ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

អ្នកច្នៃម៉ូដល្បីឈ្មោះ អូលីវ៉ា គង់ បំផុតរូបគំនូរ និងជ្រើសយកស្បែកគោមកច្នៃជាឈុតស្រស់ស្អាតទាក់ភ្នែកអ្នកចូលរួម

២៩ ឧសភា ២០២៣ | កម្សាន្ដ

 

ពិតជាអស្ចារ្យមិនធ្លាប់មានពីមុនមក ដោយអ្នកច្នៃម៉ូដល្បីឈ្មោះ អូលីវ៉ា គង់ បានបំផុតរូបគំនូរគូសដោយដៃ និងបានជ្រើសយកស្បែកគោមកច្នៃជាឈុតស្រស់ស្អាតទាក់ភ្នែក ធ្វើឱ្យអ្នកចូលរួមចំហរមាត់ ស្រែកវ៉ាវគ្រប់ៗគ្នា។

 


សិល្បករ-សិល្បការនីចាស់ក្មេងល្បីៗជាច្រើនរូប បានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ ការដើរបង្ហាញម៉ូដសំលៀកបំពាក់បែបសហសម័យតាមសម័យកាលរបស់ប្រទេសកម្ពុជា ម៉ាក់ប្រ៊េន KALKIN SPRING/ SUMMER COLLECTION 2023 | THE ROYALTY របស់អ្នកច្នៃម៉ូដល្បីឈ្មោះ និងជាគ្រូបង្រៀនដើរ Catwalk លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ កាលពីល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារ SUN & MOON, Riverside Hotel។

 


អ្នកច្នៃម៉ូដល្បីឈ្មោះរូបនេះឱ្យដឹងថា សម្លៀកបំពាក់ដែលដើរបង្ហាញក្នុងកម្មវិធី KALKIN SPRING/ SUMMER COLLECTION 2023 សរុបជិត១០០ឈុត រាប់ទាំងឈុតដែលដើរបង្ហាញម៉ូដឱ្យផលិតផល HK7 របស់អ្នកស្រី អ៊ឹម សុគន្ធា។

 

 

លោកបានជ្រើសរើសប្រើក្រណាត់ខ្មែរប្រណីតៗមកច្នៃឈុតសម្លៀកបំពាក់បែបសហសម័យ ដែលមើលទៅមិនបុរាណមិនសម័យពេកនោះទេ។ ចំនុចពិសេសនៃ KALKIN SPRING/ SUMMER COLLECTION 2023 គឺការបំផុសរូបគំនូរសិល្បករ-សិល្បការនីខ្មែរជើងចាស់ល្បីៗដែលជានិមិត្តរូបក្នុងចិត្តលោក និងបានជ្រើសរើសយកស្បែកគោមកច្នៃជាឈុតសម្លៀកសម័យទំនើបយ៉ាងប្រណីត និងស្រស់ស្អាតបំផុតមិនធ្លាប់ឃើញពីមុនមកនោះឡើយ។

 

 

តួយ៉ាង ឈុតដែលដកស្រង់ពីល្ខោនស្រមោលស្បែកធំ ឈ្មោះថា ឈុតទេពអប្សររំដួលបរមវិស្ណុលោក ច្នៃឡើងពីរស្បែកគោ (ដកស្រង់ពីរល្ខោនស្រមោលស្បែកធំ ) ដើរបង្ហាញដោយតារាចម្រៀង នីគីនីគី ធ្វើឱ្យអ្នកចូលរួមចំហរមាត់ ស្រែកវ៉ាវ គ្រប់ៗគ្នា ដោយសារប្រណីតភាព ភាពស្រស់ស្អាត រំលេចដោយភ្លើងពណ៌ទឹកមានភ្លឺចែងចាំងពេលដើរបង្ហាញម៉ូដ។


អ្នកច្នៃម៉ូដល្បីឈ្មោះរូបនេះឱ្យដឹងទៀតថា ឈុតទាំងនេះចំណាយពេលធ្វើប្រមាណជាង២ខែ បូករួមទាំងការគូសរូបជាដើម។ បើនិយាយពីខ្ទង់ចំណាយលើ Fashion Show នេះ គឺច្រើនខ្លាំងមែនទែន តែលោកសុំមិនបញ្ជាក់ឱ្យដឹងតួលេខនោះឡើយ ប្រាប់បានតែថាលោកមានគម្រោងនាំយកឈុតទាំងនេះទៅដើរបង្ហាញនៅប្រទេសអ៊ីតាលី នាប៉ុន្មានខែខាងមុខនេះ។

 

សូមជម្រាបថា បន្ទាប់ពីការដើរបង្ហាញម៉ូដសំលៀកបំពាក់បែបសហសម័យតាមសម័យកាលរបស់ប្រទេសកម្ពុជា ម៉ាក់ប្រ៊េន KALKIN SPRING/ SUMMER COLLECTION 2023 | THE ROYALTY អ្នកច្នៃម៉ូដ អូលីវ៉ា គង់ ក៏នៅមានគម្រោង Fashion Show ដ៏ធំមួយទៀតនៅអំឡុងខែមិថុនាខាងមុខផងដែរ ដូច្នេះកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នាថានឹងមានប្លែកសម្រាប់ Fashion Show បន្ទាប់៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង​ ទូច

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024