ថ្ងៃច័ន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥
កូនសិស្សជាង២០រូបរបស់អ្នកច្នៃម៉ូដល្បីឈ្មោះ អូលីវ៉ា គង់ បានដឹកនាំកូនសិស្សក្មេងៗប្រមាណ ២០នាក់ទៅដើរបង្ហាញម៉ូដនៅប្រទេស វៀតណាម។ការទន្ទឹងរង់ចាំបានមកដល់ហើយ អ្នកច្នៃម៉ូដល្បីឈ្មោះ និងជាគ្រូបង្រៀនដើរ Catwalk លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ បានដឹកនាំកូនសិស្សជាង២០រូបទៅដើរបង្ហាញម៉ូដកម្មវិធី Vietnam International Junior Fashion Week នៅសារមន្ទីរក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី៥-៦ ខែសីហា ខាងមុខនេះ។
តួយ៉ាង កាលពីរសៀលថ្ងៃទី ៣ ខែ សីហា ឆ្នាំ២០២៣ ម្សិលមិញ អូលីវ៉ា និងកូនសិស្សជាង២០នាក់ បានធ្វើដំណើរឆ្ពោះទៅប្រទេសវៀតណាមត្រៀមសម្រាប់ការដើរម៉ូដលើឆាកអន្តរជាតិនេះហើយ។
មិនខុសពីកូនសិស្សប៉ុន្មានឡើយ គ្រូបង្រៀនដើរ Catwalk ក៏ល្បី អូលីវ៉ា គង់ ឯណោះវិញ បានបង្ហាញមោទនភាពខ្លាំងដែលមានឱកាសបានដឹកនាំកូនសិស្សទៅដើរបង្ហាញម៉ូដលើឆាកអន្តរជាតិជាលើកដំបូងនេះ។
លោកជឿជាក់ថា កូនសិស្សដែលលោកជ្រើសរើសយកទៅដើរបង្ហាញម៉ូដនេះនឹងធ្វើបានល្អសម្រាប់ការដើរម៉ូដឆាកអន្តរជាតិលើកដំបូងនេះ ហើយឈុតសម្លៀកបំពាក់ដែលច្នៃយកទៅដើរបង្ហាញក៏ប្រណីតខ្លាំង ជា Concept ថ្មីប្លែក ដែលទទួលគំនិតបំផុតពីឈុតកូនក្រមុំ។
អ្នកច្នៃម៉ូដល្បីឈ្មោះនេះបង្ហើបឱ្យដឹងថា ឈុតសម្លៀកបំពាក់ដែលលោកច្នៃឱ្យ តារាចម្រៀង នីគីនីគី សម្រាប់ដើ់របង្ហាញក្នុង Vietnam International Junior Fashion Week ពិតជាប្លែកអស្ចារ្យខ្លាំងណាស់ បើនិយាយពីទម្ងន់គឺធ្ងន់ជាឈុត ទេពអប្សររំដួលបរមវិស្ណុលោក ច្នៃឡើងពីស្បែកគោ ដែលតារាចម្រៀងឯករាជ្យ នីគី បានដើរបង្ហាញក្នុងព្រឹត្តិការណ៍ការដើរបង្ហាញម៉ូដសំលៀកបំពាក់បែបសហសម័យតាមសម័យកាលរបស់ប្រទេសកម្ពុជា។
ប៉ុន្តែយ៉ាងណា តារាចម្រៀង នីគីនីគី រំភើបណាស់ដែលត្រូវបានជ្រើសរើសជាម៉ូដែលម្នាក់ឱ្យចូលរួមដើរបង្ហាញម៉ូដនៅវៀតណាមលើកនេះ។ នាងប្តេជ្ញាធ្វើឱ្យបានល្អអស់ពីសមត្ថភាព ដើម្បីបង្ហាញឱ្យអ្នកចូលរួមឃើញពីសមត្ថភាពដើរម៉ូដរបស់កូនខ្មែរ ក៏ដូចជាឈុតសម្លៀកបំពាក់ច្នៃឡើងដោយ designer ខ្មែរយើងផងដែរ។
សូមជម្រាបថា កម្មវិធី Vietnam International Junior Fashion Week នឹងប្រារព្ធឡើងនៅសារមន្ទីរក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី៥-៦ ខែសីហានេះ។ តាមគម្រោង អូលីវ៉ា និងកូនសិស្សជាង២០រូប នឹងធ្វើដំណើរមកកម្ពុជាវិញនៅថ្ងៃទី៧ ខែសីហា បន្ទាប់ពីដើរបង្ហាញម៉ូដចប់សព្វគ្រប់៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច