ថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥
កម្មវិធីប្រកួតប្រជែងជ្រើសរើស បាហុនិកាឆ្នើមរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកដ៏មានសក្ដានុពល Cambodia Airways កំពុងជម្រុះបេក្ខភាព ដោយមានការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញក្នុងបេក្ខភាព ៣០នាក់ចុងក្រោយ មុននឹងជម្រុះបេក្ខភាព ១០រូបបន្តទៀត ដើម្បីទុកតែ ២០នាក់ចុងក្រោយដើម្បីក្លាយជាអ្នកអាជីពបម្រើការលើយន្តហោះ ។
បេក្ខភាពឆ្នើមៗទាំង ៣០ រូបត្រូវបានធ្វើតេស្តលើសមត្ថភាពគ្រប់គ្រងអ្នកដំណើរ ក្នុងកាលៈទេសៈក្លែងធ្វើផ្សេងៗដែលកើតឡើងនៅលើជើងហោះហើរ ដែលធ្វើឡើងនៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ពួកគេបានប្រឈមមុខនឹងស្ថានភាពដូចជាការដោះស្រាយជាមួយអ្នកដំណើរពិបាកនិយាយគ្នា ដោះស្រាយជម្លោះ និងការផ្តល់សេវាអតិថិជនពិសេស។
បន្ថែមពីនេះគណៈកម្មការជំនាញៗបានចូលរួមក្នុងការផ្ទល់ពិន្ទុបានវាយតម្លៃជំនាញទំនាក់ទំនង សមត្ថភាពដោះស្រាយបញ្ហា និងសមត្ថភាពក្នុងការរក្សាភាពស្ងប់ស្ងាត់ និងមានជំនាញវិជ្ជាជីវៈក្នុងស្ថានភាពប្រឈមលើបេក្ខភាពទាំង ៣០រូបខាងលើ មុននឹងសម្រេចិត្តជម្រុះបេក្ខភាព ១០រូបចេញថែមទៀត។
នេះជាលើកដំបូងហើយដែល Cambodia Airways បានរៀបចំឱ្យមានការប្រកួតជ្រើសរើសបាហុនិកាឆ្នើមខេមបូឌាអ៊ែរវ៉េ ឬ "SEEKING CAMBODIA AIRWAYS' IDEAL FLIGHT ATTENDANTS" ក្នុងគោលបំណងដើម្បីស្វែងរកបេក្ខជនដែលមានសក្កានុពល និងសមត្ថភាពពិតប្រាកដមកបម្រើការជាបាហុនិកា ខណៈ Cambodia Airways កំពុងបើកជើងហោះហើរកាន់តែច្រើនឡើង។
បេក្ខជន និងបេក្ខនារីជាប់ជម្រើស ២០ នាក់ចុងក្រោយនៃកម្មវិធីនេះនឹងក្លាយទៅជាអ្នកអាជីពបម្រើការលើយន្តហោះ [បាហុនិកា] របស់ ខេមបូឌាអ៊ែរវ៉េ ដោយស្វ័យប្រវត្តិ។ ដោយឡែក សម្រាប់អ្នកដែលជាប់លេខ1 លេខ2 និង លេខ3 នឹងក្លាយជាទូតសុច្ឆន្ទៈតំណាងអោយក្រុមហ៊ុន (Brand Ambassadors) និងក្លាយជាបាហុនិការបស់ ខេមបូឌាអ៊ែរវ៉េ ។
ក្រៅពីអត្ថប្រយោជន៍ទាំងនេះ អ្នកទទួលជយលាភីទាំង 3 រូបក៏ទទួលរង្វាន់សំបុត្រយន្តហោះទៅមកដោយឥតគិតថ្លៃចំនួន 5 សន្លឹកពី ខេមបូឌាអ៊ែរវ៉េ រយៈពេល 1 ឆ្នាំ ។ ទទួលបានការបញ្ចុះតម្លៃ 20% លើសំបុត្រយន្តហោះរយៈពេលមួយឆ្នាំពីក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌាអ៊ែរវ៉េ សម្រាប់ការទិញផ្ទាល់ខ្លួន ។
កាន់តែពិសេសទៀតនេះបេក្ខភាពជយលាភីនឹងទទួលបានការបញ្ចុះតម្លៃ 10% លើសំបុត្រយន្តហោះរយៈពេលមួយឆ្នាំពីក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌាអ៊ែរវ៉េ សម្រាប់សមាជិកគ្រួសារ។ ទទួលបានកម្រៃជើងសារការងារខាងក្រៅជាទូតសុច្ឆន្ទៈតំណាងផលិតផល (Brand Ambassadors) ក្រោមកិច្ចសន្យារបស់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌាអ៊ែរវ៉េ និងរង្វាន់ជាសាច់ប្រាក់ផ្សេងថែមទៀតដោយលក្ខខណ្ឌនានានឹងត្រូវបានអនុវត្ត។
សូមជម្រាបថា ការប្រកួតជ្រើសរើសបាហុនិកាឆ្នើមខេមបូឌាអ៊ែរវ៉េ ឬ "SEEKING CAMBODIA AIRWAYS' IDEAL FLIGHT ATTENDANTS" សប្ដាហ៍ទី៣ នឹងមានការចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ PNN នៅថ្ងៃសៅរ៍ទី២២ ខែ កក្កដា ឆ្នាំ២០២៣ នេះ វេលាម៉ោង ៩ ដល់ម៉ោង ១០យប់ សូមកុំភ្លេចរង់ចាំទស្សនា៕
អត្ថបទ៖ PNN រូបភាព៖ Fun Entertainment