹង មានតិចតួចបំផុត ក្រៅពីនោះទៅ ពោលគឺភាគច្រើនបំផុតគឺជាឯកសារអេឡិចត្រូវនិក ពោលគឺកំពុងដើរលើវិថីមួយដែលហៅថា រាជរដ្ឋាភិបាលឌីជីថល ។
វិស័យពុទ្ធិកសិក្សា ក៏ជាផ្នែកមួយសង្គម ហេតុនេះ ក៏គប្បីប្រែក្លាយទៅជាពុទ្ធិកសិក្សាឌីជីថល ដែរ ។ ទី៣. យើងបានឃើញម្តងម្កាលដែរថា អ្នកបួសអង្គខ្លះ បានសិក្សារៀនសូត្រជ្រៅជ្រះកាលនៅជាសង្ឃ លុះពេលចាកសិក្ខាបទទៅមានបញ្ហាគឺប្រឈមនឹងការចូលប្រឡូកក្នុងជីវិត គឺ ដោយសារតែកម្មវិធីនៅក្នុងពុទ្ធិសិក្សាក្នុងផ្នែកបំណិនជីវិតមិនទាន់មានប្រសិទ្ធភាពគ្រប់គ្រាន់ ។ ហេតុនេះយើងគួរពិភាក្សាគ្នាឡើងវិញ ហើយលើកទៅនិយាយជាមួយក្រសួងអប់រំ ដើម្បី បន្ថែមជំនាញបំណិនជីវិតឱ្យកាន់តែប្រសើរថែមទៀត ។
នេះគឺជាការលើកឡើងរបស់ឯកឧត្តម ចាយ បូរិន្ទ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នាឱកាសអញ្ជើញជាអធិបតីពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្រៀនពុទ្ធិកបឋមសិក្សាសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ កាលពីល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ម្សិលម៉ុញនេះ នៅឯអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ហើយទាំង ៣ ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ពុំមែនជាការផ្តល់អនុសាសន៍ទេ គឺគ្រាន់តែជាការចូលរភាគទានជាយោបល់ប៉ុណ្ណោះ ។
គួរកត់សម្គាល់ថា នេះគឺជាលើកទី១ ហើយ ដែលឯកឧត្តម ចាយ បូរិន ក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងធម្មការ បានអញ្ជើញូលរួមក្នុងពិធីសំណេះសំណាលក្នុងវិស័យពុទ្ធិកសិក្សា ចាប់តាំងពីឯកឧត្តមចូលកាន់តែជារដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា កាលពីប៉ុន្មានថ្ងៃមុននេះមក ។ភិក្ខុ ព្រះពុទ្ធង្ស សុខ សុភាព ប្រធានផ្នែកពុទ្ធិកបឋមសិក្សា និងធម្មវិន័យ បានមានព្រះថេរដីកាថា វគ្គបណ្តុះបណ្តាលនេះ ផ្តោតទៅលើវិធីសាស្ត្របង្រៀន ៣ មុខវិជ្ជាសំខាន់ៗគឺ ពុទ្ធសាសនា ភាសាខ្មែរ និងគណិតវិទ្យា ជាពិសេសរបៀបរៀបចំកិច្ចតែងការបង្រៀន ។
នៅក្នុងដំណើរការ នៃការបង្រៀនមុខវិជ្ជានីមួយៗ មានសំណួរ ចម្លើយ និងការចែករំលែកបទពិសោធ ចំណេះដឹង ជាដើម និងមានការបកស្រាយប្រកបដោយវិជ្ជាជីវៈខ្ពស់ ។ ព្រះមហាសមណៈ សុខ សុភាព បន្ថែមថា ការចូលរួមរបស់សិក្ខាកាម បានបង្ហាញពីឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះកាតព្វកិច្ចរបស់ខ្លួន ។គួរជម្រាបជូនថា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ នេះ ពុទ្ធិកបឋមសិក្សានៅទូទាំងប្រទេសសរុប ៧៧៧ សាលា៕
អត្ថបទ៖ ខឿន សាឃាង រូបភាព៖ ឆិល សុភ័ស្ត